​ភ្នំពេញៈ កម្ពុជា​-​ឥណ្ឌូនេស៊ី បាន​ត្រៀមខ្លួន​រួចជាស្រេច​នៅក្នុង​ការបន្ត​ជំរុញ​ការពង្រឹង និង​ពង្រីក​កិច្ច​សហ​​ប្រតិបត្តិការ​ដោយ​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ក្នុង​ឆ្នាំ​ ២០២៤ លើ​វិស័យសេដ្ឋកិច្ច អប់រំ ការពារជាតិ និង​វិស័យ​មួយចំនួនទៀត​។ នេះ​ជាការ​បញ្ជាក់​ក្នុងជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោក សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២៤ នៅ​វិមាន​សន្តិភាព​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​ជំនួប​នេះ បានឱ្យដឹងថា លោក សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ បាន​ចូល​​រួម​អបអរសាទរ​ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​រយៈ​​ពេល​ជាង​ ១០០ ​ថ្ងៃ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត​។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា​៖ «​ឆ្នាំ​ ២០២៤ គឺជា​ខួប​លើក​ទី​ ៦៥​ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២​។ ក្នុងឱកាស​នេះ ឯកឧត្តម​ឯក​​អគ្គរដ្ឋទូត នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បីឱ្យ ឆ្នាំ​ ២០២៤ នេះ​ក្លាយជា​ឆ្នាំ​នៃ​ការ​ជំរុញ​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​»​។​


​លោក សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ ក៏បាន​បញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះដែរ​ពី​ចំណង​ការទូត​ដ៏​រឹងមាំ និង​យូរ​​អង្វែង​រវាង​ប្រទេស​ទាំង​ ២ ហើយ​តាមរយៈ​ចំណង​ការទូត​ដ៏​យូរលង់ និង​រឹង​​មាំ​នេះ លោក​នឹង​ខិតខំ​នៅក្នុង​ការ​​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២ ឱ្យទៅជា​កិច្ច​សហ​​ប្រតិបត្តិការ ដែលមាន​សកម្ម​ភាពជា​ក់​ស្ដែង និង​រឹងមាំ​បន្ថែមទៀត​។ 

​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ២ ​ទៅលើ​វិស័យ​មួយចំនួន​ដូចជា ភាពជា​ដៃគូ​ទៅលើ​វិស័យសេដ្ឋកិច្ច ការ​​ត​ភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ការ​លើកកម្ពស់​នូវ​ការផ្តល់​សេវាសាធារណៈ ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ និង​ការពង្រឹង​ការចូលរួមចំណែក​រប​ស់​ឥណ្ឌូនេស៊ី និង​កម្ពុជា ក្នុងការ​រក្សា​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ នៅក្នុង​តំបន់​ផងដែរ​។​


​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោក​សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ និង​សហការី និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ឯក​អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ក្នុងការ​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២​ ផងដែរ ហើយ​រាជ​​រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​នៅក្នុង​ការបន្ត​ជំរុញ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ ២​។​

​នៅក្នុង​ជំនួប​នេះដែរ ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សាគ្នា​ក្នុងការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ទៅលើ​វិស័យ សេដ្ឋកិច្ច ដូច​ជាការ​បង្កើន​បរិមាណ និង​បន្ត​នាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​តាមរយៈ​ការដាក់ចេញ​នូវ​សកម្មភាព​នៅក្នុង​ការពង្រឹង​សមត្ថភាព និង​ការបណ្តុះបណ្ដាល​មន្ត្រី ដែលជា​កងទ័ព និង​វិស័យ​មួយចំនួនទៀត រួម​នឹង​ការភ្ជាប់​ទំនាក់ទំនង រវាង​យុវជន និង​យុវជន តាមរយៈ​ការ​ផ្តោតទៅលើ​វិស័យ​អប់រំ ការផ្លាស់ប្តូរ​និស្សិត ដែល​សិក្សា​នៅក្នុង​ប្រទេស​ទាំង​ ២​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែង​នៅ​ថ្ងៃទី ​១១ ខែមករា​នេះ​ថា ទំនាក់ទំនង​កម្ពុជា​-​ឥណ្ឌូនេស៊ី គឺ​ផ្សារភ្ជាប់​គ្នា​តាំងពី​សម័យកាល​ព្រះ​បរម​រតន​កោដ្ឋ​នៅក្នុង ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ប្រទេស​ឥណ្ឌូនេស៊ី​ក៏​ជា​ប្រទេស​ ១ ​ដែល​បាន​ខ្នះខ្នែង ជ្រោមជ្រែង​កម្ពុជា​ឱ្យមាន​ជំនួប​ក្រៅផ្លូវការ​ជា​បន្តបន្ទាប់​រវាង​សម​មិត្ត ហ៊ុន សែន កាលនោះ និង​សម្តេចព្រះ​នរោត្តម សីហនុ​។​

​លោក​បញ្ជាក់ថា​៖«​នៅក្នុង​ដំណើរ​​ការ​បច្ចុប្បន្ននេះ​ក៏​ដូចគ្នា​ដែរ ឥណ្ឌូនេស៊ី និង​កម្ពុជា តែងតែមាន​ទំនាក់ទំនង​គ្នា​ល្អ គាំពារ​គ្នា​ទៅវិញទៅមក​នៅក្នុង​កិច្ចការ​តំបន់ និង​កិច្ចការ​ទ្វេភាគី ដែល​ជាក់ស្តែង​ខ្ញុំ​នៅចាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ឆ្នាំ​ ២០១២ ដែល​ពេលនោះ​កម្ពុជា​ជាប់គាំង​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​បាន ឥណ្ឌូនេស៊ី ក៏បាន​សម្របសម្រួល​ចេញ​សេចក្តី​ថ្លែង​​ការណ៍​បាន​ទៅ​។ នេះ​ជា​អ្វីដែល​យើង​មើលឃើញ​ពី​ទំនាក់ទំនង​នាពេល​កន្លងមក​»​។​

​លោក យង់ ពៅ ថ្លែងថា ជាទូទៅ​កម្ពុជា និង​ឥណ្ឌូនេស៊ី មិន​ដែលមាន​ប្រវត្តិ​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយគ្នា​ទេ គឺ​តែងតែមាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ហើយ​តែងតែ​ជ្រោមជ្រែង​គ្នា​​ជាប្រចាំ​ទាំង​កម្ពុជា​ស្ថិតក្នុង​ក្នុង​ភាព​លំបាក​ក៏ដោយ​។​

​ក្នុងជំនួប​ដោយឡែក​នៅ​ថ្ងៃទី​ ១០ ខែមករា លោក ហ៊ុន ម៉ា​ណែ​ត ក៏​ទទួល​ជួប​ជាមួយនឹង​លោកស្រី ធា​វ​ ឡ ឈិង (TEO Lay Cheng) ឯក​អគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​ផងដែរ ហើយ​លោក ហ៊ុន ម៉ា​ណែ​ត បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ លោកស្រី​ក្នុងការ​រក្សា និង​ជំរុញ​ការធ្វើឱ្យ​កាន់​ប្រសើរឡើង​នូវ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​កា​រលើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​ ២​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ជំនួប​នេះ ឱ្យដឹងថា សិង្ហ​បុរី​បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ចូលរួម​ជួយ​ដល់​កម្ពុជា​ក្នុងការ​បណ្តុះបណ្តាល​មូលធន​មនុស្ស ហើយ​មកដល់ពេលនេះ​បានផ្ដល់​ការបណ្តុះបណ្តាល ដល់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​បាន​ជាង ១១ ០០០​ នាក់ ដើម្បី​ចូលរួម​ចំ​ណែ​ក្នុងការ​សម្រេចបាន​ចក្ខុវិស័យ​ឆ្នាំ​ ២០៥០»៕