ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍លោកសម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកនៅប្រទេសបារាំង និងស៊្វីស រយៈពេល១សប្តាហ៍។
 
លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមករា។ 


លោកបានបង្ហោះសារក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ មករា ថា៖ «សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស៊្វីស»។
 
លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស៊្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា។
 
បណ្តាញសង្គមលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការបំពេញទស្សនកិច្ចនេះ នឹងពង្រឹងកិច្ចសហប្រតិ​បត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងកម្ពុជា និងបារាំង លើវិស័យសំខាន់ៗ ជាពិសេសលើបញ្ហា​​ការប្រឈមផ្នែកបរិស្ថាន បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាពនៅលើពិភពលោក។ 
 
បណ្តាញសង្គមបញ្ជាក់ថា៖ «ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិក​ភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង»។
 
លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជាក៏នឹងបន្តចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស៊្វីស។ 
 
កិច្ចប្រជុំនេះមានថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមពិភាក្សាផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព៕