​ភ្នំពេញៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ប៉ែន បូ​ណា បាន​លើក​ឡើង​ថា ការគាំទ្រ​លោក​ហ៊ុន​ ម៉ា​ណែ​ត កំពុងមាន​សម្ទុះ​ពី​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស​អ្នករស់នៅ​ឯនាយសមុទ្រ​ដែល​តែងតែ​ចេញ​សារ​គាំទ្រ និង​ទទួល​ស្វាគមន៍​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​យ៉ាង​គគ្រឹកគគ្រេង​។​


​លោក​បានលើកឡើង​ដូចនេះ​នៅ​ថ្ងៃទី​​ ១៤ ខែមករា ក្រោយ​បាន​ទៅដល់​អាកាសយានដ្ឋាន​​អន្តរជាតិ Orly​ នាទី​ក្រុងប៉ារីស​ក្នុង​ដំណើរ​ទស្សនកិច្ច បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង​កាលពី​ល្ងាច​ថ្ងៃទី​ ១៣ ខែមករា ដោយមាន​វត្តមាន​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​ជាច្រើនរូប​ដែល​រស់នៅ​ទ្វីបអឺរ៉ុប​បាន​រង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​។​

​លោក​ប៉ែន បូ​ណា បាន​ថ្លែងថា មិន​ថា​ក្នុង​ជំនាន់​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ទេ​គឺ​តែង​ទទួលបាន​សារ​គាំទ្រ និង​ការទទួល​ស្វាគមន៍​ពី​ប្រជាពលរដ្ឋ និស្សិត​នៅក្រៅ​ប្រទេស ជា​ច្រើន​កុះករ ពេល​ប្រមុខ​រដ្ឋា​ភិ​បាល​ទាំង ​២​ ជំនាន់​ទៅ​បំពេញ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​ម្តងៗ​។​


​លោក​បាន​បន្តថា​៖«​គ្រាន់តែ​ទទួលដំណឹង​ថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទទួល​បានការ​​អញ្ជើញ​ពី​លោក​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង និស្សិត និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​រស់នៅ​អឺរ៉ុប​បានចេញ​ឃ្លី​ប​វីដេអូ​អបអរសាទរ​ជា​បន្តបន្ទាប់​ដោយ​ទឹក​ចិត្ត​រំភើប​យ៉ាង​ក្រៃលែង​»​។​

​បើតាម​លោក ប៉ែន បូ​ណា សម្ទុះ​ការគាំទ្រ​នេះ​បាន​កើន​ឡើងជា​លំដាប់​ពី​ ១​ ឆ្នាំទៅ​ ១ ​ឆ្នាំ ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​ការ​បោះឆ្នោត​អាណត្តិ​ទី​ ៧​ កន្លងទៅ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ​រហូត ៨២ ​ភាគរយ​ក្នុងចំណោម​អ្នកបោះឆ្នោត​ ៨៣​ ភាគរយ​នៃ​ផ្ទៃ​ប្រទេស ហើយ​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស​ទៀតសោត​ក៏បាន​ងាក​មក​គាំទ្រ​រាជរដ្ឋាភិបាល​ផងដែរ ដោយសារ​ការដឹកនាំរ​បស់​លោក​ហ៊ុន សែន និង​លោក​ហ៊ុន ម៉ា​ណែ​ត ជា​សក្ខីកម្ម បង្ហាញ​ពី​សន្តិភាព ស្ថិរភាព​សង្គម ការអភិវឌ្ឍ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​


​លោក​ប៉ែន បូ​ណា បាន​បញ្ជាក់ថា​៖ «​សំឡេងគាំទ្រ​របស់​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​បន្ត​កើន​ឡើងជា​លំដាប់​ឥតឈប់ឈរ​គឺជា​ឧត្តមភាព​ដ៏​ក្លៀ​វ​​ក្លា​របស់​រាជរដ្ឋាភិបាល​។ ឧត្តមភាព​នេះ​កំពុង​លើកស្ទួយ​មោទនភាព​ជាតិខ្មែរ​ក៏ដូចជា​កិត្យានុភាព​របស់​កម្ពុជា​ឱ្យ​កាន់តែ​ខ្ពស់​ត្រ​ដែ​ត​ឡើង​ទាំង​នៅក្នុង​ផ្ទៃ​ប្រ​ទេស និង​លើ​ឆាក​អន្តរជាតិ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​តាម​តេ​ឡេ​ក្រាម​របស់លោក​នៅ​ព្រឹក​ថ្ងៃទី ​១៤ ខែមករា ដោយ​លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​វត្ត​​មាន​ទទួល​ស្វាគមន៍​លោក​នៅ​ព្រលានយន្តហោះ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត​ដែល​រស់នៅ​ទ្វីបអឺរ៉ុប​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​បារាំង និង​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​ ៥៤ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​​លោក នៅ​ប្រទេស​ស្វ៊ី​ស​។​

ពលរដ្ឋនៅបារាំងស្វាគមន៍លោកហ៊ុន ម៉ាណែត​​ ពីថ្ងៃទី​ ១៤ មករា។ រូប STPM

​លោក​គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ដែរ​ថា តាម​ការកត់សម្គាល់​ឃើញ​ថា ទោះបី​មិនទាន់មាន​ការសិក្សា​បែប​វិទ្យាសាស្ត្រ​ឬ​ការ
​ស្ទង់​មតិ​ក្តី ប៉ុន្តែ​លទ្ធផល​ការ​​បោះឆ្នោត​ឆ្នាំ​ ២០២៣ ​កន្លងមក​ដែល​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​ជាមួយ​លទ្ធផល​ខ្ពស់ ជា​សូចនាករ​វាស់វែង​ពី​ប្រជាប្រិយ​​ភាព​របស់លោក​ហ៊ុន ម៉ា​ណែ​ត និង​លោក​ហ៊ុន សែន ផងដែរ​។​

​លោក​បាន​បន្តថា តាមរយៈ​ការសង្កេត ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ក៏​តែង​ចេញ​សារ​និង​ចេញ​ស្វាគមន៍ រាល់​វត្ត​មានដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​របស់​មេដឹកនាំ​កម្ពុជា​ផងដែរ​។​

​លោក​គិ​ន ភា បាន​បន្តថា​៖ «​កម្រិត​ប្រជាប្រិយភាព​របស់​សម្តេច​ធិបតី ហាក់​មាន​ខ្ពស់ បើ​ធៀប​នឹង​និន្នាការ​មិន​សប្បាយ ឬ​ប្រឆាំង​វត្តមាន​របស់​សម្តេច​ធិបតី​នៅក្រៅ​ប្រទេស មិន​ថា​នៅ​សហរដ្ឋអាមេរិក​ក្តី នៅ​ជប៉ុន​ឬ​នៅ​អឺរ៉ុប​ក្តី​។ អ្នកគាំទ្រ​ហ្នឹង​មាន​ទំហំ​ធំ​ជាង​អ្នក​បាតុកម្ម​ប្រឆាំង​ដែល​បញ្ជាក់ថា សម្តេច​មានការ​គាំទ្រ​នៅក្រៅ​ប្រទេស​ក្នុង​ទំហំ​មួយ​ខ្ពស់​»​។​

​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ទៅកាន់​បារាំង និង​ស្វ៊ី​ស​លើក​នេះ​វិញ លោក​គិ​ន ភា បាន​ថ្លែងថា នឹង​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​បារាំង​និង​ស្វ៊ី​ស និយាយ​ដោយឡែក និង​ជា​ច្រកទ្វារ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​ភាព​អឺរ៉ុប​និយាយ​ជារួម ព្រោះ​បារាំង​ជា​ឆ្អឹងខ្នង​សំខាន់​របស់​សហភាព​អឺរ៉ុប ខណៈ​ស្វ៊ី​ស​ជា​ច្រកទ្វារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​។​

​លោក​ថា កម្ពុជា​គួរតែ​បន្ត​យន្តការ​ការទូត​ផ្កា​ចម្រុះ​ពណ៌​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បារាំង និង​ការចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូស ជាទី​ជួបជុំ​ជាមួយ​បណ្តា​មេដឹកនាំ​ពិភពលោក​។ ជាមួយគ្នានេះ​កម្ពុជា​ត្រូវតែ​បង្កើន​ការ​​ចូលរួម​ក្នុង​កិច្ចការ​តំបន់ និង​អន្តរ​ជាតិ ជាពិសេស​ជំហរ​ន​យោ​បាយ​ការបរទេស​ដែល​ឯករាជ្យ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ គោល​ការណ៍​មិន​ចូលបក្ស​សម្ព័ន្ធ ព្រម​​ទាំង​ការទូត​សាធារណៈ​ផ្សេងៗ​ទៀត​ក៏​ដូច​ជុំវិញ​ការងារ​មនុស្ស​ធម៌ ការងារ​បោសសម្អាត​មីន គំនិត​ផ្តួចផ្តើម​វិបត្តិ​អាកាសធាតុ និង​ការបញ្ជ្រាប​ការទូត​សេដ្ឋ​​កិច្ច​ដើម្បី​ទាក់ទាញ​ការវិនិយោគ និង​ពាណិជ្ជកម្ម​។​

​សូម​ជម្រាប​ដែរ​ថា លោក​ហ៊ុន ម៉ា​ណែ​ត ទៅ​ទស្សនកិច្ច​នៅ​បារាំង​តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​បារាំង​ចាប់​ពីថ្ងៃ​ទី ​១៨​ ដល់​ថ្ងៃទី ​១៩ ខែមករា ដែល​លោក​នឹង​ជួប​ប្រធានាធិបតី​បារាំង​លោក​ម៉ា​ក្រុង នៅ​វិមាន​​អេ​លី​ហ្សេ ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​បារាំង អគ្គ​​លេខាធិការ​អង្គការ​អន្តរ​ជា​ត្រិ​ហ្វង់​កូ​ហ្វូ​នី និង​ជួប​ជាមួយ​វិស័យ​ឯកជន​របស់​បារាំង​ផងដែរ​៕​