ភ្នំពេញៈ ក្រសួងសុខាភិបាល បានរៀបចំ​គ្រូ​បង្គោល​ថ្នាក់ជាតិ​ដែល​មកពី​បណ្ដា​មន្ទីរពេទ្យ​ជាតិ​ទាំងអស់ ដើម្បី​ចុះ​ពង្រឹងសមត្ថភាព​ក្រុមគ្រូពេទ្យ​សង្គ្រោះបន្ទាន់​នៅតាម​មន្ទីរពេទ្យបង្អែក​ស្រុក ខេត្ត នៅ​ទូទាំងប្រទេស ដើម្បី​ផ្ដល់​សេវា​ផ្នែក​សង្គ្រោះបន្ទាន់​ប្រកបដោយ​គុណភាព ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​


​គម្រោង​នៃ​ការរៀបចំ​គ្រូ​បង្គោល​ថ្នាក់ជាតិ​សម្រាប់​ចុះទៅ​បណ្ដុះបណ្ដាល​ផ្នែក​សង្គ្រោះបន្ទាន់​នេះ បានលើកឡើង​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១២ ខែមករា ដែល​ដឹកនាំ​ដោយ​លោក ង៉ូ​វ កាង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​គ្រូ​បង្គោល​ថ្នាក់ជាតិ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការចុះ​បណ្ដុះបណ្ដាល និង​ពង្រឹងសមត្ថភាព​ក្រុមគ្រូពេទ្យ​សង្គ្រោះបន្ទាន់​នៅតាម​មន្ទីរពេទ្យបង្អែក​ស្រុក ខេត្ត​នៅ​ទូទាំងប្រទេស​។ 

លោក​បានលើកឡើង​នា​កិច្ចប្រជុំ​នោះ​ថា ការរៀបចំ​សមាសភាព​គ្រូ​បង្គោល​ថ្នាក់ជាតិ​នេះ ដើម្បី​ពង្រឹងសមត្ថភាព​ក្រុមគ្រូពេទ្យ​នៅតាម​មន្ទីរពេទ្យបង្អែក​ស្រុក ខេត្ត នៅ​ទូទាំងប្រទេស​ដើម្បី​ផ្ដល់​សេវា​ផ្នែក​សង្គ្រោះបន្ទាន់​ប្រកបដោយ​គុណភាព សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ហ្វេ​ស​ប៊ុ​ក​ក្រសួងសុខាភិបាល នា​ថ្ងៃទី​១៣ ខែមករា​។​


​លោក ង៉ូ​វ កាង បាន​ថ្លែងថា​៖ «​ក្រុមគ្រូពេទ្យ​នៅតាម​មន្ទីរពេទ្យបង្អែក​ស្រុក ខេត្ត នៅ​ទូទាំងប្រទេស ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​នេះ​ក៏​នឹងត្រូវ​ក្លាយជា​គ្រូ​បង្គោល​ដើម្បី​ជួយ​បណ្ដុះបណ្ដាល​បន្តទៅ​ដល់​ម​ណ្ឌ​ល​សុខភាព​នានា​ទូទាំងប្រទេស ពី​វិធាន​នៃ​ការសង្គ្រោះ​បឋម និង​សុវត្ថិភាព​នៃ​ការបញ្ជូន​អ្នកជំងឺ​ពី​មណ្ឌល​សុខភាព​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក ឬ​ខេត្ត​ទៅតាម​ការចាំបាច់​»​។​

ដើម្បីឱ្យ​ការបណ្ដុះបណ្ដាល​នេះ​ទទួលបាន​នូវ​លទ្ធផល​ល្អ​នោះ មុននឹង​ឈាន​ចុះទៅ​ធ្វើការ​បណ្ដុះបណ្ដាល លោក​បានរៀបចំ​កម្មវិធី​សិក្សា​មួយ​ដែលមាន​រយៈពេល​ខ្លី ក្រោម​ការដឹកនាំ​ដោយ​ក្រុមការងារ​គ្រូ​បង្គោល​ថ្នាក់ជាតិ​ដែលមាន​សមាសភាព​មក​ពី​បណ្ដា​មន្ទីរពេទ្យ​ជាតិ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ជា​សាស្ត្រាចារ្យ និង​វេជ្ជបណ្ឌិត ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ​នៅ​ផ្នែក​សង្គ្រោះបន្ទាន់ និង​ប្រ​ពោ​ធន​កម្ម​។​


លោក នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៤ ខែមករា​ថា រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧​នេះ មានការ​កែប្រែ និង​ពង្រឹង​សេវា​វិស័យ​សុខាភិបាល​ច្រើន ក្នុងនោះ​មាន​ទាំង​ការចុះពង្រឹង​សេវា​នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ ក៏ដូចជា​ពង្រឹងសមត្ថភាព​របស់​ក្រុមគ្រូពេទ្យ​ផងដែរ​។ 

លោក​បាន​បន្តថា ចំពោះ​ការពង្រឹង​សមត្ថភាព​គ្រូពេទ្យ ផ្នែក​សេវា​សង្គ្រោះបន្ទាន់​នៅតាម​មន្ទីរពេទ្យបង្អែក​ស្រុក វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​បង្ខិត​សេវា​សុខាភិបាល​ដោយ​គ្របដណ្ដប់​ការជួយ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ទាន់ពេលវេលា ជាពិសេស​គឺ​បានរួម​ចំណែក​កាត់បន្ថយ​អត្រា​មរណៈ​របស់​អ្នកជំងឺ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​កាលណា​គ្រូពេទ្យ​មាន​សមត្ថភាព ក្នុង​ការផ្ដល់សេវា​ជួយសង្គ្រោះ​បន្ទាន់​បាន​ទាន់ពេលវេលា ខ្ញុំ​គិតថា សេវា​សុខាភិបាល​របស់​យើង​កាន់តែ​ល្អប្រសើរ និង​កាន់​តែមាន​ប្រសិទ្ធភាព ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ​»៕