រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​ជាបណ្ដោះ​អាសន្ន​សម្រាប់​រយៈពេល ៦ ខែ ក្នុងការនាំចូល​គ្រឿងក្នុង និងបំណែក​សាច់​បង្កក។ នេះបើតាម​សេចក្ដី​ប្រកាស​ជូនដំណឹង​រួមគ្នា​រវាង​ក្រសួង​ពាណិជ្ជកម្ម និងក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធានការ​ហាមឃាត់​ការនាំចូល​ជាបណ្តោះ​អាសន្ន នូវគ្រឿង​ក្នុង និងបំណែក​សាច់​បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤។


ការសម្រេចនេះ បន្ទាប់ពី​សមត្ថកិច្ច​កម្ពុជា បានរកឃើញ​គ្រឿងក្នុង និងសាច់​បង្កក​រាប់រយ​តោន នៅរាជធានី​ភ្នំពេញ ដោយគ្មាន​ច្បាប់​អនុញ្ញាត ដែលនឹង​បង្ក​ផលប៉ះពាល់​ដល់​សុខុមាលភាព​សាធារណៈ ជាពិសេស​អ្នកបរិភោគ​ដោយផ្ទាល់។
 បើយោង​តាមសេចក្តី​ប្រកាស​ខាងលើ៖« វិធានការ​នេះ ដោយយោង​តាមការសម្រេច​ដ៏ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា ចុះថ្ងៃ​ទី០៩ ខែមករា ឆ្នាំ២០២៤»។ 

សេចក្តីប្រកាស​បញ្ជាក់​ថា៖‍«វិធានការ​ផ្អាកការ​នាំចូល​ជាបណ្តោះ​អាសន្ននេះ​នឹងចាប់ផ្តើម​អនុវត្ត ពីថ្ងៃ​ទី១២ ខែមីនា រហូត​ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះ​មិនអនុវត្ត​ចំពោះគម្រោង​វិនិយោគ​មានលក្ខណ​សម្បត្តិ​គ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូល​ទំនិញ​ខាងលើ សម្រាប់​ប្រើប្រាស់​ជាធាតុចូល​ផលិតកម្ម សម្រាប់​ការនាំចេញ​ឡើយ»។ 


ជាមួយគ្នានេះ ក្រសួង​ពាណិជ្ជកម្ម និងក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយស​សូមជម្រាប​ជូន​សាធារណ​ជន និងក្រុមហ៊ុន​នាំចេញ-នាំចូល មេត្តាជ្រាប​ថា គ្រឿងក្នុង និងបំណែក​សាច់​បង្កក ដែលត្រូវ​បានផ្អាក​ជាបណ្តោះ​អាសន្ន មានលេខ​ប្រព័ន្ធ​សុខដុមនីយកម្ម និងនាមវលី​គយ ដូចខាងក្រោម។ការផ្អាក​នាំចូល​បណ្តោះអាសន្ន​នោះរួមមាន អណ្តាត ថ្លើម នៃសត្វ​គោ​ក្របី បង្កក, គ្រឿងក្នុង (Offal) បង្កក​ផ្សេងទៀត នៃសត្វ​គោ​ក្របី ដែលអាច​បរិភោគ​បាន ក្រៅពី​អណ្តាត និងថ្លើម។

ក្រសួង​ពាណិជ្ជកម្ម និងក្រសួង​កសិកម្ម ​បញ្ជីមុខ​ទំនិញ​ហាមឃាត់​ការនាំចូល​ជាបណ្តោះ​អាសន្ន នូវ​គ្រឿងក្នុង និងបំណែកសាច់​បង្កក រហូត​ដល់ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងពាណិជ្ជកម្ម


ថ្លើម​នៃសត្វ​ជ្រូក​បង្កក ភាគ​បំណែក​សាច់​និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពី​ថ្លើម​នៃសត្វ​ជ្រូក ដែល​អាច​បរិភោគ​បាន​បង្កក។ 

ថ្លើម​នៃសត្វ​មាន់​បង្កក សាច់​និងគ្រឿងក្នុង (Offial) បង្កក​ផ្សេងទៀត នៃសត្វ​មាន់ ដែលអាច​បរិភោគ​បាន ក្រៅពី​ស្លាប​ទាំងមូល ភ្លៅ ថ្លើម និងសាច់​ដែលត្រូវបាន​យក​ឆ្អឹង​ចេញ។

ពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជា​ផ្នែក នៃសត្វ (លើកលែង​ត្រី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់​អំបិល ត្រាំទឹក​អំបិល សម្ងួត ឬឆ្អើររួច។ 

ក្នុងគោលបំណង​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការលើកកម្ពស់​គុណភាព សុវត្ថិភាព​ផលិតផល​ម្ហូបអាហារ  មន្រ្តីជំនាញ​នៃអគ្គ​នាយកដ្ឋាន ក.ប.ប. បាននិងកំពុង ចុះត្រួតពិនិត្យ​ទីតាំង​ស្ដុក និងចែកចាយ​សាច់​បង្កក និងផលិតផល​ផ្សេងទៀត​ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ និងតាមបណ្តា​ខេត្ត​នានា៕