​ភ្នំពេញៈ​ ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា និង​ទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កូរ៉េ (KOICA)​ បាន​ប្តេជ្ញា​ធ្វើ​ការ​រួមគ្នា​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ​បណ្តុះ​ធុរ​កិច្ច​ថ្មី ​ក៏ដូច​ជា​អភិ​វឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​ ខណៈ​ភាគី​ទាំង​២ត្រៀម​បើក​សម្ពោធ​គម្រោង​ចំនួន​២ ​នៅ​ពេល​ឆាប់ៗ​មុខ​។​


​ការ​បញ្ជាក់​ជំហរ​នេះ ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិ​ភាក្សា​ការ​ងារ​រវាង​លោកឧបនាយក​រដ្ឋ​មន្ត្រី ហង់​ជួន ណា​រ៉ុ​ន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ និង​លោក​ស្រី Choi Moon Jung នាយិកា​ប្រចាំ​ប្រទេស​នៃ​ការិ​យា​ល័យទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កូរ៉េ KOICA ​កាល​ពី​ថ្ងៃទី​១២​ ខែ​មករា ឆ្នាំ​២០២៤​។​

​តាម​រយៈ​ជំនួប​នេះ​ថ្នាក់​ដឹក​នាំ​នៃ​ទីភ្នាក់​ងារ​ KOICA និង​ក្រសួង​អប់រំ​ក៏បាន​ប្តេជ្ញា​ធ្វើការ​រួមគ្នា ​ដើម្បី​ធានា​ការ​អនុវត្ត​គម្រោង​ទាំង​នេះ​ប្រកប​ដោយ​ជោគ​ជ័យ ជំរុញ​កំណើន ​និង​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ជា​មួយ​គ្នានេះ KOICA បាន​សា​ទរ និង​កា​រប្តេ​ជ្ញាចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​បន្ត​ភាព​ជា​ដៃគូ​ជិត​ស្និទ្ធ​របស់​ខ្លួន​ជា​មួយ​ក្រសួង​អប់រំ ​ដើម្បី​គាំទ្រ​ដល់​អាទិ​ភាព​របស់​រដ្ឋាភិ​បាល​កម្ពុជា​ក្នុងការ​ខិត​ខំ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ឱ្យ​ស្រប​តាម​យុទ្ធ​សាស្ត្របញ្ច​កោណ​។
 
​តាម​រយៈ​ជំនួប​នេះ ភាគី​ទាំង​២ បាន​ពិភាក្សា​ផ្ដោត​សំខាន់​លើ​ការ​រៀបចំ​ពិធី​សម្ពោធ​នា​ពេល​ខាង​មុខ​ សម្រាប់​គំនិត​ផ្តួច​ផ្តើម​សំខាន់ៗ​ចំនួន​២​ គឺមជ្ឈ​មណ្ឌល​ជាតិ​បណ្តុះ​ធុរកិច្ច​ថ្មី​នៃ​កម្ពុជា ​(NICC)​ក្រោម​គម្រោង​សម្រាប់​ការ​បង្កើត​ប្រព័ន្ធ ​Incubation រវាង​សាលា​រៀន ​និង​ឧស្សា​ហ​កម្ម​ និង 48 ICT Labs ក្រោម​គម្រោង​ការក​សាង​សមត្ថ​ភាព​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌​មាន និង​សារ​គមនា​គមន៍ (ICT)​នៅ​កម្រិត​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​កម្ពុជា​។ ​នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ KOICA​។​


​ក្រសួង​អប់រំ​ក៏បាន​បញ្ជាក់​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​ថា​៖«​ពិធី​សម្ពោធ​នេះនឹង​ក្លាយ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​ក្នុងការ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​គម្រោង​គាំទ្រ​ជា​ច្រើន​បន្ត​បន្ទាប់​ទៀត​ក្នុង​ភាព​ជា​ម្ចាស់​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​»​។​

​ប្រភព​ដដែល​បាន​ឱ្យ​​ដឹង​ថា​ ក្នុង​ជំនួបនោះ​លោក​ស្រី ​Choi Moon Jung បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហ​ការ​ជា​មួយ​ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា ​ខណៈ​បច្ចុ​ប្បន្ន​គម្រោង​ចំនួន​៤​កំពុង​ដំណើរ​ការ​។ 


គម្រោង​ទាំង​នោះ​រួម​មាន១​-ប្រព័ន្ធ ​Incubation រវាង​សា​លារៀ​ន និង​ឧស្សាហ​កម្មនៅ​កម្ពុជា ​ឆ្នាំ២​០១៩-​២០២៤  ២-​គម្រោង​ការ​ផ្តល់​អាហារ​ដល់​សាលា​ដាំ​ដុះ​នៅ​ផ្ទះ (HGSF) ២០២០-​២០២៦ ៣-គម្រោង​កសាង​សមត្ថ​ភាព ​(ICT)​ នៃ​ការ​អប់រំ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​កម្ពុជា​២០២១-​២០២៦ ​និង៤-​គម្រោង​បង្កើត​វិស្វ​កម្ម​បរិ​ស្ថាន​នៅសា​កល​វិទ្យា​ល័យ​ភូមិ​ភ្នំពេញ ​(RUPP) ដើម្បី​ជំរុញ​ធន​ធាន​មនុស្ស​ក្នុង​កម្រិត​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា​២០២១-​២០២៦​។

​លោក​ស្រី​បាន​បញ្ជាក់​ថា៖«​ការ​ផ្លាស់​ប្តូរ​គំនិត ​និង​ការ​យល់​ដឹង​នេះ​នឹង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ការ​រៀបចំ​កិច្ច​សហ​ប្រតិ​បត្តិការ​នា​ពេល​អនា​គត​របស់​យើង​ និង​តម្រឹម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់​យើង​ដើម្បី​បំពេញ​តម្រូ​វការ​របស់​កម្ពុជា​»៕