ភ្នំពេញៈ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ក្រោមការឧបត្ថម្ភរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងផ្ដល់សេវាព្យាបាលភ្នែកដោយឥតគិតថ្លៃជូនពលរដ្ឋនៅខេត្តកណ្ដាល ខណៈដែលក្រុមគ្រូពេទ្យមកពីកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ក៏កំពុងផ្ដល់សេវាព្យាបាលភ្នែកដោយឥតគិតថ្លៃផងដែរជូនពលរដ្ឋនៅខេត្តមណ្ឌលគិរី។
ក្រោមការឧបត្ថម្ភរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត បានចុះពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋជាង២ពាន់នាក់នៅក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណអនុវិទ្យាល័យព្រែកក្របៅ។
ប្រជាពលរដ្ឋជាង ២ ពាន់នាក់ មកពីសង្កាត់ចំនួន ៦ ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល រួមមាន៖ សង្កាត់អរិយក្សត្រ សង្កាត់ស្វាយជ្រំ សង្កាត់ព្រែកតាកូវ សង្កាត់ព្រែកលួង សង្កាត់ព្រែកអំពិល និងសង្កាត់កោះឧកញ៉ាតី។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងឱ្យដឹងនៅថ្ងៃទី១៥ ខែមករា ថា ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ដែលមកពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃនេះ មិនមែនធ្វើឡើងតែក្នុងក្រុងអរិយក្សត្រនោះទេ ពោលគឺក្រុមគ្រូពេទ្យនឹងចុះពិនិត្យ ព្យាបាលនៅគ្រប់១៣ក្រុង-ស្រុកទូទាំងខេត្តកណ្ដាល ទៅតាម ផែនការដែលគ្រោងទុក។
លោកបានថ្លែងថា៖ «ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។
ចំណែកលោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក៏ឱ្យដឹងដែរថា ក្រុមគ្រូពេទ្យផ្នែកចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និងក្រុមគ្រូពេទ្យមកពីកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភពីមូលនិធិថែទាំសុខភាពភ្នែក បានចាប់ផ្តើមផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ ជូនដល់អ្នកជំងឺភ្នែកដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
លោកបានប្រាប់ថា កាលពីថ្ងៃទី១៤ មានប្រជាពលរដ្ឋរស់នៅបណ្ដាស្រុកផ្សេងៗក្នុងខេត្តមណ្ឌលគិរី និងមានមកពីខេត្តផ្សេងទៀត ដែលមានបញ្ហាភ្នែក បានមកពិគ្រោះ និងវះកាត់ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ហើយមកដល់ពេលនេះមានប្រជាពលរដ្ឋដែលទទួលសេវាវះកាត់រួចរាល់ បានចំនួនជាង ៣០នាក់ និងសេវាពិគ្រោះបានចំនួនជិត ១០០ នាក់។
លោក ប៊ុន សួរ បានថ្លែងថា៖ «ការវះកាត់ភ្នែក ឥតគិតថ្លៃរយៈពេល ៣ថ្ងៃហ្នឹង គឺក្រុមគ្រូពេទ្យធ្វើតែនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ុណ្ណោះ និងមិនមានគម្រោងចុះតាមមូលដ្ឋានឡើយ ប៉ុន្តែចំពោះការពិនិត្យភ្នែក គឺក្រុមគ្រូពេទ្យយើង តែងតែចុះទៅពិនិត្យ ក៏ដូចជាមណ្ឌលសុខភាពទាំងអស់ទូទាំងខេត្ត ក៏តែងតែផ្ដល់សេវាពិនិត្យឥតគិតថ្លៃនេះផងដែរ»។
លោក ប៊ុន សួរ ថា ចាប់ពីដើមឆ្នាំ២០២៤នេះតទៅ ប្រជាពលរដ្ឋដែលមានជំងឺភ្នែករស់នៅខេត្តមណ្ឌលគិរី មិនពិបាកធ្វើដំណើរទៅព្យាបាលផ្លូវឆ្ងាយទៀតឡើយ ពីព្រោះឥឡូវនេះក្រសួងសុខាភិបាល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ អគារចក្ខុរោគនេះ នឹងរំពឹងថាបានបម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកទាំងអស់ ដើម្បីឱ្យពួកគាត់បានមើលឃើញឡើងវិញ និងមិនមានជំងឺងងឹតភ្នែកបន្តទៀត៕