សៀមរាបៈ លោកនាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បានចេញ​សារ​អបអរសាទរ «​ប្រាសាទអង្គរវត្ត​» ដែល​ជាប់​ជាទី​តាំង​ដ៏​ល្អ​បំផុត​ចំណាត់ថ្នាក់​លេខ ​១  ​សម្រាប់​មើល​ថ្ងៃ​រះ នៅ​អាស៊ី​អាគ្នេយ៍ និង​ពិភពលោក​។ នេះ​បើ​យោងតាម​បណ្តាញ​តេ​ឡេ​ក្រាម​របស់លោក​ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​ ១៤ ខែមករា ឆ្នាំ​ ២០២៤​។​

​យោងតាម​គេហទំព័រ Mornings.co.uk ដែល​ប្រមូល​ទិន្នន័យ និង​ស្វែងរក​ពាក្យ​គន្លឹះ «​ថ្ងៃ​រះ​» នៅក្នុង​ប្រទេស​ប្រមាណ ​៧២ នៅ​ជុំវិញ​ពិភពលោក​ក្នុងនោះ​ប្រា​សាទ​អង្គរវត្ត​របស់​កម្ពុជា​ជាប់​ជាទី​តាំង​ដែល​ទទួលបាន​ការលើក​ឡើង​ច្រើនជាងគេ និង​ត្រូវបាន​ចាត់ទុកថា​ «​ជា​កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ការមើល​ថ្ងៃ​រះ​»​ គឺមាន​អ្នក​លើកឡើង​ចំនួន​ ១០ ៤០៤​ នាក់​។ ដោយ​ពុំមាន​ចំណាត់​​ថ្នាក់​លេខ ២ ​និង​លេខ ៣ Mornings.co.uk ចាត់​ចំណាត់ថ្នាក់​លេខ​ ៤ ទៅ​ប្រាសាទ​ព្រះពុទ្ធ​សា​សនា Borobudur នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែលមាន​អ្នក​លើកឡើង ​១៦០០​ នាក់ ទទួលបាន​ចំណាត់​​ថ្នាក់​លេខ​ ៤ ខណៈ​តំបន់​កោះ Ko Lipe ក្នុងប្រទេស​ថៃ មាន​អ្នក​លើកឡើង ​១៩០​ នាក់ ទទួលបាន​ចំណាត់ថ្នាក់​លេខ ២៦ ​និង ឧទ្យាន Merlion នៅ​សិង្ហ​បុរី​មាន​ចំណាត់​ថ្នាក់ទាប​ជាងគេ​គឺមាន​អ្នក​លើកឡើង​ ៣០ ​នាក់ ទទួលបាន​ចំណាត់ថ្នាក់​លេខ ​៥៦​។​

​ជាមួយគ្នានេះ​លោក តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរ​ណ៍​ក៏បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​ប្រាសាទអង្គរវត្ត​របស់ កម្ពុជា  បាន​ជាប់​ជាទី​តាំង​ល្អ​បំផុត នៅ​អាស៊ីអាគ្នេយ៍ និង​នៅលើ ពិភពលោក​សម្រាប់​មើល​ថ្ងៃ​រះ​នេះ​ផងដែរ​។ លោក​សុភ័ក បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៤ ខែមករា​ថា នេះ​ជា​មោទនភាព​សម្រាប់​កម្ពុជា ដែលជា​ចំណុច​ទាក់ទាញ និង​ជា​អត្តសញ្ញាណ​របស់​កម្ពុជា ដោយ​ទេសចរ​អន្តរជាតិ​ភាគ​ច្រើន​បំផុត មក​កម្ពុជា ក្នុង​គោល​ដៅ​ទស្សនា​រមណីយដ្ឋាន​ប្រា​សាទ​អង្គរ​ដ៏​ល្អ​វិចិត្រ​នេះ​។​


​យោងតាម​គេហទំព័រ Mornings.co.uk បាន​បញ្ជាក់ថា​៖ «​ប្រាសាទអង្គរវត្ត​ជា​អច្ឆរិយវត្ថុ​មួយ​ក្នុងចំណោម​អច្ឆរិយ​ទាំង ​៧  ​របស់​ពិភពលោក​បុរាណ និង  ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​។ ទីនេះ​សម្បូរ​ទៅដោយ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ និង​ជា​កន្លែង​ទាក់ទាញ​ដែល​អ្នកទេសចរ​ត្រូវតែទៅ​ទស្សនា​យ៉ាងហោចណាស់​បាន​ម្តង​ក្នុង​ជីវិត និង​មិនគួរ​រំលង​ឡើយ​»​។​

​លោក តុ​ប សុភ័ក បាន​ថ្លែងប្រាប់​ឱ្យដឹងថា នេះ​មិនមែនជា​លើក​ទី​ ១ ​នោះទេ​ដែល​អង្គរវត្ត របស់​កម្ពុជា ទទួលបាន​ចំណាត់​ថ្នាក់​នាំមុខគេ ក្នុងនាម​ជាទី​តាំង​ដែល​មើល​ថ្ងៃ​រះ​ស្អាត​ជាងគេ​នេះ ប៉ុន្តែ​បានជា​ប់​ច្រើនដង​ដែរ​ហើយ​។​


​លោក​បញ្ជាក់ថា​៖ «​ហើយ​ថ្មីៗ​នេះ នៅលើ​គេហទំព័រ​ Trip Advisor ដែលជា គេហទំព័រ​ទេសចរណ៍​ធំជាងគេ​លើ​ពិភពលោក ក៏បានផ្តល់​ចំណាត់ថ្នាក់​លេខ​ ៩ ​ទៅដល់​រាជធានី​ភ្នំពេញ​ដែលជា​គោល​ដៅ​ទេសចរណ៍​ដែល​ពេញនិយម ទាំង ​១០ នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ ​២០២៤​ ផងដែរ​។ ទាំងនេះហើយ​ជា​ចំណុច​ពិសេស ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បរ​ទេស​មក​កម្ពុជា​បន្ថែម​ទៀត​»​។​

​កន្លងទៅ​ភ្ញៀវទេសចរ ដែល​បានធ្វើ​ដំណើរ​ទស្សនា​ជុំវិញ​ពិភពលោក តាមរយៈ​គេហទំព័រ​ទេសចរណ៍​ផ្សេងៗ​ទៀត​តែងតែបាន​បោះឆ្នោតឱ្យ​តំបន់​ទេសចរណ៍​របស់​កម្ពុជា​ផ្សេងៗ​ទៀត ជាប់​ចំណាត់ថ្នាក់​ល្អ​នាពេល​កន្លងមក​ដូចជា​ទាក់ទង​នឹង​ចំណាត់​ថ្នាក់​ជា​ប្រទេស ដែល​ប្រជាជនមាន​ស្នាមញញឹម​រួសរាយ​រាក់ទាក់​ជាងគេ​លើ​ពិភពលោក ជាដើម ដោយ​ធ្លាប់​ទទួលបាន​ចំណាត់​​ថ្នាក់​លេខ ​១,​លេខ​ ២​ ជាច្រើន​ដង​ដែរ​។ 

​លោក​ សុភ័ក បន្តថា​៖ «​កិច្ចការ​ទាំងអស់នេះ​ជាការ​ចូល​ ​រួមចំណែក​នៅក្នុង​ការ​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា​យើង​ជាពិសេស​តំបន់​រមណីយ​​ដ្ឋា​ន​ប្រាសាទ​អង្គរ​ក្នុង​ខេត្តសៀមរាប​តែម្តង​។ ការដែល​សៀមរាប​មានកេរ្តិ៍ឈ្មោះ​កាន់តែ​ល្បីល្បាញ​បែបនេះ មិន​ត្រឹមតែ​ទាក់ទាញ​ទេស​ចរមក​សៀមរាប​តែមួយ​ទេ តែ​ភ្ញៀវ​ក៏​នឹង​ដើរ​កម្សាន្ត​កន្លែង​​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ ដូច្នេះ​សូម​ចូលរួម​ផ្សព្វផ្សាយ​ទាំងអស់គ្នា​»​។​

​ជាមួយគ្នានេះដែរ​លោក ហូ​ វណ្ណឌី ទីប្រឹក្សា​សមាគម​ទី​ភ្នា​ក់​​ងារ​ទេសចរណ៍​កម្ពុជា​ក៏បាន​បង្ហាញ​ពី​ការ​សាទរ​ចំពោះ​លទ្ធ​​ផល​នេះដែរ ដោយ​លោក​យល់​​ឃើញថា នេះ​ជា​ចំណុច​មួយ​បន្ថែមទៀត ក្នុងការ​ទាក់ទាញ​ទេសចរ​បរទេស​ឱ្យមក​ទស្សនា​កម្ពុជា ជាពិសេស​តំបន់​រមណី​​យ​ដ្ឋា​ន​អង្គរ​។​

​លោក​បាន​ប្រាប់​ឱ្យដឹងថា​៖ «​ជាទូទៅ​ភ្ញៀវទេសចរ អន្តរជាតិ​មុននឹង​គេ​ដើរ​កម្សាន្ត​ទៅ​បរទេស ជាពិសេស​នៅ​រដូវ​កាល​នេះ ដែលជា​រដូវ​កាល​មាន​អ្នកទេសចរ​ច្រើន​ផង​នោះគេ​តែង​តែ​ស្រាវជ្រាវ​រកមើល​ប្រទេស​ណា ឬ​កន្លែង​កម្សាន្ត​ណា​ដែលមាន​ភាព​ទាក់ទាញ​ជាពិសេស​គោល​​ដៅ​ទេសចរណ៍​ដែល​ល្បីល្បាញ គេ​ចង់​ទស្សនា​ណាស់​។ ដូច្នេះ​ការដែល​តំបន់​ទេសចរណ៍​របស់​យើង ដូចជា​ប្រាសាទអង្គរវត្ត​ជាដើម បាន​ជាប់​ចំណាត់ថ្នាក់​ក្នុងការ​បោះឆ្នោត​ពី​អ្នកទេសចរ​មានន័យថា ជាការ​ផ្តល់ព័ត៌មាន​វិ​ជ្ជ​មាន​ដល់​ទេសចរ​បរទេស​ផ្សេងទៀត ពី​ភាព​ទាក់ទាញ​នៃ​តំបន់​ទេសចរណ៍​របស់​កម្ពុជា​»​។ 

​លោក​ក៏​សំណូមពរ​ផងដែរ​ឱ្យមាន​ការ​​រួមគ្នា​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងការ​ផ្សព្វផ្សាយ​ពី​រូបភាព​ល្អ​នៃ​តំបន់​ទេសចរណ៍​ពី​ចំណុច​វិជ្ជមាន​របស់​ប្រទេសជាតិ​ឱ្យបាន​ច្រើន​ទើប​ជា​វិធីសាស្ត្រ​ដ៏​ល្អ​ក្នុងការ​រួមចំណែក​ធ្វើឱ្យ​វិស័យ​ទេសចរ​រស់​ឡើងវិញ​។​

​សូម​រំឭកថា ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​សម​រាត្រី (Equinox) ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត តែង​កើតឡើង​ចំនួន ២ ​ដង ក្នុង​ ១ ​ឆ្នាំ ដោយ   លើក​ទី​ ១ នៅក្នុង​ខែមីនា និង​លើក​ទី​ ២​ ក្នុង​ខែកញ្ញា ដោយមាន​ការ​ចូលរួម​ទស្សនា​និង​ផ្តិត​យក​រូបភាព​យ៉ាងច្រើន​កុះករ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​៕