យោង​អនុក្រឹត្យ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ចុះ​កាលបរិច្ឆេទ នៅ​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ ២០២៣​ កន្លងទៅនេះ បានសម្រេច​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ ដល់​ខែមីនា ឆ្នាំ ២០២៤ និង​បាន​កែសម្រួល​កម្រិត​អត្ថប្រយោជន៍​ក្នុងការ​ផ្តល់​ថវិកា​ដល់​ជនរងគ្រោះ​ទាំងនោះ​ផងដែរ​។


ចំពោះ​ប្រាក់ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​មាន​ ៥​ គោលដៅ ក្នុងនោះ​រួមមាន ១ គ្រួសារ​មាន​បណ្ណ​សមធម៌ ២ កុមារ​អាយុ​ពី ០-៥​ ឆ្នាំ​ក្នុង​ម្នាក់ៗ ​៣ ជន​មាន​ពិការភាព​ក្នុង​ម្នាក់ៗ ៤ មនុស្ស​ចាស់​អាយុ​ចាប់ពី​ ៦០ ​ឆ្នាំ​ឡើង​ក្នុង​ម្នាក់ៗ ៥ គ្រួសារ​ក្រីក្រ​ដែលមាន​សមាជិក​ផ្ទុកមេរោគ​អេដស៍​។

តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ពលរដ្ឋ​ក្រីក្រ​តាម​ប្រភេទ​គោលដៅ​ទាំង ​៥​ នេះ នឹង​ទទួល​ប្រាក់​ចាប់ពី ១៦ ០០០​រៀល ដល់ ១២ ម៉ឺន​រៀល​។


ជុំវិញ​ការបន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ មូលនិធិ​ជាតិ​ជំនួយ​សង្គម បាន​ផ្តល់ជូន​ព័ត៌មាន​បន្ថែម​តាមរយៈ​សំណួរ​-​ចម្លើយ ដូចតទៅ​៖

១. តើ​មូលហេតុ​ចម្បង​អ្វីខ្លះ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩?


ក្នុង​គោលបំណង​ផ្តល់​ការ​គាំពារ និង​ជួយ​រក្សា​លំនឹង​ជីវភាព​រស់នៅ​របស់​ក្រុមគ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩, រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ពិសេស​នេះ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​។ ជា​វឌ្ឍនភាព គិត​ត្រឹម​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៣, កម្មវិធី​នេះ បាន​ដំណើរការ​អស់​រយៈពេល ៤២ ខែ រួចមកហើយ ដោយ​ក្នុង​ខែ​ចុង​ក្រោយនេះ បានផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាង ៧០ ម៉ឺន​គ្រួសារ ឬ​ស្មើនឹង ២,៨ លាន​នាក់ និង​បាន​ចំណាយ​ថវិកាជាតិ​សរុប​(​ទាំង ៤២​ខែ​) ចំនួន ៥ ០៩៩ ៨០៤ ២២៥ ០០០ រៀល ឬ​ស្មើនឹង​ប្រមាណ ១ ២៧៤,៩៥ លាន​ដុល្លារ​អាមេរិក​។

ដោយហេតុថា ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នេះ គឺជា​កម្មវិធី​ជំនួយ​សង្គម​ពិសេស ដែលមាន​លក្ខណៈ​បណ្តោះអាសន្ន​សម្រាប់​ពេល​មួយគ្រា​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ប៉ុណ្ណោះ និង​ផ្អែកលើ​ភាពប្រសើរឡើង​នូវ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩, រាជរដ្ឋាភិបាល សម្រេច​អនុវត្ត “​យុទ្ធសាស្ត្រ​ចាកចេញ​” រយៈពេល​៣​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៤ និង​ឆ្ពោះទៅ​ការដាក់ឱ្យ​អនុវត្ត "​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​" ចាប់ពី​ខែមេសា ឆ្នាំ​២០២៤ ដែលជា​កម្មវិធី​ជំនួយ​សង្គម​លក្ខណៈ​អចិន្ត្រៃយ៍ និង​ប្រក្រតី ដើម្បី​ជា​ទម្រ​សម្រាប់​បន្ត​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ ២០២៣​កន្លងទៅ​។

២. តើ​ការបន្ត​កម្មវិធី​ជំនួយ​នេះ នឹង​សម្រួល​អ្វីខ្លះ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ ហើយ​រដ្ឋាភិបាល​រំពឹងទុក​បែបណាខ្លះ​?

ការអនុវត្ត​យុទ្ធសាស្ត្រ​ចាកចេញ​រយៈពេល​៣​ខែ​នេះ នឹង​បន្ត​ជួយ​ទប់​លំនឹង​ជីវភាព​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​កំពុង​ទទួល​ផលប​ច្ចុ​ប្បន្ន​ពី​ការបាត់បង់​ជំនួយ​ទាំងស្រុង និង​ជា​គំហុក​ដែល​ធ្លាប់តែ​ទទួលបាន ដែល​អាច​ប៉ះពាល់​ស្ថានភាព​ជីវភាព​របស់​ពួកគេ ខណៈដែល​រាជរដ្ឋាភិបាល​នឹងមាន​កម្មវិធី​មក​ជំនួស​សម្រាប់​បន្ត​ជួយ​គាំទ្រ​ដល់​គ្រួសារ​គោលដៅ តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ ដែលជា​គោលនយោបាយ​អាទិភាព​១ ក្នុងចំណោម​គោលនយោបាយ​អាទិភាព​ទាំង​៦ និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។

៣. នៅក្នុង​អនុក្រឹត្យ​នេះ​ឃើញ​មានការ​សម្រួល​កម្រិត​អត្ថប្រយោជន៍ តើ​ជាការ​កែសម្រួល​ពី​ច្រើន​មក​តិច ឬ​ពី​តិច​មក​ច្រើន ? តើ​មូលហេតុ​អ្វីខ្លះ​?

តាមរយៈ​អនុក្រឹត្យ​នេះ រាជរដ្ឋាភិបាល​បាន​កែសម្រួល​កម្រិត​អត្ថប្រយោជន៍​តិចជាង​មុន ដែល​នេះ​ជា “​យុទ្ធសាស្ត្រ​ចាកចេញ​” ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដោយ​កាត់បន្ថយ​ទំហំ​ប្រាក់ឧបត្ថម្ភ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៤ និង​ត្រូវ​បិទ​បញ្ចប់​ពី​ខែមេសា ឆ្នាំ​២០២៤​។ ដោយហេតុថា​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ មាន​ភាពល្អប្រសើរ និង​ការ​ឆ្ពោះទៅ​ការដាក់ឱ្យ​ដំណើរការ "​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​" ចាប់ពី​ខែមេសា ឆ្នាំ​២០២៤ ដែលជា​កម្មវិធី​ជំនួយ​សង្គម​ប្រក្រតី ផ្តល់​ការ​គាំពារ​រយៈពេល​វែង ក្នុង​ស្មារតី “​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់​”​។ កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ នឹង​ផ្តល់នូវ​កញ្ចប់​ជំនួយ​សង្គម​ចាំបាច់​សម្រាប់​គាំពារ​គ្រួសារ​ដែលមាន​បណ្ណសម​ធម៌ តាមរយៈ​ការឧបត្ថម្ភ​គោល​ដល់​គ្រួសារ និង​ក្រុម​ជន​ងាយ​រងគ្រោះ ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​អាយុ​ក្រោម​២​ឆ្នាំ កូនៗ​ជា​សិស្ស ជន​មាន​ពិការភាព ជន​ចាស់ជរា និង​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺអេដស៍​៕​