ស្វាយរៀងៈ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងប្រាប់ឱ្យដឹងថា ករណីជ្រូកងាប់ជាច្រើនក្បាលជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មិនទាន់អាចសន្និដ្ឋានថា ជាជំងឺប៉េស្តជ្រូកអាហ្វ្រិក នោះទេ ខណៈមន្ត្រីជំនាញបានចុះទៅដល់ទីតាំងកើតហេតុ នាំយកសំណាកមកពីនិត្យនៅរាជធានីភ្នំពេញ។
កញ្ញា អ៊ឹម រចនា បានថ្លែងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ថា ករណីផ្ទុះជំងឺបណ្តាលឱ្យងាប់ជ្រូកនេះ កើតមានឡើងនៅក្នុងភូមិកណ្តាល ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ហើយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះទៅដល់ទីតាំងកើតហេតុរួចហើយដែរ ដោយសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
កញ្ញាបានបញ្ជាក់ថា៖«យើងនៅមិនទាន់អាចសន្និដ្ឋាន ១០០% បានទេថា ករណីជ្រូកងាប់នេះ កើតឡើងដោយសារតែជំងឺប៉េស្តជ្រូកអាហ្វ្រិក ប៉ុន្តែក្រុមការងារជំនាញបានបាញ់ថ្នាំសម្លាប់មេរោគ និងបានយកសំណាកសត្វដែលងាប់ហ្នឹងយកមកធ្វើការវិភាគ ដើម្បីឱ្យច្បាស់ថា ជ្រូកងាប់ដោយសារជំងឺអី ឬក៏ដោយសារតែមេរោគអីឱ្យប្រាកដ»។
កញ្ញា អ៊ឹម រចនា បានបន្តថា៖«បើសិនជាវិភាគចេញលទ្ធផលមកពិតជាជំងឺប៉េស្តជ្រូកមែន ជ្រូកដែលឈឺទាំងអស់ហ្នឹង នឹងត្រូវបំផ្លាញចោល ដើម្បីកុំឱ្យឆ្លងរាតត្បាត ទៅកាន់តំបន់ផ្សេងៗទៀត ហើយគិតមកត្រឹមពេលនេះ ករណីដែលមានជ្រូកងាប់នេះមានតែនៅក្នុងស្រុកកំពង់រោទ៍តែមួយនេះទេ មិនទាន់មានការឆ្លងរាលដាលទៅកាន់ស្រុកផ្សេងទៀតនៅឡើយ» ។
ទាក់ទិននឹងករណីនេះដែរ លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ក៏បានប្រាប់ឱ្យដឹងដែរថា តាមរយៈការចុះទៅពិនិត្យរបស់មន្ត្រីជំនាញនៅទីតាំងកើតហេតុបានរកឃើញសត្វជ្រូកចំនួន ១៣០ ក្បាល តែជ្រូកខ្លះមានជំងឺ និងខ្លះមិនមានជំងឺ ដោយក្នុងនោះមានជ្រូកចំនួន៤៧ក្បាលបានងាប់។
មន្ត្រីជំនាញក៏បានយកសំណាករបស់ជ្រូក ទៅពិនិត្យនៅរាជធានីភ្នំពេញ ដោយមកទល់ពេលនេះ លោកកំពុងរង់ចាំលទ្ធផល។ ជំហានបន្ទាប់ ក្រុមការងារសុខភាពសត្វ បានចុះអប់រំផ្សព្វផ្សាយពីការបង្ការបាញ់ថ្នាំ និងទប់ស្កាត់ពីការរីករាលនៃជំងឺផ្សេងៗរបស់សត្វ ទៅដល់ប្រជាពលរដ្ឋនៅក្នុងឃុំនានា នៃស្រុកកំពង់រោទ៍នេះផងដែរ។
លោក ប៉ែន ចាន់ធី បានថ្លែងថា៖«យើងធ្វើការផ្សព្វផ្សាយពីការការពារសុវត្ថិភាព ការបើកថ្នាំឱ្យគាត់ (ពលរដ្ឋ)រៀងៗខ្លួន យើងអត់ហ៊ានចូលពីផ្ទះមួយទៅផ្ទះមួយទេ ខ្លាចក្រែងមានជំងឹឆ្លង។ យើងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ចេញមកសិន»។
បើតាមលោក ប៉ែន ចាន់ធី ជ្រូកដែលងាប់ទាំង ៤៧ ក្បាលនោះ គឺមានទាំងមេ និងកូន ហើយក៏មិនបានអនុញ្ញាតឱ្យពលរដ្ឋដែលជាម្ចាស់ជ្រូកយកទៅធ្វើជាអាហារ និងលក់បន្តដែរ។
សូមបញ្ជាក់ថា កន្លងមកនេះ កម្ពុជាធ្លាប់មានករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងក្នុងភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវដែរ ដែលបានធ្វើឱ្យជ្រូកឈឺ និងងាប់ជាបន្តបន្ទាប់។ អាជ្ញាធរពាក់ព័ន្ធបានចាត់វិធានការបាញ់ថ្នាំ និងបញ្ឈប់សកម្មភាពជួញដូរសត្វជ្រូក ហើយជ្រូកដែលនៅសល់ត្រូវបានសម្លាប់ចោលជាច្រើនរយក្បាល។ ជាមួយគ្នានោះផងដែរ អាជ្ញាធរក៏បានប្រកាសមិនឱ្យមានការនាំចូលសត្វជ្រូកមកពីក្រៅប្រទេស ដើម្បីការពារកុំឱ្យមានការឆ្លងនៅក្នុងប្រទេសកម្ពុជា៕