​ភ្នំពេញៈ របាយការណ៍​របស់រ​ដ្ឋ​បាល​ជលផលបានឱ្យដឹងថា ការចិញ្ចឹម​ត្រី​បែប​វារីវប្បកម្ម នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល​ ១២ ​ខែ ក្នុង​ឆ្នាំ ​២០២៣ សម្រេចបាន​ក្នុង​បរិមាណ​ចំនួន ៣១៤ ០០០​ តោន​ស្មើនឹង ​៨៧,២២​ ភាគរយ នៃ​ផែនការ​ចំនួន ៣៦០ ០០០​ តោន និង​ថយចុះ​ចំនួន ១៦ ៦០០​ តោន ឬ​ស្មើ ៥​ ភាគរយ​ប្រៀប​ធៀប​ឆ្នាំ​ ២០២២​។​

​លោក ​ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋ​​បាល​ជលផល បាន​ប្រាប់​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ​កន្លងទៅ រដ្ឋ​បាល​ជលផល​បាន​តាមដាន និង​ត្រួតពិនិត្យ​សំណល់​ឱសថ​វា​រី​សត្វ និង​សារ​ធាតុគីមី​ហាមឃាត់​នៅ​កសិដ្ឋាន​វារីវប្បកម្ម​ចំនួន​ ៧៩ និង​ត្រួតពិនិត្យ​ការអនុវត្ត​អនាម័យ​ល្អ​នៅ​កន្លែង​កែច្នៃ ៦០​ ទីតាំង និង​បានចេញ​វិញ្ញាបនបត្រ​សុខភាព​សម្រាប់​នាំចេញ​ផលិតផល​ជល​ផល​ចំនួន ៨៨០ ​តោន ទៅកាន់​ប្រទេស​ចិន និង​ប្រទេស​ថៃ​។​


​នៅក្នុង​ឆ្នាំ​ ២០២៤ ​នេះ​រដ្ឋបាល​ជលផល នឹង​ជំរុញ​ការអភិវឌ្ឍ​វា​រី​វប្បកម្ម​តាម​គ្រប់​រូបភាព ដោយ​សិក្សា​ពី​តម្រូវការ​ទីផ្សារ​ធ្វើ​ផែនការ​ផលិតកម្ម​ច្បាស់លាស់​ជំរុញ​ការ​​ផលិត​ពូជ​ដែលមាន​គុណភាព ពង្រឹង​ការអនុវត្ត​បច្ចេកទេស​វា​រី​​វប្បកម្ម​ឱ្យមាន​ប្រសិទ្ធភាព និង​បង្កើត​បណ្តុំ​វា​រី​វប្បករ​ដើម្បី​ងាយ​​ស្រួល​ក្នុង​ការផ្ដល់​បច្ចេកទេស​និង​រក​ទីផ្សារ​។

លោក​ពុំ សុថា បញ្ជាក់ថា ៖«​រដ្ឋបាល​ជលផល នឹង​បន្ត​ជំរុញ​ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ជលផល និង​ពង្រឹង​សមត្ថ​កិច្ច​ក្នុងការ​ត្រួតពិនិត្យ និង​វិភាគ​គុណភាព សុវត្ថិភាព​ផល​នៃ​ផលិតផល​ជលផល​»​។​


​លោក ឡែ​ម​ផូ​រ វរិ​ទ្ធិ មន្ត្រី​អភិ​​វឌ្ឍន៍​សមាគម និង​ជា​អ្នកនាំពាក្យ​សមាគម​វា​រី​វប្បករ​កម្ពុជា ក៏បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១៤ ខែមករា ដែរ​ថា កាលពីដើមឆ្នាំ ២០២៣ សមាគម ធ្លាប់បាន​វាយតម្លៃថា មាន​វា​រី​វប្បករ ដែលជា​សមាជិក​របស់​សមាគម​ប្រមាណ​ពី​ ៥០ ​ទៅ ​៦០ ភាគរយ​បានសម្រេច​ចិត្ត​ទុក​ស្រះ​ឱ្យ​ទំនេរ​ចោល​ក្រោយ​ប្រមូល​ផល ដោយ​មិនមាន​ការសម្អាត និង​ដាក់​កូន​ត្រី​ចិញ្ចឹម​បន្ត​នោះទេ ដោយសារតែ​កាលនោះ​តម្លៃ​ត្រី​ទាប​ខ្លាំងពេក ដែល​ធ្វើឱ្យ​ពួកគាត់​មិនអាច​ចំណេញ​បាន​។​

​ប៉ុន្តែ​លោក​បញ្ជាក់ថា ស្ថានភាព​នេះ​បាន​ប្រែប្រួល ចាប់តាំងពី​ខែ​កក្កដា ឆ្នាំ ​២០២៣ មក​ដោយ​សារ​តម្លៃ​ត្រី​ចាប់ផ្តើម​កើនឡើង​វិញ​ខ្លាំង ដោយ​ត្រី​ប្រា​ធ្លាប់តែ ​១​ គីឡូក្រាម ​៤ ០០០​ រៀល​ឡើងដល់​ ៥ ២០០ រៀល​,​ ត្រី​ឆ្តោ​ ១ ​គីឡូក្រាម ៩ ០០០ ​រៀល ឡើង​ ១២ ០០០​ រៀល​។ ហេតុដូចនេះ អ្នក​ដែល​ធ្លាប់​ផ្អាក​ចិញ្ចឹម​ត្រី បែរជា​ងាក​មក​ចាប់ផ្តើម​ចិញ្ចឹម​ត្រី​វិញ​។​

​លោ​ក ឡែម​ផូ​រ វរិ​ទ្ធិ បានបញ្ជាក់​ទៀតថា​៖«​ដោយសារតែ​វា​រី​វប្បករ​បាន​ជួប​ការលំបាក​ខ្លះ​ដោយសារតែ​ផុត​ខែ​ដែល​សម្បូរ​កូន​ត្រី​ពូជ (​ខែឧសភា ឬ​មិថុនា​) ធ្វើឱ្យ​វា​រី​វប្បករ​យើង​ពិបាក​រក​ទិញ​កូន​ត្រី​ពូជ​មក​ដាក់​។ ដូចនេះ​អ្នករក​ពូជ​បាន​ក៏​ចិញ្ចឹម អ្នកខ្លះ​ទៀត​រក​មិនបាន​ក៏​មិនបាន​ចិញ្ចឹម​ដែរ​ដោយ​អ្នក​ដែលរ​កកូន​ត្រី​មក​ចិញ្ចឹម​បាន មាន​ប្រហែល​ពាក់កណ្តាល​នៃ​អ្នក​ធ្លាប់​ផ្អាក​ចិញ្ចឹម​»​។​

​អ្នកនាំពាក្យ​សមាគម​វា​រី​វប្បករ​កម្ពុជា ដដែល​បាន​លើកឡើងថា ជាទូទៅ នៅ​រៀងរាល់​ខែធ្នូ ឬ​ខែម​ករានេះ គេ​ប្រមូល​ផល​ត្រី​ហើយ តែ​មកទល់ពេលនេះ មិនទាន់​ប្រមូល​ផល​លក់បាន​នៅឡើយ​ទេ​ដោយសារ​ត្រី​នៅ​ស្ទើរ ព្រោះ​ពួកគាត់​មួយចំនួនធំ ទើបតែ​សម្រេចចិត្ត​ចិញ្ចឹម​ត្រី​នៅ​ខែកក្កដា ឆ្នាំមុន​។ 

​ចំពោះ​វា​រី​វប្បករ​ដែល​បាន​ចិញ្ចឹម​ត្រី​នៅក្នុង​អំឡុង​ខែឧសភា ឆ្នាំ​ ២០២៣ បាន​ប្រមូល​ផល​ហើយ ដោយ​លក់បាន​នៅក្នុង​តម្លៃ​ល្អ ខណៈ​ការចិញ្ចឹម​នៅក្នុង​ខែកក្កដា ឬ​ខែសីហា អាច​នឹង​ប្រមូល​ផល​នៅ​ខែមីនា ខាងមុខ​។​

លោ​ក ឡែម​ផូ​រ វរិ​ទ្ធិ បញ្ជាក់ថា​៖ «​បើតាម​ខ្ញុំ​ស្ទាបស្ទង់​មើល​ពី​មតិ​របស់​កសិករ ក៏ដូចជា​វា​រី​វប្បករ​យើង​នៅ​ឆ្នាំ ២០២៤​ នេះ ក្រោយពី​ប្រមូល​ផល​ត្រី​ក្នុងអំឡុង​ខែ​មីនា ឬ​មេសា​ហើយ​ពួកគាត់​អាច​នឹង​ចិញ្ចឹម​ច្រើន​ឡើងវិញ​ដោយ​សារ​តែ​តម្លៃ​ត្រី​ល្អ​នា​មួយរយៈ​ពេល​ចុង​ក្រោយនេះ​»​។​

​បើតាម​សមាគម​វា​រី​វប្បករ​កម្ពុជា​បច្ចុប្បន្ន​សមាសភាព​មានដូចជា​វា​រី​វប្បករ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ រោង​ចក្រ ឬ​ក្រុមហ៊ុន​ផលិត​ចំណី​,​ អ្នក​​កែច្នៃ​ត្រី ឈ្មួញ​បោះ​ដុំ វា​រី​វប្បករ​ចិញ្ចឹម​ត្រី​ក្នុង​បែ កសិដ្ឋាន​បង្កាត់​ភ្ញាស់​ឈ្មួញ​ប្រមូល​ទិញ​ត្រី​តាម​ស្រះ ដេប៉ូ​ចែកចាយ​ចំណី បុគ្គលិក​សាកលវិទ្យាល័យ វា​រី​វប្បករ ចិញ្ចឹម​ត្រី​ក្នុង​ស្រះ និង​អ្នក​ផ្សាំ​កូន​ត្រី​៕