​កំពង់ធំៈ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច លោក​ហួត ហាក់ បាន​ចាត់តាំង​ឱ្យ​គណៈប្រតិភូ​របស់​ក្រសួង​ចុះ​អង្កេត​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ​លើ​ករណី​វិវាទ​ស្ថានីយ​បូមទឹក និង​ប្រឡាយ​ព្រះ​គន្លង និង​ព្រះ​ស្នែង​ស្ថិតនៅក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ដើម្បី​រក​យុត្តិធម៌​ជូន​គូភាគី​នៃ​ជម្លោះ​។​


​តាមរយៈ​សេចក្តីប្រកាស​ព័​ត៌​មាន ចុះ​ថ្ងៃទី ​៩ ខែមករា​ឆ្នាំ ២០២៤​ លោក​ ហួត ហាក់ បាន​លើកឡើងថា ក្រោយពី​បាន​ពិនិត្យ ពិភាក្សា និង​ទទួលបាន​ព័ត៌មាន​បឋម ពី​ភាគី​ទាំងសងខាង លើ​ករណី​បណ្ដឹង​ទាក់ទង​នឹង​វិវាទ​ស្ថានីយ​បូមទឹក និង​ប្រឡាយ​ព្រះ​គន្លង និង​ព្រះ​ស្នែង លោក​បាន​ចាត់តាំង​គណៈប្រតិភូ​ដើម្បី​ចុះ​អង្កេត​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្ដែង​។​

​ករណី​វិវាទ​នេះ​មាន​ការពាក់​​ព័ន្ធ​នឹង​ការទិញ​ផ្តាច់​ស្ថានីយ​បូមទឹក​ឯកជន​ចំនួន​ ១៩ ស្ថានីយ​នៅ​ទូទាំង​ខេត្តកំពង់ធំ និង​ករណី​ទំនាស់​នៅ​ទីតាំង​ប្រឡាយ​ទាំង ​២ ​គឺ​ព្រះ​គន្លង និង​ព្រះ​ស្នែង​។​


​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជា​ក់ថា៖ «​ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ​ក្នុង​គោលបំណង​ស្វែងរក​ភាពយុត្តិធម៌​ជូន​គូភាគី​និង​ដើម្បី​ផ្ដល់ឱកាស​ជូន​ប្រជាកសិករ​បានទទួល​ទឹក​ធ្វើស្រែ​ប្រដេញទឹក​ទាន់ពេលវេលា ព្រមទាំង​អាច​ប្រមូល​ព័ត៌មាន​លម្អិត​ដើម្បី​ជា​មូលដ្ឋាន​រៀបចំ​របាយការណ៍​គោរព​ជូន​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​​ណែ​ត​ជ្រាប​ជា​របាយការណ៍​»​។​

​សូម​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ​ ២០២៤ លោក ហួត ហាក់ បាន​ដឹកនាំ​កិច្ចប្រជុំ បន្ទាន់​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ពាក្យស្នើសុំ​អន្តរាគមន៍​របស់ លោក ហង់ សុគន្ធ តំណាងឱ្យ​លោក សុខ មុន្នី​និង​អ្នកស្រី ប៉េង ចន្ទី ដែល​បានដាក់​ពាក្យស្នើសុំ​ធ្វើ​អធិការកិច្ច​កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ ២០២៣ ចំពោះ​ភាពមិនប្រក្រតី​របស់រ​ដ្ឋ​បាល​ខេត្តកំពង់ធំ លើ​ករណី​ការទិញ​ផ្តាច់​ស្ថានីយ​បូមទឹក​ឯកជន ចំនួន ​១៩​ ស្ថានីយ​នៅ​ទូទាំង​ខេត្តកំពង់ធំ​។​


​លោក ​ហង់ សុគន្ធ បានឱ្យដឹងថា រដ្ឋបាលខេត្ត​កំពង់ធំ​បានចេញ​ដីកា​ចុះ​ថ្ងៃទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០០៥​ សម្រេច​ប្រគល់​សិទ្ធិ​ជូន លោក លី គឹម​យុន និង​អ្នកស្រី ប៉េង ចន្ទី ខ្ចី​ដី​ទំហំ​ ៦០០ ហិកតា ជីក​ប្រឡាយ​និង​លើក​ទំនប់​ប្រព័ន្ធ​ប្រឡាយ​ដើម្បី​បង្កបង្កើនផល​ស្រូវប្រាំង និង​ដំណាំ​ផ្សេងៗ ពី​មាត់​ស្ទឹងសែន​នៅ​តំបន់​វាល​​ក្រោម​ចំណុច (​បឹង​ប្រ​ហ៊ូ​ត​-​បឹង​-​ព្រះ​ស្នែង​-​បឹង​ធ្នឹម​-​បឹង​ទន្សោង​) ស្ថិតក្នុង​ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​រដ្ឋបាលខេត្ត​ក៏បាន​ចេញ​ដីកា​ចុះ​ថ្ងៃទី​ ៧ ខែកញ្ញា ឆ្នាំ​ ២០០៥ សម្រេច​ប្រគល់​សិទ្ធិ​ជូន​លោក សុខ មុន្នី ដើម្បី​ជីក​ប្រឡាយ​លើក​ទំនប់​ប្រព័ន្ធ​ប្រឡាយទឹក ដើម្បី​បង្កបង្កើនផល ធ្វើស្រែ​ប្រដេញទឹក និង​ស្រែប្រាំង​លើ​ផ្ទៃដី​ចំនួន ១៦០០ ហិកតា ស្ថិតនៅ​តំបន់​វាល​បឹង​មូល និង​វាល​ផ្អែក​ដំបង របស់​ឃុំ​កំពង់​គោ និង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ​។

​ប្រឡាយ​មេនោះ មាន​ប្រវែង​ប្រហែល ២៦ គីឡូម៉ែត្រ ដែលមាន​ទទឹង​មាត់​លើ​ ៩ ​ម៉ែត្រ ទទឹង​បាត​ក្រោម ៦​ម៉ែត្រ ជម្រៅ ​៣ ​ម៉ែត្រ និង​ប្រឡាយ​រង មាន​បណ្ដោយ​សរុប​ប្រហែល ២១ ​គីឡូម៉ែត្រ ដោយបាន​ចំណាយ​ទឹកប្រាក់​រៀបចំ​កសាង​ប្រឡាយ​សរុប​ប្រហែល​ជាង ១ ​លាន​ដុល្លារ​អា​មេ​រិ​ក​។ 

​សេចក្តីប្រកាស​ព័ត៌មាន​បានលើកឡើង​ដែរ​ថា នៅ​ដើមឆ្នាំ​ ២០២៣ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​គោលនយោបាយ​ចាត់ចែង​ទិញ​ផ្តាច់​ស្ថានីយ​បូមទឹក​ឯកជន​ចំនួន ១៩​ ស្ថានីយ នៅ​ទូទាំង​ខេត្តកំពង់ធំ តាម​លិខិត​ចុះ​ថ្ងៃទី​ ១៧ ​ខែមករា​ឆ្នាំ​ ២០២៣ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​នៅ​ក្នុងនោះ​ក៏មាន​ប្រឡាយ​ព្រះ​គន្លង​និង​ព្រះ​ស្នែង​ផងដែរ​។​

​បន្ទាប់មក រដ្ឋបាលខេត្ត​កំពង់ធំ និង​មន្ទីរ​ពាក់ព័ន្ធ​បានធ្វើការ​ប្រជុំ​សម្រេច​ចុះកិច្ចសន្យា​លក់​-​ទិញ​ជាមួយ​ម្ចាស់​ស្ថានីយ​និង​ប្រឡាយ​ទូទាំង​ខេត្តកំពង់ធំ ហើយ​រង់ចាំ​ក្រសួង​សេដ្ឋកិច្ច​ផ្ដល់​ថវិកា​ទិញ ហើយ​រដ្ឋបាលខេត្ត​កោះអញ្ជើញ​ម្ចាស់​ស្ថានីយ និង​ប្រឡាយ​ទាំងអស់​ដើម្បី​ប្រជុំពិភាក្សា​លម្អិត​។ ក៏ប៉ុន្តែ​រដ្ឋបាល​ខេត្តកំពង់ធំ ពុំបាន​កោះហៅ​ភាគី លោក ហង់ សុគន្ធ ជា​ម្ចាស់​ស្ថានីយ​ប្រឡាយ​ព្រះ​គន្លង និង​ព្រះ​ស្នែង​ចូលរួម​ក្នុង​ការទិញ​-​លក់​នោះទេ​។​

​លោក ហង់ សុគន្ធ បាន​លើកឡើងថា ក្នុងអំឡុង​ខែមិថុនា ឆ្នាំ ​២០២៣ ដោយ​ទន្ទឹងរង់ចាំ​មិនឃើញ​កោះហៅ​ចូលរួម​ប្រជុំ ពួកគាត់​បានធ្វើ​ការសាកសួ​រ​ព័ត៌មាន ពី​ម្ចាស់​ស្ថានីយ​ផ្សេងៗ​និង​ក្រសួង​ពាក់ព័ន្ធ​ទើប​ដឹងថា រដ្ឋបាលខេត្ត​ធ្វើសំណើ​ទិញ ដោយ​មិន​បញ្ចូល​ប្រឡាយ ២ ​ខ្សែ របស់​ពួកគាត់​នោះទេ​។

ជាមួយគ្នា​នោះដែរ លោក ហង់ សុគន្ធ បានធ្វើការ​​ស្នើ​ទៅ​រដ្ឋបាលខេត្ត​ក្នុង​ការចូល​គ្រប់គ្រង​កាន់កាប់​ស្ថានីយ​បូមទឹក និង​ប្រឡាយ​របស់ខ្លួន​វិញ ប៉ុន្តែ​រដ្ឋបាលខេត្ត​បាន​បដិសេធ​។ លោក ហង់ សុគន្ធ អះអាងថា​៖ «​ការទិញ​ស្ថានីយ និង​ប្រឡាយ​របស់​រដ្ឋបាលខេត្ត ដោយ​មិនបាន​បញ្ចូល​ស្ថានីយ និង​ប្រឡាយ​ព្រះ​គន្លង និង​ព្រះ​ស្នែង គឺមាន​ភាពមិនប្រក្រតី​»​។​

​លោក​បាន​ស្នើសុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ចាត់​ក្រុមការងារ​ចុះ​អង្កេត​ស្រាវជ្រាវ​ជាក់ស្តែង​ដល់​មូលដ្ឋាន​ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ពួកគាត់​
​បាន​គ្រប់គ្រង​អាស្រ័យ​ផល​លើ​ស្ថានីយ និង​ប្រឡាយ​ព្រះ​គន្លង និង​ព្រះ​ស្នែង​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួង​អធិការកិច្ច​ទទួលបាន​ព័ត៌មានបឋម​ពី​រដ្ឋបាលខេត្ត​កំពង់ធំ​ថា ប្រឡាយ​ព្រះ​ស្នែង និង​ព្រះ​គន្លង​ជាទី​តាំង​កំពុងមាន​ទំនាស់​ជា​មួយ​ប្រជាកសិករ និង​ស្ថិតក្នុង ដំណាក់កាល​អនុវត្ត​បទ​បញ្ជា​របស់លោក ហ៊ុន សែន អតីត​នាយក​​រដ្ឋមន្ត្រី​ដែល​បានដាក់​ចេញ​កាលពី​ថ្ងៃទី​ ២៨​ ខែវិច្ឆិកា​ឆ្នាំ​ ២០២១​។

​សូម​រំឭក​ដែរ​ថា កន្លងមក ជា​ដំណោះស្រាយ​របស់​ក្រសួង​ពាក់ព័ន្ធ មានដូចជា ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​រដ្ឋបាល​ខេត្តកំពង់ធំ ធ្លាប់​បានឱ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ជា​អ្នក​ដាក់​ម៉ាស៊ីនបូមទឹក រីឯ​ប្រជាកសិករ​ជា​អ្នក​ចេញ​ប្រេង​៕