ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ​សុខ សូកេន និង​លោក​ ម៉ា​ខាស ប៊ី​លី​ (Markus Buerli) នាយក​ផ្នែក​សហប្រតិបត្តិការ​នៃ ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ ​(SDC) ​បាន​ជួប​ពិភាក្សាគ្នា​ពី​កាលានុវត្តភាព សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៤​នេះ​។


ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​នោះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ជំនាញ​(SDP) ដែល​អនុវត្ត​ដោយ​អង្គការ​ស្វ៊ី​ស​ខន់​ថាក់ និង គម្រោង​បង្កើត​ឱកាស​ការងារ​សមរម្យ​ដល់​យុវជន​(DEY) ដែល​អនុវត្ត​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​។ គោលដៅ​នៃ​គម្រោង​ទាំងនោះ គឺ ដើម្បី​ចូលរួម​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​កម្ពុជា ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ ស្របតាម​ស្តង់ដា ជាតិ និង​អាស៊ាន ជាពិសេស​ចូលរួមចំណែក​យ៉ាងសកម្ម​ដល់​យុទ្ធសាស្ត្រ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​យុវជន​ចំនួន​១,៥​លាន​នាក់ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ជំនួប​ទ្វេភាគី​នេះ​របស់​ក្រសួងទេសចរណ៍​។

ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​រួម​របស់​ក្រសួងទេសចរណ៍​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​ភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និង​បរិ​យាប​ន្ន ដោយ​ផ្តោតលើ​សសរស្តម្ភ​យុទ្ធសាស្ត្រ​ចំនួន​៥ ហៅ​កាត់​ថា “​បង្កើន ៥-Build" ព្រមទាំង​មាន​សមាសធាតុ​គាំទ្រ​ចំនួន​៣ ហៅ​កាត់​ថា «​អភិវឌ្ឍ​៣-3Ds​។ ក្នុងនោះ​រួមមាន កត្តា​ធនធានមនុស្ស គឺជា​អាទិភាព​គន្លឹះ​រប​ស់​ក្រសួងទេសចរណ៍ ដែល​គម្រោង​របស់​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ បាន​ចូលរួមចំណែក​យ៉ាងសកម្ម​នាពេល​កន្លងមក​៕​