ភ្នំពេញៈ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឱ្យដឹងថា បើទោះបីជាតំបន់ខ្លះដែលកំពុងជួបបញ្ហាខ្វះទឹកក៏ដោយ ក៏ក្រសួងមិនរំពឹងទុកថា ទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងថយចុះនោះទេ ព្រោះតំបន់ដែលកំពុងជួបបញ្ហាខ្វះទឹកទាំងនេះ ភាគច្រើនជាតំបន់ដែលតែងតែមានហានិភ័យ មិនសមស្របនឹងការបង្កបង្កើនផលស្រូវប្រាំង និងមិនត្រូវបានចាត់បញ្ចូលនៅក្នុងផែនការផលិតកម្មទេ។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តពោធិ៍សាត់ ជាមួយនឹងក្រុមការងារនៃមន្ទីរកសិកម្មខេត្ត កាលពីពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ បានលើកឡើងកាលពីថ្ងៃទី ១៤ ខែមករាថា៖ «ឆ្នាំកន្លងមក យើងតែងជួបបញ្ហាខ្វះខាតទឹកតែពេលមានគ្រោះរាំងស្ងួតទេ តែសម្រាប់ឆ្នាំនេះ មិនទាន់ទាំងមានគ្រោះរាំងស្ងួតផង បែរជាយើងប្រឈមនឹងបញ្ហានេះបាត់ទៅហើយ ទោះបីជាយើងបានត្រៀមផែនការផ្គត់ផ្គង់ទឹកទុកជាមុនបានយ៉ាងសមរម្យរួចជាស្រេចហើយក៏ដោយ»។
លោកបញ្ជាក់ថា៖ «មានអ្នកយល់ច្រឡំថា អាជ្ញាធរហាមឃាត់មិនឱ្យកសិករធ្វើស្រែលើកន្លែងដែលពួកគាត់តែងតែធ្វើ តែតាមពិតទៅ បញ្ហាកើតចេញពីការដែលប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើនៅលើកន្លែងដែលធ្លាប់ធ្វើទៅវិញទេ ព្រោះឆ្នាំនេះស្រូវលក់បានថ្លៃ ទោះបីជាដឹងមុនថានឹងមានហានិភ័យក៏ដោយ ដែលជាហេតុធ្វើឱ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលខេត្ត គ្មានជម្រើសអ្វីក្រៅពីប្រញាប់ជូនដំណឹងពីការខ្វះខាតទឹកនោះទេ»។
លោក ឃឹម ហ្វីណង់ បានថ្លែងបន្តទៀតថា ការផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាដល់កសិករ គឺជាអភិបាលកិច្ចដែលមានការទទួលខុសត្រូវ ក្នុងចេតនាព្យាយាមការពារអ្នកដែលបានជ្រុលជាចាប់ផ្តើមរួចហើយកុំឱ្យខ្វះទឹកពាក់កណ្តាលទី និងណែនាំអ្នកថ្មីកុំឱ្យចាប់ផ្តើមធ្វើបន្ថែមទៀតតែប៉ុណ្ណោះ ដែលអាចនាំឱ្យមានការខាតបង់រឹតតែច្រើន។
លោកថ្លែងថា៖ «ទោះជាយ៉ាងណាក៏ដោយ ពេលកសិករជួបបញ្ហា យើងមិនខ្វល់ថា អ្នកណាខុសអ្នកណាត្រូវនោះទេ អ្វីដែលអាចជួយដោះស្រាយបញ្ហាប្រឈមបានភ្លាមៗ អាជ្ញាធរនឹងព្យាយាមធ្វើឱ្យអស់ពីលទ្ធភាព»។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដែរថា កាលពីថ្ងៃទី ១៤ ខែមករា ក្រុមការងារ នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកបានប្រាប់ថា បើតាមការរាយការណ៍របស់ក្រុមការងារក្រសួង ផ្ទៃដីស្រូវប្រាំងប្រជាពលរដ្ឋប្រមាណជាង ៧០០ ហិកតា នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងបន្តធ្វើការសង្គ្រោះ ដែលជំហានដំបូងនៃការអន្តរាគមន៍មន្ទីរបានយកគ្រឿងចក្រចំនួន ២ គ្រឿង កាយស្តារប្រឡាយដើម្បីនាំទឹក ខណៈនាយកដ្ឋានធារាសាស្ត្រកសិកម្មនឹងបញ្ជូនម៉ាស៊ីនបូមទឹក ៨ គ្រឿងបូមទឹកជូនប្រជាពលរដ្ឋដើម្បីបម្រើការងារស្រោចស្រព។
លោកបានបញ្ជាក់ទៀតថា៖«កន្លងមកស្រូវប្រាំងក្នុងតំបន់នេះធ្លាប់បានទទួលទឹកពីស្ទឹងជ្រៃបាក់ តែបច្ចុប្បន្នប្រភពទឹកពីស្ទឹងជ្រៃបាក់មិនបានយកមកផ្គត់ផ្គង់នៅតំបន់នេះទេ ដោយសារតែផ្នែកខាងលើនេះរាល់ឆ្នាំមិនដែលធ្វើស្រូវប្រាំងលើផ្ទៃដីស្រូវវស្សាទេ ទើបតែឆ្នាំនេះមានការធ្វើស្រូវប្រាំងលើផ្ទៃដីស្រូវវស្សា។ ស្រូវនៅតំបន់នេះពុំមានបញ្ហាខ្វះទឹកទេ ដោយសារមានប្រភពទឹកមួយកន្លែងទៀតពីបឹងធំដែលអាចធានាបានរហូតដល់ពេលប្រមូលផល»។
លោក ចាន់ យុត្ថា បានថ្លែងបន្តថា នៅក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាអាចទទួលរងសីតុណ្ហភាពក្ដៅ និងបរិមាណទឹកភ្លៀងតិចជាងបណ្ដាឆ្នាំកន្លងទៅ ដោយសារតែបាតុភូតសកលអែលនីណូ។ មួយផ្នែកទៀត ទឹកទន្លេមានកម្រិតទាប មិនអាចហូរចូលសព្វអាង បឹងបួ និងព្រែកធម្មជាតិមួយចំនួន នៅអមសងខាងទន្លេមេគង្គលើ មេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប បានច្រើនទេ។
លោក យុត្ថា ថ្លែងថា៖«លក្ខខណ្ឌអាកាសធាតុបែបនេះ នឹងធ្វើឱ្យទឹកហួត ឬរីងស្ងួតឆាប់រហ័ស។ ដូចនេះ ខ្ញុំសូមណែនាំឱ្យពលរដ្ឋធ្វើស្រែប្រាំងតែ១លើកប៉ុណ្ណោះ ដើម្បីរក្សាទឹកទុកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចៀសវាងការខ្វះខាត ឬប្រឈមខ្លាំង ដូចដែលកម្ពុជាធ្លាប់ជួបកាលពីឆ្នាំ ២០១៥ និង ២០១៦»។
អ្នកនាំពាក្យក្រសួងធនធានទឹកដដែល បានថ្លែងបន្ថែមថា គ្រប់រាជធានីខេត្ត អាចប្រឈមខ្វះទឹកប្រើប្រាស់ បើសិនពលរដ្ឋមិនព្រមអនុវត្តតាមផែនការបង្កបង្កើនស្រូវប្រាំង ដែលដាក់ចេញដោយមន្ទីរធនធានទឹក មន្ទីរកសិកម្ម និងរដ្ឋបាលខេត្ត។
យោងតាមសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក ដែលបានចេញផ្សាយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា រដូវប្រាំង នឹងបន្តអូសបន្លាយរហូតដល់ដើមខែឧសភា ឆ្នាំ ២០២៤ ខណៈក្រសួងក៏អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនឱ្យចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
ក្រសួងបន្តថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករស្ថានភាពអាកាសធាតុរួចមក ស្ថានភាពអាកាសធាតុដូចនេះបន្តនៅក្នុងរដូវប្រាំង ដែលក្នុងនោះ សីតុណ្ហភាពមានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧ អង្សា C និងសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១ អង្សាC នៅក្នុងខែមេសា និងដើមខែឧសភា៕