​ភ្នំពេញៈ​ ក្នុង​ឆ្នាំ​​ ២០២៣ មន្ទីរ​ពេទ្យ​គន្ធបុប្ផា បាន​ពិនិត្យ និង​ព្យា​បាល​កុមារ​ឈឺ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​បាន​ចំនួន​ជិត ៩០​ ម៉ឺន​នាក់​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ មានការ​កើនឡើង​ចំនួន ៣៦%​។​


​លោក ​គី សង់​ទី ប្រធាន​មន្ទីរ​​ពេទ្យ​គន្ធបុប្ផា​ភ្នំពេញ បានឱ្យដឹង​នៅ​ថ្ងៃទី ​១៤ ខែមករា​ថា ក្នុង​ឆ្នាំ​ ២០២៣ មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ៥​ សាខា ទាំង​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប បាន​ពិនិត្យ និង​ព្យាបាល​កុមារ​ឈឺ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​បាន​សរុប ៨៩៩ ៦៩២ ​នាក់ បើ​ធៀប​នឹង​ឆ្នាំ ​២០២២ មានការ​កើនឡើង​ចំនួន ៣៦%​។​

​ចំណែក​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ ត្រូវបាន​ដាក់ឱ្យចូល​ស​ម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន​សរុប ១៨៤ ០៥៥​ នាក់ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ មានការ​កើន ៥៣%​។ ក្នុងចំណោម​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​បានដាក់​ឱ្យ​សម្រាក​នៅ​ពេទ្យ មាន​ប្រហែល​ពី ​២៥-៣០​ ភាគរយ​។​


​លោក ​គី សង់​ទី ឱ្យដឹងទៀតថា ដោយឡែក​កុមារ​ដែល​កើត​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ មាន​ ១៦ ១៦០​ នាក់​ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​កុមារ​ដែល​ត្រូវ​វះកាត់​មាន​ ២៧ ៧០០​នាក់ ក្នុងនោះ​មាន​វះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃ​ឈាមមាន​ ៩៤៩​ នាក់​។ ចំពោះ​នៅ​ផ្នែក​សម្ភព​វិញ​ស្ដ្រី​មាន​ផ្ទៃពោះ​ចំនួន ១០៨ ៧១៩​ នាក់​បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល និង​មាន​ស្ត្រី​មក​សម្រាលកូន​ចំនួន ២១ ៦៤៤​ នាក់​។​

​លោក​ថា​៖ «​យើង​មាន​បញ្ហា​ប្រឈម​ខ្វះខាត​គ្រែ​សម្រាប់​ទារក និង​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ដែល​បាន​ចូល​សម្រាក​ពេទ្យ​ផ្នែក​សង្គ្រោះបន្ទាន់​ដែល​ពេលខ្លះ​ត្រូវ​គេង​ ២​ នាក់​លើ​គ្រែ​តែ​ ១ ហើយ​កុមារ​មាន​ជំងឺ​ខ្លះ​ត្រូវបញ្ជូន​ពី​គ្លីនិក​ឯកជន មន្ទីរ​​ពេទ្យ​ផ្សេងៗ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំងពេក​ដែល​ករណីខ្លះ​មន្ទីរពេទ្យ​មិន​អាចជួយ​សង្គ្រោះបាន ករណីខ្លះ​ត្រូវ​សម្រាក​ពេទ្យ​ក្នុង​រយៈ​ពេល​យូរ​»​។ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​រកឃើញ​កុមារ​ឈឺ​ភាគច្រើន រលាក​ផ្លូវដង្ហើម រលាក​សួត ជំងឺ​​របេង ជំងឺគ្រុនឈាម និង​ជំងឺ​រលាក​ស្រោមខួរ​ជាដើម​៕