ភ្នំពេញៈ ក្រសួងរ៉ែ​ និងថាមពល ប្រកាសបើក​យុទ្ធនាការ​ទ្រង់ទ្រាយធំ​ ដើម្បីបង្ក្រាប​ឱ្យអស់នូវ​អាជីវកម្ម​រ៉ែមាស​អនាធិបតេយ្យ​ ស្ថិតនៅភូមិ​សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយសហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ និងមានកិច្ច​សម្របសម្រួល​ដោយស្ថាប័ន​អយ្យការ​ខេត្ត​ត្បូងឃ្មុំ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងរ៉ែ និងថាមពល​កាលពីថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២៤។ 


ក្រសួងបញ្ជាក់​ថា៖«ក្រសួងរ៉ែ​និងថាមពល​ប្ដេជ្ញា​បញ្ចប់នូវ​សកម្មភាព​រ៉ែ​អនាធិបតេយ្យ និងជំរុញ​ឱ្យមានការ​ធ្វើ​អាជីវកម្ម​រ៉ែ ដោយស្របច្បាប់​ដែលនាំមកនូវ​ផលប្រយោជន៍​ជាតិ​ជាច្រើន​មានជាអាទិ៍ ការបង្កើត​ឱ្យមានឱកាស​ការងារ​នៅនឹងកន្លែង​និងប្រយោល ការចូលរួម​ចំណែក​ដល់ការបង្កើត​ប្រភព​ចំណូល​ថវិកា​ជាតិ​បន្ថែម និងការបំបាត់​នូវផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់បរិស្ថាន​និងសង្គម»។ 

ប្រភពដដែល​បានឱ្យដឹង​ថា ការបើកយុទ្ធនាការ​បង្ក្រាប​ទ្រង់ទ្រាយធំ​នេះ ព្រោះ​សង្កេតឃើញ​ថា តំបន់នៅ​ភូមិសំពៅលូន ឃុំ​ជាំតាម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នោះ ជាតំបន់​រ៉ែមាស លក្ខណៈ​គ្រួសារតាំង​ពីឆ្នាំ១៩៩០ ដែលប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រកបអាជីវកម្ម​ជីក​យក​មាស ដោយ​ដៃ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ​មានការប្រែប្រួល​ពីលក្ខណៈ​គ្រួសារ វិវឌ្ឍទៅ​លក្ខណៈ​ទ្រង់ទ្រាយធំ ខុស​ច្បាប់។ 


អ្នកធ្វើ​អាជីវកម្ម​រ៉ែ​នៅទីនោះ​បានប្រែក្លាយ​ពីការធ្វើ​ដោយដៃ ទៅជាការប្រើប្រាស់​គ្រឿង​ចក្រ រំសេវ​ជាតិ​ផ្ទុះ និងសារធាតុ​គីមី មាន​ជីក​រូង​ជាអណ្តូង​រ៉ែ ទៀតផង។ នេះជាបញ្ហា​ប្រឈម​ធ្ងន់ធ្ងរ ប៉ះពាល់ដល់​សុវត្ថិភាព សុខភាព និងបរិស្ថាន ទោះបីជា​ក្រសួង និងអាជ្ញាធរមូលដ្ឋាន ចុះអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ច្រើនដង និងចាត់វិធានការ​ចំពោះ​សកម្មភាព​ជីកយករ៉ែ​នៅតំបន់​នោះ​ជាបន្តបន្ទាប់​ក៏ដោយ សកម្មភាព​ល្មើសនៅតែ​កើតមាន។ 

ជាក់ស្តែង​នៅអំឡុង​ខែកញ្ញា ឆ្នាំ២០២១ និងខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បានបង្កើត​ក្រុមការងារ​ចុះបង្ក្រាប​ទីតាំងធំៗ​មួយចំនួន ប៉ុន្តែការបង្ក្រាប​នៅទីតាំង​នោះកន្លងមក​ប្រៀបដូច​វែកចក ពោលគឺសកម្មភាព​នៅតែបន្ត​កើតមាន ដែលកំពុងបង្ក​ឱ្យមានការបាត់បង់​ទ្រព្យ​សម្បត្តិ និងចំណូល​ជាតិ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន នាំឱ្យមាន​ហានិភ័យ​ខ្ពស់​ដល់សុខភាព សុវត្ថិភាព​របស់អ្នក​ធ្វើអាជីវកម្មរ៉ែ​អនាធិបតេយ្យ​ខ្លួនឯង​ក៏ដូចជា ប្រជាពលរដ្ឋ​មូលដ្ឋាន​ទៀតផង។


ដើម្បីរួម​ចំណែក​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន តាមរយៈ​ការធ្វើ​អាជីវកម្ម​រ៉ែ​ប្រកបដោយ​ចីរភាព និងមានការគាំទ្រ​ដោយច្បាប់​ត្រឹមត្រូវ ក្រសួងរ៉ែ និងថាមពល អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ដែលកំពុង​ធ្វើអាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​ទាំងអស់ បញ្ឈប់​សកម្មភាព​ខុសច្បាប់ ហើយចូលរួម​ទប់ស្កាត់​ដោយជូនដំណឹង​មក​ក្រសួង​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៥ ៧២៧ ៧២៧៕