ភ្នំពេញ: ការតាំង​ពិ​ព័រ​ណ៍​បែប​​ប្រកួត​ពហុ​សិល្បៈ​​ឯករាជ្យ​ នៅ​សាល​សិល្បៈសណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រាបានបង្ហាញ​​ស្នាដៃ​​សិល្បៈ​​​ភាព​ច្នៃប្រឌិតដែល​ទាក់ទាញ​អ្នកទស្សនា​តាំងពី​ពេល​​​ឈាន​ជើង​ចូល​សាល​ទទួលភ្ញៀវ​។

​នៅ​ក្នុង​សាល​ទទួល​ភ្ញៀវលោកអ្នក​ត្រូវបាន​ស្វាគមន៍​ដោយ​ស្នាដៃ​គំនូរ​ធំៗនិង​សិល្បៈ​ដំឡើង​ ទាំង​នៅ​ក្បែរ​ច្រក​ចូលកន្លែង​ទទួល​ភ្ញៀវ​និង​ក្បែរ​សាឡុង​ ដោយ​មាន​ការ​បញ្ចាំង​ពន្លឺ​ភ្លើង​​​រំលេច​ភាព​ស្រស់​ស្អាត​ដ៏​ស្រទន់​។

ជាមួយ​ការ​ដាក់​ពាក្យ​ប្រកួត​​អ្នក​សិល្បៈ​ ១៦០នាក់​មក​ពី​ទូទាំង​ប្រទេស​ គណៈវិនិច្ឆ័យដែល​មាន​បទពិសោធន៍និង​ជំនាញ​ខាង​សិល្បៈ​​វប្បធម៌បាន​ជ្រើសរើស​ស្នាដៃ​ចំនួន៤១ពី​អ្នក​សិល្បៈ​​ ៤១រូប​ដើម្បី​ធ្វើ​ការ​តាំង​ពិព័រណ៍និង​ប្រកួត​ប្រជែង​។


ចាប់​ពី​ផ្ទាំងគំនូរ​ រូបថត​តូច​រហូត​ដល់​ស្នាដៃ​យក្ស​កម្ពស់៣ម៉ែត្រ​ សិល្បករ​ទាំង​នោះ​មក​ពី​គ្រប់​ទិសទី​នៃ​ប្រទេស​ ដើម្បី​បង្ហាញ​ទាំង​ស្នា​ដៃច្នៃ​ប្រឌិត​របស់​ខ្លួន​និង​ដណ្ដើម​ពាន​រង្វាន់​ផង​ដែរ។

លោក Charles-Henri Chevet នាយក​គ្រប់​គ្រង​ទូទៅ​ប្រចាំ​តំបន់​នៃ​សណ្ឋាគារសូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រាបានថ្លែង​នៅ​ថ្ងៃ​បើក​សម្ពោធ​ពិព័រណ៍​ស្នាដៃ​ កាលពី​ថ្ងៃទី៤ខែ​មករា​ថា​៖ ​«ពិព័រណ៍​នេះ​គឺជា​កិច្ចសហការ​រវាង​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រាជាមួយ Recreation Cambodia និង Le Lezard Bleu ក្នុង​គោលបំណង​ស្វែងយល់​ពី​ប្រធានបទ​នៃ​ឯករាជភាព​ក្នុង​ទម្រង់​ផ្សេងៗ​នៃ​សិល្បៈក៏ដូចជា​ការ​អបអរសាទរ​ខួប​លើក​ទី៧០​ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​»។


​លក្ខណវិនិច្ឆ័យ​នៃ​ការជ្រើសរើស​ត្រូវបាន​ធ្វើ​ឡើង​ដោយ​​ផ្តោតលើ​ប្រធានបទ​នៃ​ឯករាជភាពភាពជាក់ស្តែង​នៃ​ការបង្កើត​សិល្បៈនិង​ប្រភពដើម​។​


គណៈវិនិច្ឆ័យរួម​មានលោក Charles-Henri Chevet,លោក​ Pierre Rol ជា​ទីប្រឹក្សា​នៅ​ Le Lezard Bleu និងលោកស្រីបណ្ឌិត ​Kerya Chau Sun អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​។

ការប្រកួត​ប្រជែង​ក្នុង​ការ​តាំង​ពិ​ព័រ​ណ៍នេះ​ផ្ដល់​​​រង្វាន់​ចំនួន​ ៣ប្រភេទ​ ​គឺរង្វាន់ផ្ដល់​ពិន្ទុ​ពី​គណៈ​វិនិច្ឆ័យ​ រង្វាន់​បោះ​ឆ្នោត​ជា​សាធារណៈនិង​រង្វាន់​អ្នក​មាន​ទេពកោសល្យ​វ័យ​ក្មេង​បំផុត​។រង្វាន់​ទាំងនេះ​បម្រើ​ជា​សក្ខីកម្ម​ចំពោះ​ខ្លឹមសារ​នៃ​ឯករាជភាពនិង​ភាព​ច្នៃប្រឌិត​នៅ​ក្នុង​ពិភព​សិល្បៈ​។

លោក Chevet បាន​និយាយថា៖​ «​រង្វាន់​ចំនួន​៣ ​ត្រូវបាន​បង្កើតឡើង​ដើម្បីផ្ដល់​ការ​​ទទួលស្គាល់និង​ផ្តល់រ​ង្វាន់​ដល់​ការខិតខំ​ប្រឹងប្រែង​​​របស់សិល្បករ​ឆ្នើម​»។​

​ស្នាដៃ​សិល្បៈ​ដ៏គួរ​ឱ្យ​កត់​សម្គាល់​​ ១ ​ក្នុងចំណោម​ស្នាដៃ​សិល្បៈទាំង​អស់​ «Broaden You Horizon» ពី​កញ្ញា អែម ច័ន្ទបូមរី ដែល​ផ្តោតលើ​សេរីភាព​របស់​ស្ត្រីនិង​ជា​និមិត្តរូប​នៃ​ការផ្លាស់ប្តូរ​របស់​ពួកគេ​ដោយ​ស្ដ្រី​បាន​សក​ចេញ​ទៅជា​សត្វមេអំបៅ​នៅពេលដែល​ពួកគេ​រួច​ផុតពី​ឧបសគ្គ​ក្នុងសង្គម​។​

កញ្ញា​បាន​និយាយថា ចំពោះផ្ទៃ​ខាង​ក្រោ​យនៃ​គំនូរ​នេះ​ជា​ពណ៌​ព្រះ​អាទិត្យ​រះដែល​តំណាង​ឱ្យ​ថ្ងៃ​ថ្មីហើយ​ស្ដ្រី​ហោះ​ចេញ​ពី​សម្បុក​នាង​ និង​ប្រែ​ក្លាយ​ជាសត្វ​មេអំបៅ។

កញ្ញា​ អែម ច័ន្ទបូមរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ដូច្នេះពេលណា​ស្ដ្រី​នីមួយៗ​រក​ឃើញ​ខ្លួនឯង​ និង​ចេញ​ពី​សម្បុក​នាង​ដោយ​ខ្លួន​ឯងនោះ​ជា​ពេល​វេលា​ដែល​ពួកគាត់​ទទួល​បាន​ឯករាជ​ភាព​ និង​ជីវិត​ថ្មី​របស់​ពួកគាត់​»។

ជាមួយ​បទពិសោធន៍​ជា​អ្នក​គូរ​គំនូរ​បែប​ឌីជីថលកញ្ញាច័ន្ទបូរមី​ បាន​និយាយថាកញ្ញា​​​មិនរំពឹង​ថា​ស្នាដៃ​របស់​ខ្លួន​បាន​ជាប់​មក​ដល់​ការ​តាំង​នៅ​វិចិត្រសាល​របស់​សណ្ឋាគារ​សូហ្វីតែល​នេះទេ​។ប៉ុន្ដែ​កញ្ញា​ក៏​សប្បាយ​ចិត្ដ​ពេល​ឃើញ​ស្នាដៃរបស់ខ្លួន​ត្រូវបាន​តាំង​បង្ហាញ​ និង​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​គំនូរ​ និង​រូបថត​របស់សិល្បករ​ឆ្នើម​ៗ​ជា​ច្រើន​រូប​ទៀតនេះ។

វិចិត្រករ​ថ្មីថ្មោង​រូប​នេះបាន​ឱ្យដឹងថាការ​រៀបចំ​ពិព័រណ៍​ និងការ​ប្រកួត​ប្រជែង​បែប​នេះ​ពិត​ជា​ល្អ​សម្រាប់​សិល្បករ​ ជាពិសេសសិល្បករ​ក្មេងៗដែល​ចង់​បង្ហាញ​ស្នាដៃ​របស់​ពួកគេ​។

សិល្បករ​ខ្លះ​មិន​ហ៊ាន​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ ដោយបានត្រឹមតែ​គូររួច​ក៏​ទុក​ចោល​ តែពួកគេបាន​អរគុណ​ដល់​ការ​រៀបចំ​ពិព័រណ៍​ស្នាដៃ​ទាំង​នេះ​។

កញ្ញា​បាន​បន្ដថា​៖ «​ខ្ញុំគិត​ថាសិល្បៈ​គឺ​អ្វីដែល​ធ្វើ​ឱ្យ​ពិភពលោក​មាន​ភាព​ច្នៃ​ប្រឌិត​ និង​ពោរពេញ​ដោយ​ពណ៌​ចម្រុះ​»។

ដោយ​ប្រើ​បច្ចេកទេស​ថត​ ៣ប៉ុស្ដិ៍​ក្នុង​ស៊ុម​តែ១រូបថត​ពណ៌​សនិង​ខ្មៅបានបង្ហាញ​​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​បាទ​បរម​រតនកោដ្ឋរូប​វិមានឯករាជ្យនិងសត្វ​ព្រាប​ហើរ​។

សិល្បករយីនភារម្យក្នុង​ស្នាដៃ «ទិវា​ឯករាជ្យ​ជាតិ​លើកទី៧០» បាន​ឱ្យ​ដឹង​ថាវា​បង្ហាញ​ពី​ការ​ប្រារឰនិង​អបអរ​សាទរ​ចំពោះ​ទិវា​ឯករាជ្យ​ជាតិ៩វិច្ឆិកា​។រូបភាព​មនុស្ស​ហាត់​ប្រាណតំណាង​ឱ្យ​សេរីភាពនិង​ឯករាជ​ភាព​ដែល​ពួកគេ​អាច​ធ្វើ​អ្វី​ក៏បាន​។

លោកបាន​និយាយថា​៖ «ខ្ញុំ​មិនសូវ​មាន​សង្ឃឹម​ក្នុង​ការ​យក​ឈ្នះ​ការ​ប្រកួត​នេះ​ទេដោយសារ​ខ្ញុំមើល​ឃើញ​ថាស្នាដៃ​គំនូរសិល្បករ​មាន​ទេពកោសល្យ​ខ្លាំង។ពួកគាត់​អាច​ស្រមើល​ស្រមៃ​ពី​អ្វីពួកគាត់​គូរ​អំពីវា​ ដែល​ខុសពី​ការ​ថត​»។

លឿមឧត្តមរំលេច​​ស្នាដៃ​ របាំសួព្រ័ត្រ​ (The Rope Dancer)​ បង្ហាញ​ពី​ទេព​អប្សរា​ដើរ​លើ​​ខ្សែដោយ​ប្រើ​ក្បាច់​របាំ​ជា​លំនឹង​រាងកាយឆ្ពោះ​ទៅកាន់​ឆត្រ​រួត​ចំនួន៩ជាន់​។

លោក​បាន​និយាយថា​៖ «​ការ​ប្រើ​គំនូរ​មនុស្ស​ស្រីដោយ​សារភាគច្រើន​ស្ដ្រី​មាន​វ័យ​ចំណាស់​ក្នុង​ភូមិ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ចម្បង​នៅ​ក្នុង​គ្រួសារខណៈ​ស្វាមី​របស់​ពួកគាត់​បាន​ស្លាប់​អំឡុង​សម័យ​សង្គ្រាម​ ឬដោយសារ​គ្រឿង​ស្រវឹង​»។

ការតាំងពិព័រណ៍​នេះ​បើក​ទូលាយ​ដល់​សាធារណជនក្នុ​ងការ​ចូល​ទស្សនានិង​ចូល​រួម​បោះឆ្នោត​ចំពោះ​ស្នាដៃ​ដែល​ខ្លួន​ពេញ​ចិត្ដ​តាមរយៈ​លេខ​កូដ QR ដែល​បង្ហាញ​នៅជាប់​នឹង​ស្នាដៃ​សិល្បៈ​នីមួយៗ​។​

ការប្រកាសម្ចាស់​ជយ​លាភី​​ចុងក្រោយ​ក្នុង​ប្រភេទ​រង្វាន់​ទាំង៣ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៦​ ខែមករាឆ្នាំ២០២៤​​។​

ការ​ប្រារឰ​ពិព័រណ៍​ស្នាដៃ​សិល្បៈនិង​ឯករាជភាព​នេះធ្វើឡើង​តាមរយៈ​ការគាំទ្រ​ដ៏​សប្បុរស​ ដែល​ស្រឡាញ់និង​ផ្ដល់​តម្លៃ​ដល់​​សិល្បៈដើម្បី​បំផុសគំនិតនិង​បង្រួបបង្រួម​សហគមន៍​។​

លោក Chevet បាន​និយាយថា​៖​ «ពិព័រណ៍​នេះ​បើក​ជា​សាធារណៈហើយ​អ្នកទស្សនា​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​​​បោះឆ្នោត​ផង​ដែរ​​​»​។​

​ចូលរួម​អបអរសាទរ​ខួប​លើក​ទី៧០​ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​​កម្ពុជាតាមរយៈការ​ចូលរួម​​ពិព័រណ៍បែប​ប្រកួត​ប្រជែង​ស្នាដៃ​ចម្រុះ​ឯករាជ្យ​​ ដែល​សិល្បករ​បង្ហាញ​ពី​​ឥទ្ធិពលនៃ​សិល្បៈ​​​ដោយ​ផ្ដោត​លើ​​ស្មារតី​នៃ​សេរីភាពនិង​ការច្នៃប្រឌិត៕