ភ្នំពេញៈ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស និង​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ ​កុំឱ្យ​មានការ​ភាន់ច្រឡំ​ចំពោះ​បណ្ណ​បើកបរ​អន្តរជាតិ ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​បណ្ណ​អនុញ្ញាត​បើកបរ​អន្តរជាតិ ដែល​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​ទាក់ទង​នឹង​បណ្ណ​បើកបរ​អន្តរជាតិ​។​


​ក្រសួង​បានប្រកាស​ឱ្យដឹង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤​ ថា មានការ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ ដែលមាន​ឈ្មោះថា «IAA international driving license បណ្ណ​បើកបរ​អន្តរជាតិ​» ដែល​បាន​បង្ហោះ​អមដោយ​រូបភាព បណ្ណ​បើកបរ​អន្តរជាតិ កាលពី​ខែតុលា ឆ្នាំ​២០២៣ ថា​៖«​ការធ្វើ​បណ្ណ​បើកបរ​អន្តរជាតិ ហេតុអ្វី​មិនចាំបាច់​រៀន ឬ​ប្រឡង​?»​។​

ប្រភព​ដដែល​នេះ​បានលើកឡើង​ទៀតថា សម្រាប់​ច្បាប់​បើកបរ​អន្តរជាតិ គឺ​ដូចគ្នា​គ្រប់​ប្រទេស​ទាំងអស់ មិន​ថា​ប្រកាន់​ស្តាំ ឬ​ឆ្វេង​ឱ្យ តែ​មាន​បណ្ណ​បើកបរ​មួយ​ហើយ អាចជា​បណ្ណ​បើកបរ​ខ្មែរ ឬ​បរទេស បានន័យថា​ បាន​ឆ្លងកាត់​ការរៀន និង​បើកបរ ប្រឡង​ជាប់​ហើយ គឺអាច​ដាក់ពាក្យ​ស្នើសុំ​ចូល​សមាគម​យក​បណ្ណ​បើកបរ​អន្តរជាតិ​បាន​ហើយ គឺ​មិនបាច់​ប្រឡង ឬ​រៀន​ទៀត​ទេ​។​


​បន្ទាប់ពី​ក្រសួង​បាន​ពិនិត្យឃើញ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​បែបនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា​៖«​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​កុំ​មានការ​កាន់​ច្រឡំ​ថា​សៀវភៅ​បកប្រែ​នេះ​ជា​បណ្ណ​អនុញ្ញាត​បើកបរ​អន្តរជាតិ​ដែលមាន​ការទទួលស្គាល់​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​»​។​

ជាមួយគ្នា​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ប្រើប្រាស់ សេវាសាធារណៈ​របស់​ក្រសួង​នៅតាម​បណ្តា​ទីតាំង​ផ្តល់​សេវា​ដែល​បានកំណត់ ដោយ​ត្រូវ​ចៀសវាង​ការប្រើប្រាស់​សេវា​ក្រៅផ្លូវការ ដែលនាំឱ្យ​ខាតបង់​ថវិកា ពេលវេលា និង​ទទួលបាន​ឯកសារ​ក្លែងបន្លំ​ពី​ជនខិលខូច​។​


លោក ហ៊ាង សុទ្ធា​យុទ្ធ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនអាច​ទាក់ទង​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បានទេ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ នេះ​។​

​ទោះជា​យ៉ាងណា យោងតាមប្រកា​សលេខ ០៣២ ប្រក​.​សក​.​ដ​ជគ ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ស្តីពី​នីតិវិធី​នៃ​ការចេញ​បណ្ណអនុញ្ញាត​បើកបរ​អន្តរជាតិ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួលស្គាល់​លើ​បណ្ណ​អនុញ្ញាត​បើកបរ​អន្តរជាតិ ស្របតាម​អនុសញ្ញា​ស្តីពី​ចរាចរណ៍​ផ្លូវគោក ទីក្រុង​ហ្សឺ​ណែវ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​១៩៤៩ ដែលមាន​សុពលភាព ១ ​ឆ្នាំ និង​អាច​បើកបរ​បាន​ ១០៣ ​ប្រទេសតែប៉ុណ្ណោះ​៕