ភ្នំពេញៈ រដ្ឋបាល​ជលផល នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានជូនដំណឹង​ដល់ប្រជានេសាទ​នៅតំបន់​ឆ្នេរសមុទ្រ ពីការបិទការ​ធ្វើនេសាទ​ត្រីកាម៉ុង សម្រាប់​រដូវនេសាទ​ឆ្នាំ ២០២៤ ចាប់ពីថ្ងៃទី ១៥ ខែមករា រហូត​ដល់ថ្ងៃ​ទី ៣១ ខែមីនា​ឆ្នាំ ២០២៤​នេះ។ 


ការប្រកាស​បិទ​ការនេសាទ ចាប់ពី​ថ្ងៃទី១៥ ខែមករា រហូតដល់​ថ្ងៃទី៣១ ខែមីនា គឺដោយសារតែ វាជា​រដូវ​បន្ត​ពូជ និងពងកូន​របស់​ត្រី កាម៉ុង "ប្លាធូ" ក្នុងដែន​នេសាទ​សមុទ្រ​កម្ពុជា។ 

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល​បានបញ្ជាក់​ថា៖«ដូច្នេះ​ដើម្បី​ធានាបាន​និរន្តរភាព​ផលស្តុក​ក្នុង​ធម្មជាតិ សូមប្រជាពលរដ្ឋ​ដែលប្រកប​របរនេសាទ​ត្រី កាម៉ុង"ប្លាធូ" ទាំងអស់ សូមផ្អាក​សកម្មភាព​ការនេសាទ​ត្រីកាម៉ុង "ប្លាធូ" តាមពេលវេលា​ដូចមាន​ក្នុងសេចក្តី​ជូនដំណឹង​នេះ»។


រដ្ឋបាល​ជលផល​សង្ឃឹម​ថា ប្រជាពលរដ្ឋ ដែលប្រកប​របរនេសាទ​ត្រី កាម៉ុង "ប្លាធូ" ទាំងអស់ និងចូលរួម​អនុវត្ត​តាមការជូន​ដំណឹងនេះ ដើម្បី​រួមចំណែក​ថែរក្សា និងការពារធនធាន​ជលផល​សមុទ្រ​ឱ្យមាន​និរន្តរភាព៕