ភ្នំពេញៈ​សម្រាប់​ឆ្នាំ​សិក្សា២០២៣-២០២៤នេះ សិស្សានុ​សិស្ស​ ដែល​ប្រឡង​ជាប់​សញ្ញាប​ត្រ​ទុតិយ​ភូមិ​(បាក់ឌុប)​បាន​និទ្ទេស​ A, B និង ​C អាច​ខ្ចី​ប្រាក់​កម្ចី​ដោយ​គ្មាន​ការ​ប្រាក់​ពីរ​ដ្ឋ​ដើម្បី​ចំណាយ​លើកា​ររៀន​បន្តបានដោយ​គ្រាន់​តែ​ពេល​រៀន​ចប់​និស្សិត​ទាំង​នោះត្រូវ​បង់​ថ្លៃ​សិក្សា ​២០ ​ភាគ​រយ ​នៃ​ប្រាក់​ខែ​ ដែល​មាន​លើស​ពី ៥០០ ​ដុល្លារ​ នៅ​ពេល​បាន​ការ​ងា​រ​ធ្វើសង​ទៅ​ខាង​រដ្ឋ​វិញ។ 


​គម្រោង​នេះ​មាន​ឈ្មោះ​ថា​កម្មវិធីអភិ​វឌ្ឍន៍​ជំនាញ​ឌីជីថល​”(​ក​.​អ​.​ជ​.​ឌ​.)ដែល​សរសេរ​ជា​ភាសា​អង់​គ្លេស​“Digital Skill Deve​lopment Program” (DSDP) ត្រូវ​បាន​ដាក់ឱ្យ​ដំណើរ​ការ​ជា​ផ្លូវកា​រកា​លពីថ្ងៃ​ទី​២ ​ខែតុលា ឆ្នាំ​មុន​ ដោយ​លោក​ជា វ៉ាន់​ដេ​ត រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​និង​ទូរ​គម​នាគម​ន៍​។​

​លោក​ លីវ សុ​ផា​ណា​វិ​ទ្ធ អនុរ​ដ្ឋ​លេខាធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគម​នាគម​ន៍ បានឱ្យដឹ​ងថា កម្ចី​គ្មាន​ការ​ប្រាក់​សម្រាប់​និស្សិត ឬហៅថា “​កម្មវិធី​អភិ​វឌ្ឍន៍​ជំនាញ​ឌីជីថល​​” (​ក​.​អ​.​ជ​.​ឌ​.) គឺជា​កម្មវិធី​ផ្តល់​ថវិកា​សិក្សា ​ដោយ​មិន​គិត​ការប្រាក់ ​(Financial Aid without Interest) ដល់​សិស្ស​និស្សិត​ ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​ឡើង​ដោយ​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគ​មនាគ​មន៍​។​


​លោក ​ណា​វិ​ទ្ធ បាន​ថ្លែង​ថា​៖ «​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ជា​មួយ​គម្រោង​មិន​គិតការ​ប្រាក់​នេះ គឺ​គាត់​មិន​ចាំ​បាច់​បង់​ថ្លៃ​សិក្សា​​ទេ ​ប៉ុន្តែ​សិស្ស​និស្សិត​មាន​កាតព្វ​កិច្ច​ទូទាត់​ថវិកា​ចំនួន​២០​ភាគរ​យនៃ​បៀវត្សរ៍​ប្រចាំខែ​ជូន ក​.​អ​.​ជ​.​ឌ​. នៅ​ពេល​ដែល​និស្សិត​បញ្ចប់​ការ​សិក្សា ហើ​យ​ចេញ​បម្រើ​ការងារ​និង​ទទួល​បាន​បៀវត្សរ៍​ចាប់​ពី​ ៥០០ ដុល្លារ​អាមេរិក​ ឡើង​ទៅ ​រហូត​ទាល់​តែ​ចំនួន​ថវិកា​សង​ត្រឡប់​មក​វិញស​មាមា​ត្រ​នឹង​ថវិកា​សិក្សា​ដែល​បាន​ផ្តល់​ជូន​ដើម្បី​ទ្រទ្រង់​និរន្តរ​ភាព​នៃ​កម្ម​វិធី​សម្រាប់​អ្នកជំនាន់​ក្រោយ​និង​ដើម្បី​ពង្រឹង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​សិក្សា​របស់​និស្សិត​»​។​

​លោក​បាន​បន្ត​ទៀត​ថា ក្នុងក​រណីនិស្សិត​ទទួល​បាន​បៀវត្សរ៍​ប្រចាំខែ​ក្រោម​ ៥០០​ ដុល្លារ​អាមេរិក ក​.​អ​.​ជ​.​ឌ​. អនុញ្ញាត​ពន្យារ​ពេល​ជូន​និស្សិត​លើ​ការ​ទូទា​ត់​ថវិកា​សិក្សា​សង​ត្រឡប់​មក​កម្មវិធី​វិញ​ក្នុង​រយៈ​ពេល​ជា​អតិប​រមា​ចំនួន​៣ឆ្នាំ ​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​។ ប៉ុន្តែ​ចាប់ពី​ខែ​ទី៣៧ ​ក្រោយ​ពី​និស្សិត​បញ្ចប់​ការ​សិក្សា​ទៅ ពួ​កគេ​មាន​កាតព្វ​កិច្ច​ទូទាត់​ថវិកា​បន្ត​បន្ទាប់​ជា​រៀងរា​ល់ខែ​​ចំនួន ​១០០ ​ដុល្លារ​អាមេ​រិក (២០ ភាគ​រយនៃ​ ៥០០ ​ដុល្លារ​អាមេរិក​) ជូន ក​.​អ​.​ជ​.​ឌ​. ដោយ​ស្វ័យ​ប្រវត្តិ​និង​ជា​កំហិត​។​


​អ្នក​គ្រូ ​សាយ​ សុភា អនុ​ប្រធាន​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​អប់រំនៃ​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា​បាន​ឱ្យដឹ​ងថា​​៖«​កម្ចី​គ្មាន​ការ​ប្រាក់​បច្ចុប្បន្ន​មាន​២ គឺ​ជាមួយ​នឹ​ង​ធនាគារ​ Phillips និង​ជា​មួយ​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគម​នាគមន៍​។​សម្រាប់​លក្ខ​ខណ្ឌ​ទាល់​តែ​គាត់​ជា​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាប​ត្រ​ទុតិយ​ភូមិ​ឆ្នាំនេះ ​ហើយ​ទាល់តែ​គាត់​មាន​និទ្ទេស ​A,B,C បាន​មាន​លីងក៍ (link) មួយ​ដើម្បី​ស្នើសុំ​​កម្ចី​សិក្សា​របស់​ក្រសួង​ដែល​គាត់​ឆ្លើយ​តប​ផ្ទាល់​។និយាយ​រួម​ទៅនៅ​ខាង​ក្រសួង​ពេល​ដែល​គាត់​រៀន​ចប់​មា​នការ​ងារ​ធ្វើ​បានប្រាក់​ខែ ៥​០០ ​ដុល្លារ ឡើង គាត់​ត្រូវ​បង់​ ២០ ​ភាគរយ នៃ​ប្រាក់​ខែ​គាត់​ចូលទៅ​ក្រសួង ហើ​យ​អត់​មាន​ការ​ប្រាក់​ទេ​»​។ 

​អ្នកគ្រូ​បា​ន​ឱ្យដឹ​ងថា មាន​៦សាលា​ដែល​ទើបតែ​ដាក់​កម្ចី​គ្មាន​ការប្រា​ក់​នៅ​ក្រសួង​នៅក្នុង​ឆ្នាំ​សិក្សា ​២០២៣-​២០២៤ រួមមាន​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថ​ល​កម្ពុជា ​(CADT),វិទ្យាស្ថាន​បច្ចេក​វិទ្យា​ក​ម្ពុ​ជា​(Techno),សា​កល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ​(RUPP), សា​កល​វិទ្យា​ល័យ​អាមេ​រិកាំង​​ភ្នំពេញ​ (AUPP), សា​កល​វិទ្យា​ល័យ​ផា​រ៉ា​ហ្គ​ន ​(Paragon)​ និង​សាក​លវិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ (NUM)​។ 

​សម្រាប់​លក្ខ​ខណ្ឌ​របស់​និស្សិត​នៅក្នុង​ការ​ដាក់​កម្ចី​គ្មាន​ការ​ប្រាក់​នេះដែរ​អ្នក​គ្រូ ​សាយ​ សុភា ​បាន​បន្ថែម​ថា​៖ «​ទាល់តែ​គាត់​ប្រឡង​ជាប់​ចូលរៀន​នៅ​សាលា​ទាំង​ ៦ ហ្នឹ​ង​ ហើយ ជា​និស្សិត​នៃ​សាលា៦​ហ្នឹង​ ទើប​បាន​គាត់​ដាក់​កម្ចី​ទៅ​តាម ​link របស់​ក្រសួង​។ សម្រាប់​លក្ខ​ខណ្ឌ​នេះ​ដែរ​គឺ​និស្សិត​អាច​ដាក់​បាន​ទាំង​អស់​ឱ្យ​តែ​មាន​គ្រប់​លក្ខ​ខណ្ឌ​ដែល​កំណត់​ដោយ​មិន​ប្រកាន់​ថា​ជា​និស្សិត​ក្រីក្រ​ទេ​»​។​

​ជាការ​ពិត​ណាស់​នៅ​ក្នុង​ការខ្ចី​កម្ចី​មាន​ការ​ប្រាក់​ សម្រាប់​ឥណ​ទាន​និស្សិត​សម្រាប់​បង់ថ្លៃ​ការ​សិក្សា​នៅ​តាម​ធនា​គារ​ផ្សេងៗ​នៅកម្ពុជា​វិញ ​តែង​តែ​មាន​លក្ខ​ខណ្ឌ​ ដែល​តម្រូវ​ឱ្យ​និស្សិត​ស្នើ​កម្ចី​នោះ ​ហើយ​ភាគ​ច្រើន​តែង​តែ​តម្រូ​វឱ្យ​និស្សិត​មាន​មុខ​របរ​ពិត​ប្រាកដ​ទើប​អាច​ខ្ចី​បាន បើ​ពុំ​នោះ​ទេ​ឪពុក​ម្តាយ​ទើប​អាច​មាន​សិទ្ធិ​ខ្ចីកម្ចី​ប្រាក់​ពី​ធនាគារ​បាន​ ដែល​ជួន​កាល​ត្រូវ​បញ្ជាក់​ពី​លក្ខ​ខណ្ឌ​ការ​ងារ​ឬ​ដាក់​បញ្ចាំ​ទ្រព្យ​ផ្សេងៗ​។ នៅ​ក្នុង​ការខ្ចី​ម្តងៗ ​គឺ​ត្រូវ​ប្រើ​បានសម្រាប់​តែ​ការ​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យា​ល័យ​ប៉ុណ្ណោះ ហើយ​គឺ​មាន​លក្ខ​ខណ្ឌ​ច្រើន​មែន​ទែន​។​

​អ្នកប្រ​តិប​ត្តិ​នៃ​ធនា​គារ​​ ១ រូបនៅ​កម្ពុជា​ បានឱ្យ​ដឹង​ថានៅក្នុ​ង​ការខ្ចី​ម្តងៗ​មាន​លក្ខ​ខណ្ឌ​ការប្រាក់​ពី ៨ ភាគ​រយ​ ទៅ ៩ ភា​គរ​យឯ​ណោះ ស​ម្រាប់​មាតាបិ​តា​​ខ្ចីឱ្យ​សិស្ស​យក​ទៅ​បន្តកា​រសិក្សា​ហើយអា​ចខ្ចី​រហូត​ដល់​ ១០០ ​០០០​ ដុល្លារ​ ប៉ុន្តែ​តម្រូ​វឱ្យ​មាន​លិខិត​ប្រតិ​បត្តិ​ការ​ពី​សា​កល​វិទ្យាល័​យ​ សម្រាប់​ធ្វើ​កម្ចី​បាន​។​

​ជាក់ស្តែ​ង​ប្រ​សិន​បើ​និស្សិត​ម្នាក់​​ខ្ចី​ប្រាក់ពី​ធនាគារ​សម្រាប់​ទៅ​បង់ថ្លៃ​សិក្សា​ នៅ​សាក​ល​វិទ្យា​ល័យ​ភ្នំពេញ​ក្នុង ១ ឆ្នាំ ​ចំនួន ​៤០០ ដុល្លារ ​អ៊ីចឹង​សម្រាប់​ការ​ខ្ចី ៤​ ឆ្នាំ​ គឺ ១៦០០ ដុ​ល្លារ​ ក្នុង​ ១​ ចប់​ការ​សិក្សា ​តែ​កម្ចី​សរុប​បើតាម​ធនាគា​រធំៗ​ដែល​ផ្តល់ឱ្យ​​គឺ​បាន​រហូត​ដល់ ១​០០​ ០០០​ ដុល្លារ​ ឯណោះ​។ ទាក់​ទង​នឹង​ឯកសារ គឺ​យើង​សិក្សា​ដូច​កម្ចី​អ៊ីចឹង ​គឺតម្រូ​វឱ្យ​ឪពុក​ឬ​ម្តាយ​ដាក់​ទ្រព្យ​បញ្ចាំ​ជំនួស​បាន ​ដោយ​ខាង​ធនា​គារ​អាច​សិក្សា​ចំណូល​ឪពុក​ម្តាយ​ដើម្បី​យក​លុយ​ឱ្យ​គាត់​។​

​នៅ​ក្នុង​កិច្ច​សម្ភា​សន៍​ជា​មួយ​ភ្នំពេញប៉ុស្ដិ៍​ អ្នកប្រ​តិប​ត្តិ​នៃ​ធនាគារ​បាន​ឱ្យដឹង​ថា សម្រាប់​ឯកសារ​វិញគឺ​លក្ខខ​ណ្ឌ​ទី​១ ប្រសិន​បើ​និស្សិត​នៅ​សិក្សា​អ៊ីចឹង​យើង​សិក្សា​ផ្តោត​ទៅលើ​​ចំណូល​អាជីវ​កម្ម​របស់​ឪពុក​ម្តាយ​ ទាល់​តែ​មាន​ទ្រព្យ​ធានា​រប​ស់​ឪពុក​ម្តាយ​គ្រាន់តែ​ថា​វា​ធូរ​ការ​ប្រាក់​អ៊ីចឹង​។ កា​រប្រា​ក់ ប្រសិន​បើ​​ខ្ចី​ប្រាក់​ក្រោម ១ ម៉ឺ​នដុ​ល្លារ​ គឺការ​ប្រាក់​តែ ៨ ភាគ​រយទេ តែប្រ​សិន​បើ​លើស​ពី ១ ​ម៉ឺន​ទៅ​គឺកម្ចី​ការ​ប្រាក់​ ៩ ​ភា​គរយ​ អ៊ីចឹង​យើង​អាច​ធូរ​ការ​ប្រាក់​។ប្រសិន​បើ​ឪពុកម្តា​យ​គាត់​ខ្ចី​កម្ចី​ធម្មតា​មានការ​ប្រាក់​ថ្លៃ​ជាង​គឺ ១១ ក​ន្លះ ទៅ ១​២​ ជាង​ភាគ​រយ​​។​

​អ្នក​ប្រ​តិបត្តិ​ធ​នាគារ​បាន​ថ្លែងថា​​៖«​កម្ចី​ការប្រាក់​របស់​និស្សិតគឺ​​និស្សិត​គាត់​អាច​ខ្ចី​ការប្រាក់​បាន​ ប្រសិន​បើ​និស្សិត​ហ្នឹង​គាត់​នៅ​កំពុង​សិក្សា ឪ​ពុក​ម្តាយ​គាត់​អាច​ធានា​កម្ចី​ឱ្យ​កូន​សិក្សា​បាន​ អ៊ីចឹង​អា​ហ្នឹង​វា​កម្ចី​ទៅលើ​ការ​ប្រាក់​រយៈ​ពេល​ ៤​ ឆ្នាំ ហ្នឹង​តែម្តង​ ព្រោះ​និស្សិត​គាត់​មិន​ទាន់​មាន​ការ​ងារ​ធ្វើ គឺ​យើង​មាន​អត្រា​ការ​ប្រាក់​ខុស​អំពី​ប្រាក់​កម្ចី  (loan)​ ហើយ​រយៈ​ពេល​វែង ​(long term) ​គឺ​ខាង​ធនាគា​រ​ឱ្យ​បាន​ត្រឹម​ពេល​រយៈ​ពេល ៤ ​ឆ្នាំ ឬ ​បូក ១​ ឆ្នាំ ​នៃ​រយៈពេ​ល​ការសិក្សា ​មិ​នឱ្យ​លើស​ពី​ឆ្នាំ​នៃ​ការ​សិក្សា​ទេ​»​។​

ទោះបីជា​​យ៉ាងណា​ក៏ដោ​យ អ្ន​កប្រតិប​ត្តិបាន​ឱ្យដឹង​ថា បើទោះ​ជា​នៅក្នុង​ឆ្នាំ​សិក្សា​ទី១ និស្សិត​មាន​ការ​ងារ​ក្រៅ​ម៉ោង​ដែល​មាន​ប្រាក់ខែ​​ខ្ទង់​ពី ១៥០​ ដុល្លារ​ អី​ក៏ដោ​យ ​ក៏​ខាង​ធនាគារ​គាត់​មិន​អាច​សិក្សា​បាន​ដែរ​ ដូច​នេះ​ទាល់តែ​ខាង​និស្សិត​មានការ​ងារ​អចិន្ត្រៃយ៍​ទើប​ខាង​ធនា​គារ​​អាច​សិក្សា​បាន ​គឺ​មិនមែ​ន​ការងារ​part time ទេ​។​

​លោក​បាន​បន្ត​ថា​៖«ប្រសិន​បើ​និស្សិត​ធ្វើការ​បោះប​ង់ចោល​ការ​សិក្សា​ឬក៏​គាត់​ឈប់​រៀន គឺ​ឪពុក​ម្តាយ​អាច​បញ្ចប់​ Loan ដែល​កំពុង​ជំពាក់​។ តែ​ប្រសិន​បើ​គាត់​ធ្វើការ​សិក្សា ​យើង​ត្រូវ​មាន​របាយ​ការណ៍​ពី​ខាង​សា​លា​មកថា​​ត្រូវ​បង់ ១​ ឆ្នាំ ប៉ុន្មាន​ យើង​សិក្សា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ មាន​របាយ​ការណ៍​ពីសា​លាមក​ទើប​យើង​សិក្សា​ពី​អត្រា​ការប្រា​ក់​ហ្នឹង ​ព្រោះ​នៅពេ​លដែល​គាត់​ធ្វើ​ការ​សិក្សា​គឺ​និស្សិត​គាត់​អត់​មាន​ការ​ងារ​ធ្វើ​ទេ​»​។  

លោក​បាន​បន្ត​ថា​៖«​អ៊ីចឹង​កាតព្វ​កិច្ច​គឺជា​ឪពុក​ម្តាយ​យើង​ត្រូវ​ប្រាប់​មក ​ដើម្បី​ឱ្យ​ធនាគារ​គាត់​សិក្សាទាក់​ទង​នឹង​មុខ​របរ និង​អាជីវ​កម្ម​របស់​ឪពុក​ម្តាយ​​។ អាច​ឱ្យ​ពេញ​ ១​ ឆ្នាំ ឬក៏​បើក ១ ​លើក ​អ៊ីចឹង​បើ​បង់​ក្នុង​ ១ ឆ្នាំ ​គឺត្រូវធ្វើ​លិខិត​ពី​ខាង​សាលា​មក​ដល់​ឆ្នាំ​ត្រូវ​បង់​ប៉ុនណា ខាង​ធនា​គារ​គឺមាន​លក្ខ​ខណ្ឌ ១ ​ឆ្នាំ​ម្តង ឬ​បង់​ផ្តាច់​តែ​ម្តង​»៕   កុសល សិរី​កន្យា​