​ភ្នំពេញៈ ក្រសួង​ព័ត៌មាន​ចាត់ទុក​របាយការណ៍រ​បស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​​ Human Rights Watch (HRW) អំពី​សេរីភាព​សារ​​ព័ត៌មាន​នៅ​កម្ពុជា​ថា មិនបាន​ឆ្លុះបញ្ចាំង​អំពី​ការពិត​នៅ​កម្ពុជា​និង ​«​ជាការ​បរាជ័យ​» ក្នុងការ​បង្ហាញ​អំពី​ស្ថានភាព​ពិត​នៃ​សេរីភាព​សារព័ត៌មាន សេរី​​ភាព​ក្នុងការ​បញ្ចេញមតិ និង​សេរីភាព​ក្នុង​ការទទួល​ព័ត៌មាន​នៅ​កម្ពុជា​។


​ប្រតិកម្ម​របស់​ក្រសួង​ព័​ត៌​មាន​ធ្វើឡើង​ក្រោយពី​អង្គការ​HRW​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី ​១១ ខែមករា បានចេញ​របាយ​​ការណ៍​ពិភពលោក​ប្រចាំឆ្នាំ​ ២០២៤ (World Report 2024)​ ដែល​របាយការណ៍​នេះ​លើកឡើងថា រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​គ្រប់គ្រង​ដោយមាន​ប្រសិទ្ធភាព​នូវ​ទូរទស្សន៍ វិទ្យុ និង​កាសែត​ជា​ភាសា​ខ្មែរ​នៅក្នុង​ប្រទេស​ទាំងអស់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយចំនួន​ដែល​នៅ​សេសសល់​ត្រូវ​ទទួលរង​នូវ​ការយាយី ការ​បំភិតបំភ័យ និង​ការគំរាមកំហែង​នៃ​ការបិទ​ជាប្រចាំ​។​

​លោក ទេព អ​ស្នា​រិ​ទ្ធ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​ថ្លែងថា ការសន្និដ្ឋាន​របស់រ​បាយ​ការណ៍​អង្គការ​ HRW ​ដែល​បាន​មើល​ត្រឹមតែ ​១ ​ជ្រុង​នៃ​ស្ថាន​ភាព​ពិតប្រាកដ​នៃ​ការអភិវឌ្ឍ​របស់​វិស័យ​ទាំងមូល​នៅ​កម្ពុជា គឺជា​សេចក្តីសន្និដ្ឋាន​ខ្វះ​ការ​ថ្លឹងថ្លែង​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ​។ លោកបាន​ថ្លែង​ដោយ​ចាត់ទុក​របាយការណ៍​នេះ​ជា​របាយការណ៍​ខ្វះ​ព័​ត៌​មាន មាន​ភាពលម្អៀង មាន​ចេតនា​ធ្វើឱ្យ​វិស័យនេះ​អាប់​​ឱន បង្ខូច​កិច្ចខិតខំ សមិទ្ធផល និង​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា​។​


​លោក ទេព អ​ស្នា​រិ​ទ្ធ បាន​ថ្លែងថា​៖ «​នៅ​កម្ពុជា​សេរីភាព​សារព័ត៌​មាន សេរីភាព​ក្នុងការ​បញ្ចេញ​​មតិ និង​សេរីភាព​ក្នុង​ការទទួល​ព័ត៌មាន​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ព្រះរាជាណាចក្រ​​កម្ពុជា  ព្រមទាំង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​»​។

​លោក​បន្តថា អ្នក​សារព័ត៌​​មានបាននិងកំពុង​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ពេញលេញ យ៉ាងសកម្ម​ពី​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស ក្នុង​ការចុះ​យក​ព័​ត៌​មាន ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ទម្រង់ ក៏ដូចជា​ធ្វើ​សេចក្ដីរាយការណ៍​ព័ត៌មាន​នានា​ដោយ​សេរី គ្រប់ពេល​វេលា ដោយ​សុវត្ថិភាព តាម​វិជ្ជាជីវៈ​ខ្លួន​ដោយ​តម្លាភាព ហើយ​ទទួលបាន​ការទុកចិត្ត និង​ការគាំទ្រ​ពី​សាធារណជន​ទូទៅ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។​


​លោក​ថ្លែងថា ទិដ្ឋភាព​ទាំង​​អស់នេះ​បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​អំពី​ភាព​រីកចម្រើន​នៃ​វិស័យ​ព័ត៌មាន និង​ការ​អភិ​​វ​ឌ្ឍ​កាន់តែ​ប្រសើរឡើង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ប្រកបដោយ​លក្ខណៈ​ចម្រុះ​និង​សម្បូរបែប ក្រោម​ការដឹក​នាំ និង​គ្រប់គ្រង​របស់​រាជរ​ដា្ឋ​ភិ​បាល​កម្ពុជា​ពី ១​ អាណត្តិ​ទៅ​ ១​ អាណត្តិ​។​

​លោក ទេព អ​ស្នា​រិ​ទ្ធ បន្តថា ក្នុង​អាណត្តិ​ទី​៧ ​នេះ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​ក្នុងការ​គាំពារ​សិទ្ធិ សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌​​មាន ដោយ​លើកកម្ពស់​ស្ថាប័ន​សារព័ត៌មាន​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​សម្រាប់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ទៀត​។​

​លោកបាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​អ្នក​សារ​​ព័ត៌មាន​ដែល​កន្លងមក​បាន​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន បានល្អ និង​បាន​ប្រកបការងារ​ដោយ​មិន​បំពាន​លើស​តួនាទី​ខ្លួន​ជា​អ្នកសារព័ត៌មាន មិន​បំពាន​លើ​សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ មិន​បម្រើឱ្យ​របៀបវារៈ​នយោបាយ ដោយ​គោរព​ផលប្រយោជន៍​ជាតិ​កម្ពុជា និង​បាន​គោរព​កាតព្វកិច្ច​របស់ខ្លួន​ក្នុង​ដែន​ដែល​ច្បាប់​បានកំណត់​»​។  

​លោក​បន្តថា​៖ «​រីឯ​អ្នក​សារ​​ព័ត៌មាន ឬ​អង្គភាព​សារព័ត៌មាន ដែល​បាន​បំពាន​ក្រមសីលធម៌ បំពាន​លិខិតបទដ្ឋាន​គតិយុត្តិ ត្រូវតែ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ជា​ធរមាន ដោយ​អនុលោម​តាម​គោលការណ៍​នីតិរដ្ឋ​»៕