​រដ្ឋបាលខេត្ត ប្រជាពលរដ្ឋ និង​បងប្អូន​សេវាករ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ចង្អុល​ទិស​ឱ្យ​គណៈកម្មការ​អន្តរក្រសួង​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​តម្លៃ​ចំណត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ​(​ថ្មី​) ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។


គួរ​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៤ គណៈកម្មការ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ដោះស្រាយ​នូវ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង សេវាករ​ដឹកជញ្ជូន​ភ្ញៀវទេសចរ ពាក់ព័ន្ធ​នឹង​ការពិនិត្យ និង​កែសម្រួល​ឡើងវិញ​នូវ​សេវា​ប្រើប្រាស់​ផ្លូវ និង​ចំណត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។ ការស្វែងរក​ដំណោះស្រាយ​នេះ ដោយមាន​ការចង្អុល​ទិស​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។

លិខិត​ថ្លែងអំណរគុណ​ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ ២០២៤ បាន​លើកឡើងថា​៖«​អនុវត្តតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណៈកម្មការ​អន្តរក្រសួង​បាន​ដំណើរការ​ការងារ​រប​ស់​ខ្លួន​យ៉ាងសកម្ម​ជាមួយ​ភាគី​ក្រុមហ៊ុន ហើយ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ស្របតាម​បំណងប្រាថ្នា​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​»​។


ប្រភព​ដដែល​បញ្ជាក់ថា លទ្ធផល​ជាទី​គាប់ចិត្ត​នេះ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​ស្មារតី​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​បញ្ហាលំបាក និង​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​លើស​អ្វីៗ​ទាំងអស់​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​ដំណោះស្រាយ​លើ​បញ្ហា​តម្លៃ​សេវា​ការប្រើប្រាស់​ផ្លូវ​ចូល​-​ចេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ និង​ថ្លៃ​ចំណត បានឱ្យដឹងថា ក្រុមហ៊ុន​វិនិយោគ​ដែល​បាន​បណ្តាក់​ទុនវិនិយោគ​ជា​ប្រភេទ BOT នៅ​ព្រលាន​សៀមរាប​ថ្មី បាន​ឯកភាព​មិន​យក​ថ្លៃ​សម្រាប់​ការចូល​ចត​ក្រោម​រយៈពេល ១៥​នាទី លើ​រថយន្ត​ធុន​តូច​មិន​លើស​៧​កៅអី និង​រយៈពេល ៣០​នាទី សម្រាប់​ប្រភេទ​រថយន្ត​ផ្សេងៗ​ទៀត​។


ក្រុមហ៊ុន​ក៏បាន​យល់ព្រម​បញ្ចុះតម្លៃ​បន្ថែមទៀត ក្នុងការ​ប្រើប្រាស់​ផ្លូវ​សម្រាប់​គ្រប់​ប្រភេទ​យានយន្ត រយៈពេល​ពីរ​ឆ្នាំ (​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥) ហើយ​ចំពោះ​តម្លៃ​ថ្មី​នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៥ មករា ២០២៤ តទៅ​៕​