ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២៤ ​បាន​ឆ្លើយ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បែប​ចំអក​ទៅកាន់​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​ដោយ​ខ្លួនឯងបាន​បង្ហាញ​សារ​នៅក្នុង​បណ្ដាញ​សង្គម​នេះដែរ​ចំពោះ​បុគ្គល​នយោបាយ​បក្សប្រឆាំង​គួរ​លាឈប់​បើ​ខ្លាច​ការគំរាមកំហែង​ពី​បក្ស​កាន់​រដ្ឋាភិបាល​។​


សារ​របស់លោក ហ៊ុន សែន បាន​បង្ហាញថា​៖ «​តប​លេង​បន្តិច​ចុះ​ ដើម្បី​កុំឱ្យ​មនុស្ស​ភ្លេចខ្លួន និង​ជាន់កែង​ខ្លួនឯង​។ ម្នាក់នេះ​ខំ​ស្រែក ពី​អាមេរិក​ប្រាប់​បក្សប្រឆាំង​ក្នុងស្រុក​ថា កុំ​ខ្លា​ចការ​គំរាម​របស់​ក្រសួងមហាផ្ទៃ​។ ចុះបើ​ក្លាហាន​បែប​ហ្នឹង ម៉េច​រត់ចោលស្រុក​កាលពី​ឆ្នាំ​២០១៧ នៅពេល ដែល​ខ្លួន​អត់​មានរឿង​ត្រូវ​ជាប់​ខ្នោះ​សោះ​។ ខំរ​ត់រក​ងាប់​អី​កាល​ពេលនោះ និង​មក​ក្លាហាន​អី​ នៅពេលនេះ​?»​។​

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១២ ខែមករា ឱ្យ​អ្នកនយោបាយ​ប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា​លាឈប់​ពី​នយោបាយ បើសិនជា​ភ័យខ្លាច​ការគំរាមកំហែង​របស់​ក្រសួងមហាផ្ទៃ​។


​លោក អេង ឆៃអ៊ាង សរសេរថា​៖«​សូម​ជូន​យោបល់​ទៅ​មេដឹកនាំ​នយោបាយ​ប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា ប្រសិនបើ ភ័យខ្លាច​ការ​គំរាម​របស់​ក្រសួងមហាផ្ទៃ គួរ​លាឈប់​ពី​នយោបាយ​បក្សប្រឆាំង ព្រោះ​ប្រជាពលរដ្ឋ​នឹងមិន​បោះឆ្នោតឱ្យ​គណបក្ស​ដែលមាន​មេដឹកនាំ​ភ័យខ្លាច​នោះទេ​»​។​

លោក ស៊ឺន សម អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា ការឆ្លើយតប​របស់លោក ហ៊ុន សែន ទៅកាន់​លោក អេង ឆៃអ៊ាង គឺជា​រឿង​ជាក់ស្តែង​ដែល​បានកើត​ឡើ​នៅក្នុង​សង្គម​កម្ពុជា ហើយ​លោក អេង ឆៃអ៊ាង  នៅក្រៅ​ប្រទេស មក​ប្រាប់​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​មិនឱ្យ​ធ្វើតាម​ការណែនាំ​ក្រសួងមហាផ្ទៃ គឺ​មិន​ត្រឹមត្រូវ​នោះទេ​។​


លោក ស៊ឺន សម បាន​ប្រាប់ថា​៖«​សមាជិក​គណបក្សប្រឆាំង​សព្វថ្ងៃ គឺ​គេ​គោរព​ទៅតាម​ច្បាប់ មានន័យថា គេ​គោរព​ក្រសួងមហាផ្ទៃ គឺ​គោរព​ច្បាប់ ដោយសារតែ​ស្ថាប័ន​ក្រសួងមហាផ្ទៃ ជា​អ្នកអនុវត្ត​ច្បាប់​សម្រាប់​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ អ៊ីចឹង​! សព្វថ្ងៃ គេ​ជា​អ្នកគោរពច្បាប់ ហើយ​ខ្លួន​មិន​គោរព​ច្បាប់ បែរជា​ប្រាប់​គេ​មិនឱ្យ​ខ្លាច​ច្បាប់​។ វា​អត់​ត្រូវ​ទេ​»​។​

​លោក ស៊ឺន សម ថ្លែងថា ការលើកឡើង​របស់លោក អេង ឆៃអ៊ាង នេះ គឺ​សម្រាប់​អ្នក​ដែល​រត់ចោល​សង្វៀន​ការប្រកួត​តែប៉ុណ្ណោះ ដែល​ការឆ្លើយតប​របស់លោក​ហ៊ុន សែន គឺជា​រឿង​សមស្រប​មួយ​ហើយ​លោក អេង ឆៃអ៊ាង ក៏​គ្មាន​តម្លៃ សម្រាប់ធ្វើ​នយោបាយ​នៅក្នុង​ប្រទេស​ព្រោះ​ជា​អ្នកនយោបាយ​ប្រឆាំង​នៅក្រៅ​សង្វៀន​។​

គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៤ បានចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​បដិសេធ មិន​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ទាំងឡាយណា ដែលជា​ទណ្ឌិត​ជាប់ទោស​ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​ឡើយ​។

​សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា​៖«​គណបក្ស ភ្លើងទៀន បាន​ដំណើរការ​ការងារ និង​ធ្វើ​សេចក្តីសម្រេចចិត្ត​នានា ដោយមាន​ការទទួលខុសត្រូវ​ក្នុង​អធិបតេយ្យភាព​ពេញលេញ​របស់ខ្លួន ស្របតាម​លក្ខន្តិកៈ​គណ​បក្ស ដោយ​មិន​ស្ថិតនៅក្រោម​ការបង្គាប់បញ្ជា ដោយផ្ទាល់ ឬ​ប្រយោល ពី​បុគ្គល ឬ​គណបក្សនយោបាយ​ណាមួយ​ឡើយ​»​។​

​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១២ ខែមករា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ព្រមាន​ទុកជាមុន​ចំពោះ​គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ខាងមុខនេះ ឱ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​ដែល​បំពាន​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បានចែង​អំពី​សកម្មភាព​ដែល​ត្រូវបាន​ហាមឃាត់​ចំពោះ​គណបក្សនយោបាយ​។​

ការចេញមុខ​ព្រមាន​របស់​ក្រសួងមហាផ្ទៃ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សង្កេតឃើញ​នាពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស បានចេញ​សេចក្តីអំពាវនាវ​ដល់គ​ណ​បក្សនយោបាយ​ចំនួន ៣ ឱ្យ​អនុវត្ត​សកម្មភាព​ផ្សេងៗ និង​ធ្វើការ​បង្គាប់បញ្ជា​ផ្ទុយ​ពី​ស្មារតី​នៃ​ច្បាប់ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍ និង​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​៕