លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​ថ្ងៃទី ​១៣ ខែមករា ឆ្នាំ​ ២០២៣​ នេះ បាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​បារាំង និង​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥៤ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ប្រទេស​ស្វ៊ី​ស ចាប់ពី​ថ្ងៃទី​១៣ ដល់ទី​១៩ ខែមករា ឆ្នាំ​២០២៤​។​


​តាម​តេ​ឡេ​ក្រាម​របស់លោក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ការបំពេញ​ទស្សនកិច្ច​នេះ នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​បារាំង លើ​វិស័យ​សំខាន់ៗ ជាពិសេស​លើ​បញ្ហា​ការ​ប្រឈម​ផ្នែក​បរិស្ថាន បញ្ហា​អន្តរកាល​ថាមពល និង​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ការលើកស្ទួយ​សន្តិភាព​នៅ​លើ​ពិភពលោក​។ 

​ប្រភព​ដដែល​បាន​បន្តថា ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ការចែករំលែក​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ការលើកតម្កើង​បេតិកភណ្ឌ​វប្បធម៌ និង​ការលើកកម្ពស់​ហ្វ្រ​ង់​កូ​ហ្វូ​នី គឺជា​សសរស្តម្ភ​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​បារាំង​។​


​បន្ទាប់ពី​ទស្សនកិច្ច​ផ្លូវការ​នៅ​បារាំង គណៈប្រតិភូ​ក៏​នឹង​បន្ត​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥៤ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង​ដា​វ៉ូស​-​ក្លូ​ស្ទ័​រ ប្រទេស​ស្វ៊ី​ស​។ កិច្ចប្រជុំ​នេះ​មាន​ថ្នាក់ដឹកនាំ​ពិភពលោក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំៗ ព្រមទាំង​ប្រធាន​អង្គការ​អន្តរជាតិ​សំខាន់ៗ ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល តំណាង​យុវជន សហគ្រិន​សង្គម និង​អង្គភាព​សារព័ត៌មាន​នានា នឹងចូលរួម​ពិភាក្សា​ផ្តោតលើ​គោលការណ៍​ជា​មូលដ្ឋាន​ដែល​ជំរុញឱ្យមាន​ទំនុកចិត្ត រួមទាំង​តម្លាភាព សង្គតិភាព និង​គណនេយ្យភាព​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​៕​