ភ្នំពេញៈ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បានបង្ហាញ​របាយការណ៍​ឆ្នាំ​២០២៣ ថា ករណី​ជំងឺគ្រុនចាញ់​បានកើត​ឡើង​ជាង​ ១ ០០០​ ករណី ​នៅក្នុង​ឆ្នាំ​២០២៣ ថយចុះ​ជាង​ ៦០​ ភាគរយ បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ ​២០២២ ដែលមាន​ជំងឺគ្រុនចាញ់​ជាង​ ៤ ០០០ ​ករណី​។​


របាយការណ៍​នេះ​បានឱ្យដឹងថា ករណី​ជំងឺគ្រុនចាញ់​បាន​កើតមាន​ចំនួន ១ ៣៨៤ ករណី ក្នុង​ឆ្នាំ​២០២៣ ថយចុះ​ចំនួន ៦៦​ ភាគរ​យ បើ​ធៀប​ទៅ​ឆ្នាំ​២០២២ ដែល​ជំងឺគ្រុនចាញ់​កើតមាន ៤ ០៥៣​ ករណី​។​

​ប្រភព​ដដែល​បាន​បន្តថា​៖ «​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​ទាំង​ជាង​១​ពាន់​ករណីនេះ មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​នោះទេ ដែល​ចាប់តាំងពី​ឆ្នាំ​២០១៨​ មក កម្ពុជា​មិនមាន​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ឡើយ ពិសេស​ប្រទេស​កម្ពុ​ជាមាន​គោលដៅត្រូវ​លុបបំបាត់​ទាំងស្រុង​នូវ​ជំងឺគ្រុនចាញ់​នា​ឆ្នាំ​២០២៥»​។​


​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤​ថា ក្នុង​ខេត្តកំពង់ស្ពឺ នៅក្នុង​ឆ្នាំ ២០២៣ ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម ឬ​គ្រុនសន្ធំ គឺ​ត្រូវបាន​លុបបំបាត់បាន​ហើយ ប៉ុន្តែ​សម្រាប់​ប្រភេទ​គ្រុនចាញ់ គ្រុនលួសគឺ​នឹង​បន្ត​យុទ្ធនាការ​លុបបំបាត់​ឱ្យបាន​តាម​វឌ្ឍនភាព​របស់​មន្ទីរ​សុខាភិបាល​ខេត្ត គឺអាច​លុបបំបាត់បាន​នៅ​ឆ្នាំ​២០២៥​។​

លោក ថ្លែងថា​៖ «​មូលហេតុ​គឺថា នៅតាម​តំបន់​ព្រៃ​មួយចំនួន​ដែល​យើង​គិតថា តំបន់​ប្រឈម ព្រោះ​មិនមែន​គ្រប់​ព្រៃ​ទាំងអស់​សុទ្ធតែ​មាន​មូស​ខ្លា ឬ​មាន​គ្រុនចាញ់​នោះទេ​។ អ៊ីចឹង​! សម្រាប់​តំបន់​ណា​ដែល​ប្រឈម​នឹង​ជំងឺ​នេះ យើង​មាន​អ្នកតាមដាន​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មុននឹង​ពួកគេ​ចូល​ព្រៃ គាត់​ត្រូវ​មក​យក​ថ្នាំលេប ឬ​ថ្នាំលាប ឬ​មុង​ជ្រលក់​ថ្នាំ​ពី​មន្ត្រី​សុខាភិបាល​យើង​»​។​


​លោក វ៉ី សំណាង ថ្លែងថា នៅក្នុង​ឆ្នាំ​២០២៥ គោលដៅ​នៃ​ការលុបបំបាត់​ជំងឺគ្រុនចាញ់​ដែលជា​គោលដៅ​ធំ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​ឈ្នះ​ជំងឺគ្រុនចាញ់​នេះ​។​

នៅក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣ បានធ្វើ​ឡើង​ក្រោម​ប្រធានបទ «​នេះ​ជា​ពេលដែល​គ្រុនចាញ់​ត្រូវ​សូន្យ តាមរយៈ​ការវិនិយោគ កែច្នៃ និង​អនុវត្ត​» ក្នុង​គោលបំណង​បង្ហាញឱ្យឃើញ​ពី​ពេលវេលា ​ដែល​ត្រូវ​ធ្វើឱ្យ​គ្រុនចាញ់​សូន្យ​ពី​ពេលនេះ តាមរយៈ​ការលើកកម្ពស់ ប្រសិទ្ធភាព​នៃ​ការអនុវត្ត​សកម្មភាព​ពី​គ្រប់​មជ្ឈដ្ឋាន​ជា​ចាំបាច់ សម្រាប់​ឈានឆ្ពោះ​ទៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​បាន​ទាំងស្រុង​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២៥ និង​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​២០៣០​។​

លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បាន​ថ្លែង​តាមរយៈ​សារលិខិត​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ថា ជំងឺគ្រុនចាញ់​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត ដាក់ចេញ​ជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១១-២០២៥ ដែលជា​ត្រីវិស័យ​នៃ​ជ្រុង​មួយ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ន៍ប្រកបដោយ​ចីរភាព​ឆ្នាំ​២០១៦-២០៣០ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ស្តារ​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​៕