លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត សម្រេច​បញ្ចប់​មុខតំណែង លោក ខេង យ័ន ពី​អភិបាល​ក្រុងកែប​នៃ​ខេត្ត​កែប មាន​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ ២ ដែល​បាន​ប្រើប្រាស់​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើ​ដែល​នាំ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រដ្ឋ និង​ប្រជាពលរដ្ឋ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ ២០២៤​។


លោក ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​អនុក្រឹត្យ​ដោយ​គូសបញ្ជាក់ថា ការសម្រេច ស្របតាម​អភិក្រម​ទាំង​៥ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់​។

លោក​បញ្ជាក់ថា​៖ "​ថ្ងៃនេះ​ខ្ញុំ​មានការ​ចាំបាច់​ត្រូវអនុវត្ត​អភិក្រម​ទី​៥ គឺ “​ការវះកាត់​” តាមរយៈ​ការចុះហត្ថលេខា ដើម្បី​បញ្ចប់​មុខតំណែង​របស់​អភិបាល​ក្រុងកែប ដែល​បាន​ប្រើប្រាស់​អំណាច​នៃ​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រដ្ឋ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជាច្រើន​»​។


លោក​បន្ថែមថា ការសម្រេចចិត្ត​នេះ​គឺ​ផ្អែកទៅលើ​មូលដ្ឋាន​ច្បាស់លាស់ នៃ​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

បន្ថែម​ពីនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្រើនរំឭក​និង​សង្ឃឹមថា មន្ត្រី​ទាំងអស់​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ នឹង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទី​១ រហូត​ដល់ទី​៤ ឱ្យបាន​ជាប់​ជាប្រចាំ ជាពិសេស​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ និង​ដើម្បី​ចៀសវាង​ការឈាន​ទៅដល់​ការអនុវត្ត​អភិក្រម​ទី​៥​។


លោក​បន្តថា​៖«​ទោះជា​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​នឹង​បន្ត​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​វះកាត់​(​អភិក្រម​ទី​៥) ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​នាំឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​»​។

គួរ​ជម្រាប​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ប្ដេជ្ញា​ជាថ្មី ក្នុង​ការធានា​ការពារ​សន្តិភាព ស្ថិរភាព នយោបាយ អធិបតេយ្យ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​កាន់តែ​រឹងមាំ និង​បន្តធ្វើ​កំណែទម្រង់ ស៊ីជម្រៅ​តាម​អភិក្រម «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ដែល​រួមមាន​ការពង្រឹង​អភិបាលកិច្ច​ល្អ និង​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។

ជុំវិញ​ការប្តេជ្ញា​នេះ លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការប្តេជ្ញា​ជាថ្មីទៀត​របស់​រដ្ឋាភិបាល​នេះ ដោយ​ចាត់ទុកថា វា​ជា​ផ្នែក​មួយ​ពញ្ញាក់​ស្មារតី ដល់​មន្ត្រី​ឱ្យ​រួមគ្នា​អនុវត្ត​អភិក្រម​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព​។

ទន្ទឹមនេះដែរ​លោក ក៏​ជំរុញ​បន្ថែម​ដល់​រដ្ឋាភិបាល​តាមដាន​ការអនុវត្ត​របស់​មន្ត្រី​ជាពិសេស​ត្រូវដាក់​ទោសទណ្ឌ​ចំពោះ​មន្ត្រី​ណា​ប្រព្រឹត្ត​កំហុស ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ​។

លោក​ថា​៖ «​ទន្ទឹមនឹង​ការដាក់ចេញ​នូវ​គោលនយោបាយ រដ្ឋាភិបាល ត្រូវតែមាន​អ្នកតាមដាន​ការអនុវត្ត ហើយ​អ្នកណា​ដែល​មិន​អនុវត្ត​ត្រូវមាន​វិធានការ ព្រោះ​វា​ជា​រឿង​សំខាន់ បើសិន​មិនមាន​ការដាក់ទោសទណ្ឌ​ទេ គាត់​មិន​រាងចាល ដែល​ធ្វើឱ្យ​ទន់ខ្សោយ​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ យើង​ឃើញ​ហើយ​អ្នកខ្លះ​យកឈ្មោះ​មន្ត្រី​ដើររក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​»៕​