ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​សាលាបឋមសិក្សា​គំរូ ដោយ​ការដាក់ឱ្យ​ប្រើប្រាស់​ឯកសា​រ ស្តីពី​ការអភិវឌ្ឍ​កុមារ​ផ្សារភ្ជាប់​នឹង​ការអប់រំ​បឋមសិក្សា និង​សៀវភៅ​ព​ន្លឿ​ន​ការសិក្សា​ភាសា​ខ្មែរ ថ្នាក់​ឆ្នាំ​ទី​១ ដើម្បី​លើកកម្ពស់​ការសិក្សា​ឱ្យមាន​គុណភាព ចំណេះដឹង និង​ជំនាញ ជាពិសេស​ឆ្លើយតប​ទៅនឹង​ការ អនុវត្ត​យុទ្ធសាស្ត្រ កំណែទម្រង់​វិស័យ​អប់រំ ឆ្នាំ​២០២៤-២០២៨ របស់​រដ្ឋាភិបាល​។​


លោក ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ស្តង់ដា​សាលាបឋមសិក្សា​គំរូ កាលពី​ថ្ងៃទី​១២ ខែមករា នា​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា ការប្រកាស​ដាក់ឱ្យអនុវត្ត​ស្តង់ដា​នេះ គឺជា​ការតម្រង់ ទិស​មួយ​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ កំណែទម្រង់ វិស័យ​អប់រំ ឆ្នាំ​២០២៤-២០២៨ ស្របតាម​ចក្ខុវិស័យ​អភិវឌ្ឍ​ជាតិ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានចាត់ទុក វិស័យ​អប់រំ​ជា​វិស័យ​អាទិភាព​ទី​១ ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព​។​

លោក​បាន​បញ្ជាក់ថា​៖«​សាលាបឋមសិក្សា​គំរូ​ត្រូវ​ធានាបាន​នូវ​គណនេយ្យភាព​របស់​សាលារៀន ចំពោះ​សហគមន៍ និង​អាជ្ញាធរ​អប់រំ​គ្រប់​លំដាប់ថ្នាក់ គ្រូបង្រៀន​ត្រូវគោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ដូចជា​ការបង្រៀន​គ្រប់​ម៉ោង​តាម​កម្មវិធីសិក្សា​កំណត់​»​។ 


លក្ខណសម្បត្តិ​នៃ​សាលាបឋមសិក្សា​គំរូ​រួមមាន​ដូចជា សាលារៀន​មាន​គណនេយ្យ​ភាព ជាមួយ​សហ គមន៍ និង​សម្រេចបាន​ស្តង់ដា សាលារៀន​គំរូ​, សាលារៀន​មាន​ស្វ័យភាព ក្នុង​ការងារ​ផែនការ​កែ លម្អ​សាលារៀន គណៈ​គ្រប់គ្រង និង​គ្រូបង្រៀន​, សិស្ស​ត្រូវបាន​ធ្វើតេស្ត​ស្តង់ដា​ប្រកបដោយតម្លាភាព និង​យុត្តិធម៌​, គ្រូបង្រៀន ប្រើប្រាស់​លទ្ធផល​តេស្ត ដើម្បី​កែលម្អ​ការបង្រៀន​,ការបង្កើត​សកម្ ភាព​ក្រៅ​ម៉ោង​សិក្សា ដើម្បី​ការអប់រំ​ចរិយា​ធម៌ និង​សីលធម៌​, ការយកចិត្តទុកដាក់​ដល់​សុខភាព​សិក្សា និង​ការចូលរួម​របស់​មាតា​បិតា អ្នកអាណាព្យាបាល និង​សហគមន៍ ក្នុងការ​គាំទ្រ​និង​អភិវឌ្ឍ​សាលារៀន​។​

​លោក ហេង វណ្ណដា ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា បាន​ប្រាប់​ឱ្យដឹងថា សាលារៀន​នៅ​កម្ពុជា​ចាប់ពី​បឋមសិក្សា រហូតដល់​វិទ្យាល័យ មិនទាន់មាន​ស្តង់ដា​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​មានតែ​កិច្ចដំណើរការ​ដោយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ដូច​នៅ​បរទេស​ដែរ​។ ដោយឡែក​ការដាក់​សាលាបឋមសិក្សា​គំរូ មិន​ងាយ​អាច​នឹង​ជោគជ័យ​នោះទេ បើ​មិនមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​


​លោក ហេង វណ្ណដា បាន​ថ្លែងថា​៖«​មិនមែន​យើង​នៅក្នុង​វិស័យ​អប់រំ ហើយ​ធ្វើឱ្យមាន​ការអប់រំ​ស្តង់ដា​ទេ តែ​យើង​ត្រូវ​ពិនិត្យមើល ទៅលើ​ប្រព័ន្ធគ្រប់គ្រង​ថែមទៀត ក្នុងនោះ​យើង​ត្រូវ​ស្វែងរក​អ្នក​ដែលមាន​ជំនាញ និង​បទពិសោធន៍ យកមកអនុវត្ត និង​ទទួលបន្ទុក​ខុសត្រូវ​លើ​ការងារ​ហ្នឹង នៅក្នុង​ក្រសួង​អប់រំ​។ ជាមួយគ្នា​នោះ ក្រសួង​ក៏ត្រូវ​រើស​អ្នក​នៅ​ខេត្ត ជាពិសេស​មន្ទីរ​ខ្លួនឯង ក៏​ត្រូវតែ​ខ្លាំង​ដែរ​»​។​

លោក​បាន​បន្តថា ដើម្បី​អនុវត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​ចំពោះ​សាលាបឋមសិក្សា​គំរូ គឺ​ត្រូវមាន​ការលះបង់​ច្រើន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​មានការ​ចូលរួម​ឱ្យបាន​សស្រាក់សស្រាំ​ជាទីបំផុត​។ ជាមួយគ្នា​នោះ ក្រសួង​ក៏ត្រូវ​សាកល្បង​ជាមុនសិន​លើ​គម្រោង​នេះ ដោយ​ត្រូវ​កែលម្អ​បន្ទប់រៀន និង​កម្មវិធីសិក្សា​ឱ្យមាន​ភាពច្បាស់លាស់ និង​ស្តង់ដា​។ ម្យ៉ាងទៀត គ្រូបង្រៀន​ត្រូវតែ​បង្រៀន​ឱ្យ ទៅតាម​កម្មវិធីសិក្សា និង​គ្រប់​ម៉ោង​។​

​សូម​បញ្ជាក់ដែរថា នៅក្នុង​កិច្ចប្រជុំ​ដំបូង​របស់​គណៈរដ្ឋមន្ត្រី​នីតិកាល​ទី​៧ នៃ​រដ្ឋសភា នា​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២៣​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានសម្រេច​ដាក់ចេញ​វិធានការ​គន្លឹះ​ចំនួន ៤ រួមមាន​៖ (១) ការពង្រឹង​អភិបាលកិច្ច​សាលារៀន​, (២) ការពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធីសិក្សា​, និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា ឱ្យស្រប​ទៅតាម​តម្រូវការ​ក្នុងការ​ពង្រឹង​ចំណេះដឹង​, វិន័យ​, សីលធម៌ និង ឥរិយាបថ របស់​សិស្ស​។ (៣).​ការយកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស តាមរយៈ​កម្មវិធី​អាហា រូបត្ថម្ភ ដល់​កុមារ និង​ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅតាម​សាលារៀន​, និង​(៤). ការជំរុញ និង​លើកទឹកចិត្ត​ការចូលរួម​របស់​មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍​ក្នុងការ​អប់រំ ស្របតាម​ពាក្យស្លោក «​ភាពជា​ដៃគូ​រដ្ឋ និង​សហគមន៍ ដើម្បី​ការអប់រំ​»​។​

ជាមួយគ្នា​នោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ដាក់ចេញ​នូវ​វិធាន​គន្លឹះ​ចំនួន​៤ ផងដែរ ដែល​ត្រូវបាន​បញ្ជ្រាប​ក្នុងការ​អនុវត្ត «​ស្តង់ដា​សាលារៀន​គំរូ​» និង«​ពានរង្វាន់​សាលារៀន​គំរូ​» ដោយ​ផ្តោត លើ​លទ្ធផល​ការបង្រៀន​និង​រៀន​, ការចូលរួម​របស់​ស​ហគ​មន៍​,​ដំណើរ​ប្រតិបត្តិការ​និង​រដ្ឋបាល​សាលារៀន និង​គណនេយ្យភាព​រប​ស់​សាលារៀន​៕