កម្ពុជា​-​សហរដ្ឋអាមេរិក បាន​ពិភាក្សា​និង​ផ្លាស់ប្ដូរ​យោបល់ ដោយ​ពិនិត្យ​លទ្ធភាព​ទៅលើ​វិធានការ​នានា​សំដៅ​សម្របសម្រួល និង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទាំងសងខាង និង​ដើម្បី​ឈានទៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។


កិច្ចពិភាក្សា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ រវាង​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៤​។

យោងតាម​ហ្វេ​ស​បុក​របស់​ក្រសួងមហាផ្ទៃ នាឱកាស​នោះ​លោក ស សុខា បានបង្ហាញ​ការគាំទ្រ និង​អបអរសាទរ​ចំពោះ​ទំនាក់ទំនង​ការទូត​ដ៏​យូរលង់​រវាង​កម្ពុជា និង​អាមេរិក ជាពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ដែល​ក្នុង​រយៈពេល​កន្លងមក​នេះ បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ រីកចម្រើន និង​បម្រើ​ដល់​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ភាគី​ទាំង​២​។


ជាមួយគ្នា​នោះ លោក​ក៏បាន​ថ្លែងអំណរគុណ​លោក Patrick Murphy ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នៅក្នុង​អាណត្តិ​បេសកកម្ម​ការទូត ដែល​កន្លងមក ដែល​តែងតែ​យក​ចិ​ត្ដ​ទុកដាក់​ជំរុញ​កិច្ចសហការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក លើ​វិស័យ​សំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ បរិស្ថាន ទេសចរណ៍ ការពារជាតិ និង​សន្តិសុខ​។

តាមរយៈ​ក្រសួងមហាផ្ទៃ លោក Patrick Murphy បាន​ថ្លែងអំណរគុណ​ចំពោះ លោក ស សុខា ដែល​បាន​អនុញ្ញាតឱ្យ​រូបលោក និង​សហការី​បាន​ចូលជួប​សម្ដែង​ការគួរសម​។


ជាមួយគ្នា​នោះដែរ លោក ក៏បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព និង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ក្នុង​រយៈពេល​កន្លងមក​នេះ និង​រំពឹងទុក​ថា​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចការ​ច្បាប់​រវាង​ភាគី​ទាំងពីរ​នឹង​បន្ត​ផ្ដល់​លទ្ធផល​ប្រសើរ​ជាង​នេះ នាពេលខាងមុខ​បន្តទៀត​។

បើតាម​ក្រសួងមហាផ្ទៃ​៖ «​ភាគី​ទាំង ​២ បាន​វាយតម្លៃ​ខ្ពស់​ដូចគ្នា ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​អនុវត្ត​ច្បាប់​កម្ពុជា និង​អាមេរិក​ក្នុងការ​ផ្លាស់ប្ដូរ​ចែករំលែក​ព័ត៌មាន ការទប់ស្កាត់ និង​ការបង្ក្រាប​បទល្មើស​គ្រប់​ទម្រង់ រួមទាំង​បទល្មើស​មិនមែន​ប្រពៃណី បទល្មើស​គ្រឿងញៀន បទល្មើស​ពាក់ព័ន្ធ​អនីតិជន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​»៕​