ភ្នំពេញ​៖ ក្រសួង​ធ​នធាន​ទឹក និង​ឧតុ​និយម​បាន​ប្រកាស​ឱ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​សាស្ត្រ ​ជួរ​ភ្នំ​ដង​រែក​ និង​ខ្ពង់​រាប​ភាគ​ឦ​សាន​ប្រុង​ប្រយ័ត្ន​ និង​ថែរក្សា​សុខ​ភាព​ ខណៈ​ធាតុ​អាកាស​​ចុះ​ត្រជាក់​ដល់​១៦​ អង្សា​សេ ចាប់​ពី​ថ្ងៃទី​១៤ ​រហូត​ដល់​ថ្ងៃទី​២០ ​ខែមករា ឆ្នាំ​២០២៤​។​


​ក្រសួង​បាន​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែមករា​ថា ​ដោយ​សារ​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​បាន​បង្កើន​ឥទ្ធិ​ពល​គ្រប​ដណ្តប់​មក​លើ​ភាគ​ឦ​សាន និង​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា ​ក្នុង​នោះ​មាន​ ខេត្ត​មណ្ឌល​គិរី ​រតន​គិរី និង​ខេត្ត​ព្រះ​វិហារ ​ដែល​ធាតុ​អាកាស​ចុះ​ត្រ​ជាក់​នៅ​ពេល​ព្រឹក​ សី​តុណ្ហ​ភាព​អប្ប​បរមា​ពី១៦-​១៨ អង្សា​សេ​។​

​សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា​៖«​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​សាស្ត្រ​ជួរ​ភ្នំ​ដង​រែកនិង​ខ្ពង់​រាប​ភាគ​ឦ​សាន សូម​ប្រុង​ប្រយ័ត្ន​ថែ​រក្សា​សុខ​ភាព​ចំពោះ​ធាតុ​អាកាស​ត្រជាក់​ដោយ​ស្លៀក​សម្លៀក​បំពាក់​ឱ្យបាន​គត់​មត់​ដើម្បី​បង្ការ​ពី​ជំងឺ​តម្កា​ត់​នានា​ដែល​អាច​កើត​មាន​ឡើង​ជាយ​ថា​ហេតុ​»​។​


​ដោយ​ឡែក​តំបន់​វាល​ទំនាប​សីតុណ្ហ​ភាព​អប្បប​រមា​មាន​ពី២១​-២៣​អង្សា​សេនិង​សីតុណ្ហ​ភាព​អតិប​រមា​ពី ៣៣-​៣៥​អង្សា​សេរី​ឯ​តំបន់​មាត់​សមុទ្រ​សីតុណ្ហភា​ព​អប្ប​បរមា​មាន​ពី ២៣-​២៥ អង្សា​សេ ​និង​សីតុណ្ហ​ភាព​អតិ​បរមា​ពី ៣២-​៣៤ ​អង្សា​សេ​។​

​លោក​ ណុប ​វុទ្ធី អភិ​បាល​រង​ខេត្ត​ព្រះ​វិហារបាន​ប្រាប់​នៅ​ថ្ងៃទី​១៤ ​ខែមករា​ថា ក្នុង​អំឡុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​ខ្លាំង​អាជ្ញា​ធរ​ខេត្តបាន​ណែនាំ​ដល់​ប្រជា​ពលរដ្ឋសូម​ប្រុង​ប្រយ័ត្ន​ការពារ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ​ឱ្យ​បាន​ល្អ ​ដើម្បី​ចៀស​ផុតពី​ជំងឺ​តម្កាត់​ផ្សេងៗ​។ 


​លោក​ថ្លែង​ថា​៖«​យើង​បា​នណែ​នាំ​ឱ្យ​គាត់​ត្រូវ​ស្លៀក​ពាក់​អាវ​ក្រាស់ៗ​ដើម្បី​ការពារ​កុំឱ្យ​ធាតុ​ត្រជាក់​ប៉ះ​ខ្លួន​ប្រាណ​ដោយ​ចំហ​ធ្វើ​យ៉ាង​ណា​ឱ្យមាន​ការ​រក្សា​កម្ដៅ​ក្នុង​ខ្លួន​ជា​ធម្មតា​។ប្រសិន​បើ​បង​ប្អូន​មាន​រោគ​សញ្ញា​ពិបាក​ដក​ដង្ហើម​ គ្រុន​ក្តៅ ក្អក ឈឺ​ក និងឈឺ​សាច់​ដុំ ឬ​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​ត្រូវ​ស្វែងរក​ការ​ព្យាបា​ល​នៅ​តាម​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំផុត​»​។​

​លោក​បាន​ឱ្យដឹ​ង​ដែរ​ថា រដ្ឋ​បាល​ខេត្ត​ តែង​តែ​ផ្សព្វ​ផ្សាយ​តាម​រយៈ​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅតាម​មូលដ្ឋា​នចុះ​អប់រំ​បន្ត​ទៅកាន់​ប្រជា​ពលរដ្ឋ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ហើយ​រដ្ឋបាល​ខេត្ត​ក៏បាន​បង្កើត​ទី​បញ្ជា​ការ​មួយដោ​យ​ដាក់​លេខ​ទូរ​ស័ព្ទ​ដើម្បី​រង់​ចាំ​ទទួល​ប្រជា​ពល​រដ្ឋ ដែល​ទាក់​ទង​មក​ត្រូវ​ការ​ជំនួយ​បន្ទាន់​។​

​ចំណែក​លោក​ ញ៉ែម ​សំអឿន ​អភិ​បាល​ខេត្ត​រតន​គិរីក៏បាន​ឱ្យដឹង​ដែរ​ថា ខេត្ត​បាន​ត្រៀម​វិធាន​ជា​ហូរ​ហែ​រួច​មក​ហើយ ​ដែល​វិធាន​ការ​ការ​ពារ​ទាំង​នោះនៅ​តាម​មូល​ដ្ឋាន​ដែល​មាន​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​តែង​តែ​ចុះ​ទៅ​ណែនាំ​ទៅ​ដល់​ប្រជា​ពល​រដ្ឋនៅ​ពេល​ដែល​មា​នការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដើម្បី​ឱ្យ​ពួក​គាត់​ត្រៀម​កា​រពារ​និង​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខ​ភាព​ជា​ដើម​។ 

​លោក​បាន​បញ្ជាក់​ថា​៖«​យើង​អនុវត្ត​វិធាន​ការ​ដូច​កាល​ពី​មុន​ដែរ​ដោយ​ឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន​របស់​យើង​មើល​ការ​ខុស​ត្រូវ​ដោយ​ពិនិត្យ​មើល​ពី​ការ​ខ្វះ​ខាត និង​ភាព​លំបាក​ខ្លាំង​របស់​ពលរដ្ឋ​យើង​ដើម្បី​ផ្ដល់​សម្ភារ​ការ​ពារ​ខ្លួន​ក្នុង​អំឡុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​»​។​

​ក្រៅ​ពីនេះលោក​ ញ៉ែម ​សំអឿន ក៏បាន​ណែ​នាំ​ឱ្យ​ប្រជា​ពលរដ្ឋ​ជា​ជន​ចាស់​ជរា​និង​ក្រុម​គ្រួសារ​ដែល​មាន​មនុស្ស​ចាស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ភាព​របស់​ពួក​គាត់​និង​មិន​ត្រូ​វឱ្យ​មនុស្ស​ចាស់​ជរា​ចេញ​ក្រៅ​ផ្ទះ​ឡើយ ​បើ​សិន​គ្មាន​ការ​ចាំ​បាច់​៕