​ភ្នំពេញៈ គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ សម្រាប់​ការ​​បណ្ដុះបណ្តាល​ក្នុង​វិស័យ​សុខា​ភិ​បាល នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​បេក្ខជន​ដែល​បាន​ក្លែងបន្លំ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុងការ​ដាក់ពាក្យ​ចូលរួម​ប្រឡង​ជ្រើសរើស​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​សម្រាប់​កម្រិត​ប​រិ​ញ្ញាប​ត្រ និង​កម្រិត​បរិញ្ញាបត្រ​រង​។​


​ការសម្រេច​ចាត់វិធានការ​បែបនេះ​ដោយសារ​កន្លងមក​គណៈ​ក​ម្មា​ធិ​ការប្រឡង​ថ្នាក់ជាតិ ធ្លាប់បាន​រកឃើញ​មាន​និស្សិត​ក្លែង​​បន្លំ​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិ​យ​ភូមិ ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​និស្សិត​ប្រឡង​ជ្រើស​រើស​ជាប់​ចូលរៀន​នៅតាម​គ្រឹះ​ស្ថាន​បណ្តុះបណ្តាល​វិស័យ​សុខា​ភិ​បាល​នានា​ជា​បន្តបន្ទាប់​។​

​នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​​ប្រឡង​ថ្នាក់ជាតិ សម្រាប់​ការ​​បណ្តុះបណ្តាល​ក្នុង​វិស័យ​សុខា​​ភិ​បាល​ចុះ​ថ្ងៃទី​ ​១១ ខែមករា ឆ្នាំ ​២០២៤​។


ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ដូច្នេះ​គោលបំណង​នៃ​ការ​បញ្ចប់​ការ​ក្លែងបន្លំ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ គឺ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សា​ធា​​រណៈ លើកកម្ពស់​កិត្យានុភាព​គ្រូពេទ្យ ក៏ដូចជា​លើកកម្ពស់​តម្លៃ​នៃ​សីលធម៌​សេចក្ដីថ្លៃថ្នូរ​ក្នុងសង្គម ចាប់ពី​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ ​តទៅ​»​។​

​គណៈកម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ នឹង​ពង្រឹង​ការអនុវត្ត​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​បទ​បញ្ជា​នានា ដោយ​ចាត់វិធានការ​យ៉ាង​ម៉ឹងម៉ាត់ តាម​បញ្ញត្តិ​មាត្រា ​៦២៩​ នៃ​ក្រមព្រហ្មទណ្ឌ ស្តី​ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ដែល​ចែងថា ការ​ក្លែងបន្លំ ប្រព្រឹត្ត​នៅក្នុង​លិខិតយថាភូត ឬ​ការ​​ក្លែងបន្លំ​ប្រព្រឹត្ត​នៅក្នុង​ឯកសារ​ដែល​ចេញ​ឱ្យ​ដោយ​រាជការ​សា​ធា​រណៈ​ដើម្បី​ធ្វើការ​កត់សម្គាល់​សិទ្ធិ​អត្តសញ្ញាណ ឬ​ឋានៈ ឬ​ដើម្បី​យល់ព្រម​ផ្តល់​ការ​អនុ​ញ្ញាត ត្រូវ​ផ្ដន្ទាទោស ដាក់​ពន្ធ​នាគារ​ពី ៥​ ឆ្នាំ ទៅ ​១០​ ឆ្នាំ​។


បញ្ញត្តិ​នេះ​មិន​លើកលែង មិន​យោគយល់ មិន​អត់អោន មិន​អនុគ្រោះ​ឡើយ ចំពោះ​បុគ្គល​ជា​បេក្ខជន​ដែល​បាន​ប៉ុនប៉ង​ឬ​ក្លែងបន្លំ​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិ​យ​ភូមិ ឬ​ឯកសារ​សាធារណៈ​ពាក់ព័ន្ធ​ដទៃទៀត​តាម​រូបភាព​ណាក៏ដោយ​ក្នុងការ​ដាក់ពាក្យ​ចូលរួម​ប្រឡង​ថ្នាក់ជាតិ​។​

​បើតាម​គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ ចំពោះ​ការ​ក្លែងបន្លំ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​​ភូមិ​នេះដែរ ទោះបី​បានទទួល​បញ្ញា​ប​ត្រ​ចេញទៅ​ប្រកប​វិជ្ជាជីវៈ​ពេទ្យ​ហើយក៏​ដោយ ប្រសិនបើ​រកឃើញថា មានការ​ប្រើ​ឯកសារ​ក្លែងបន្លំ​នឹងត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដកហូត​សញ្ញាបត្រ​នៅពេលណា​ក៏បាន ដោយ​មិន​គិតពី​រយៈពេល​សោះឡើយ​។

​អំពើ​នៃ​ការប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងបន្លំ​នឹងត្រូវ​គិត​អាជ្ញា​យុ​កាល​ចាប់​ពីថ្ងៃ​ដែល​ត្រូវបាន​រកឃើញ​ឯកសារ​ជា​កម្មវត្ថុ​នៃ​អំពើ​ល្មើស​នោះ​តទៅ ​(​មិន​គិតពី​ថ្ងៃ​ដែល​បាន​ប្រព្រឹត្ត​នោះទេ​)​។​

ប្រភព​ខាងលើ​បន្ថែមទៀតថា​៖ «​ដូច្នេះ​សូម​សិស្សានុសិស្ស​ដែលមាន​ឯកសារ​ក្លែងក្លាយ និង​មានបំណង​ដាក់ពាក្យ​ចូលរួម​ការប្រឡង​ថ្នាក់ជាតិ សូម​កុំមក​ដាក់ពាក្យ​ប្រឡង​ចូលរៀន​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិស័យ​សុខាភិបាល​នានា ដែល​នឹង​នាំឱ្យមាន​ផលវិបាក​កើតឡើង​ដល់​ខ្លួនឯង ហើយ​នាំឱ្យ​ខាត​បង់​ពេលវេលា ថវិកា​ខ្លួនឯង និង​ក្រុមគ្រួសារ​ទាំងមូល ព្រមទាំង​ប៉ះពាល់​ដល់​កិត្តិយស​សេចក្ដី​ថ្លៃ​​ថ្នូរ​ផ្ទាល់​ខ្លួនឯង​ទៀតផង​»​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​ ២០២២ គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ​បាន​លុបឈ្មោះ​បេក្ខជន​ចំនួន ៤៣ ​នាក់ ចេញពី​បញ្ជី​ឈ្មោះ​និស្សិត​ប្រឡង​ថ្នាក់ជាតិ​ចូលរៀន​នៅតាម​គ្រឹះស្ថាន​បណ្តុះ​​បណ្តាល​វិស័យ​សុខាភិបាល ដោយ​មូលហេតុ​ក្លែងបន្លំ​ឯកសារ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​​ភូមិ ​(​បាក់​ឌុប​)​។​

​ក្នុង​ឆ្នាំ​ ២០២៤​ នេះ គណៈ​ក​ម្មា​ធិ​ការប្រឡង​ថ្នាក់ជាតិ​បានប្រកាស​ជ្រើសរើស​សិស្ស​ប្រឡង​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន សម្រាប់​កម្រិត​បរិញ្ញាបត្រ និង​ថ្នាក់​ឆ្នាំ​ទី​១ សម្រាប់​កម្រិត​​បរិញ្ញាបត្ររង នៅតាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិស័យ​សុខា​ភិ​បាល​ចំនួន​ ១១ ១០៥ ​នាក់​ដែលមាន​ការកើនឡើង​ចំនួន ២៦០ ​នាក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ​២០២៣ ដែល​ចំនួន​ជ្រើសរើស​មានតែ ១០ ៨៤៥ ​នាក់​៕