​ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​លើក​​ឡើង​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នៅ​ប្រទេស​បារាំង​មិន​មែន​ជាការ​ចៃដន្យ​ទេ តែ​បារាំង​បានផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ការទូត នយោបាយ សេដ្ឋកិច្ច រវាង​កម្ពុជា​និង​បារាំង ខណៈ​អ្នកស្រាវជ្រាវ​មើលឃើញ​ពី​ភាពស្និទ្ធស្នាល​កាន់តែខ្លាំង​ឡើង​បន្ទាប់ពី​មាន​ជំនួប​ជា​បន្ដបន្ទាប់​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​​២​។​


​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ដូចនេះ​ក្នុងពេល​លោក​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទ្វីបអឺរ៉ុប​ប្រមាណ​ជាង​ ២ ​ពាន់​នាក់ ដើម្បី​សួរសុខទុក្ខ និង​សំណេះ​សំ​ណា​ល​ប្រកបដោយ​ស្មារតី​ខ្មែរ​តែមួយ ជាពិសេស​ក៏បាន​ឆ្លៀតឱកាស​ក្នុងការ​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​ស្ថានភាព​សុខសន្តិភាព ការអភិវឌ្ឍ និង​សេចក្តីសុខ​​សាន្ត​របស់​កម្ពុជា​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖«​ការដែល​ខ្ញុំ​មក​ទស្សន​កិច្ច​នេះ​មិនមែន​ជាការ​ចៃដន្យ ឬ​ខ្ញុំ​ចេះ​ជិះ​យន្តហោះ​មក​ឬ​សុំ​គេ​មក​ទេ​។ រាល់​ទស្សនកិច្ច​ផ្លូវ​ការ ផ្លូវរដ្ឋ​គឺ​តែងតែ​មានការ​អញ្ជើញ ហើយ​ការ​ទស្សនកិច្ច​ផ្លូវការ​រវាង​បារាំង និង​កម្ពុ​ជាមាន​លក្ខណ​ពិសេស​ដែលជា​ធម្មតា​គឺ​យើង​មាន​អ្នក​ដែល​ស្មើគ្នា តែ​សម្រាប់​បារាំង និង​កម្ពុជា​គឺមាន​ប្រធានាធិបតី​តែម្តង​ជា​អ្នកចេញ​លិខិតអញ្ជើញ មានន័យថា កម្រិត​ខ្ពស់បំផុត​ក្នុងប្រទេស​បារាំង​»​។​


​លោក​បាន​បញ្ជាក់ទៀតថា​៖«​ទាំងនេះ​បញ្ជាក់​ឱ្យឃើញថា បារាំង​បាន​វាយតម្លៃ និង​ផ្តល់​តម្លៃ​ចំពោះ​ទំនាក់ទំនង​ការទូត ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​បារាំង ដែល​នេះ​ជា​មោទនភាព​របស់​យើង ហើយ​យើង​ក៏​ផ្តល់​ការឆ្លើយតប​ស្មើភាព​គ្នា​។ ទំនាក់​​ទំនង​រវាង​កម្ពុជា​-​បារាំង​ដែលមាន​តាំងពី​យូរ​មកហើយ ហើយក៏​ជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ដែល​យើង​ត្រូវ​បន្ត​ដែរ​»​។​

​លោក ម៉េង ថុង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៥ ខែមករា​ថា ទំនាក់ទំនង​កម្ពុជា និង​បារាំង​ហាក់បីដូចជា​មានការ​ងើបឡើង និង​ស្និទ្ធស្នាល​កាន់តែខ្លាំង បន្ទាប់ពី​ការ​ទស្សន​កិច្ច​របស់​ព្រះមហាក្សត្រ​កម្ពុជា តប​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​បារាំង និង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជ​រដ្ឋា​​ភិ​បាល​នាពេលនេះ​។​


​លោក​បាន​ថ្លែងថា​៖«​កម្ពុជា​វាយតម្លៃ​ខ្ពស់​ទៅលើ​តួនាទី​របស់​បារាំង​ក្នុង​ការកសាង​សន្តិភាព​និង​អភិវឌ្ឍ​នៅ​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ​ដែលជា​កត្តា​សំខាន់​ធ្វើឱ្យ​សេដ្ឋកិច្ច និង​សង្គម​កម្ពុ​ជាមាន​ការរីក​ចម្រើន​ជាខ្លាំង​។ ដំណើរ​ទស្សនកិច្ច​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី​នឹង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ព​ហុ​សណ្ឋាន​លើ​វិស័យសេដ្ឋកិច្ច និង​សង្គម​បន្ថែមទៀត​ដល់​កម្ពុជា ក៏ដូចជា​ការជំរុញ​ការវិនិយោគ និង​អ្នក​ទេសចរ​បារាំង​បន្ថែមទៀត​មក​កម្ពុជា​»​។​

​លោក ​ថុង​ដា​វិត បាន​បន្ថែមថា កម្ពុជា​នឹងចូលរួម​ជាមួយ​បារាំង​ក្នុងការ​លើកកម្ពស់​ច្បាប់​អន្តរជាតិ កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព និង​សន្តិសុខ​ពិភព​​លោក ការពង្រឹង​លើ​ការបង្កើត​យន្តការ​ដោះស្រាយ​បញ្ហា​ប្រែ​​ប្រួល​អាកាសធាតុ និង​ការ​វិ​និ​យោគ និង​កសាង​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ ស្បៀងអាហារ និង​ថាមពលបៃតង​។​

​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន ម៉ា​ណែ​ត​នេះដែរ លោក​សម រង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី ​១៣ ខែមករា​ដោយ​ប្រាប់​ទៅ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron កុំឱ្យ​គាត់​ចាញ់បោក​ត្រកូល​ហ៊ុន​។​

លោកហ៊ុន ម៉ាណែត ពេលជួបសំណេះសំណាល​ជាមួយពលរដ្ឋខែ្មរនៅបារាំង។ រូប STPM

ជាការ​ឆ្លើយតប​នឹង​ការលើកឡើង​នេះ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មុននឹង​ប្រ​ធានា​ធិ​ប​តី ឬ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នីមួយៗ ជាពិសេស​ប្រទេស​មហាអំណាច​ដូចជា​ប្រទេស​បារាំង​ជាដើម​សម្រេចចិត្ត​ផ្ញើលិខិត​អញ្ជើញ​ប្រមុខ​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា​មក​ទស្សន​កិច្ច​ប្រទេស​គេ គឺ​ប្រាកដជា​មានការ​វាយតម្លៃ​គ្រប់​ជ្រុងជ្រោយ និង​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ទំនាក់ទំនង​នេះហើយ​ទើប​មានការ​អញ្ជើញ​មក​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង បើ​គិតថា​ប្រធានាធិបតី​ម៉ា​ក្រុង​ហៅ​ខ្ញុំ​មកនេះ ហើយ​ខ្លាច​ខ្ញុំ​មក​បោក អាហ្នឹង​ខ្ញុំ​មិនដឹងថា​យ៉ាងម៉េច​ទេ ហើយ​បើ​ប្រធានាធិបតី​មហា​​អំណាច​មួយ​ឱ្យ​ខ្ញុំ​មក​បោក​បាន​គឺ​ចប់​ហើយ​។ វា​គ្មាន​អី​ដែល​ត្រូវ​បោក កិច្ចការ​ទាំងអស់​ដែល​ត្រូវធ្វើ​ក្នុងនាម​ប្រមុខ​រដ្ឋាភិបាល រាជរដ្ឋាភិបាល​ភារកិច្ច​របស់​យើង​ធ្វើ​ដើម្បី​ជាតិ និង​ប្រជាជន គ្មានទេ​ផលប្រយោជន៍​របស់​បុគ្គ​ល​»​។​

​ជាមួយគ្នា​នោះ លោក​ក៏បាន​លើកឡើង​ដែរ​ថា ក្នុងនាម​អ្នក​​នយោបាយ ចង់​អ្នកឯង​ស្រឡាញ់​ឬ​មិន​ស្រឡាញ់​រដ្ឋាភិបាល​ក៏ដោយ តែ​គួរតែ​ឱ្យ​តម្លៃ​ទៅលើ​អ្វីដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​របស់ខ្លួន​ជាជាង​យក​នយោបាយ​ដាក់​មុខ​គ្រប់ពេល​។​

​លោក​ថា​៖ «​គិត​អំពី​ផល​ប្រ​​យោជន៍​ជាតិ​ជាជាង​ផលប្រយោជន៍​នយោបាយ ហើយ​ដាក់​នយោបាយ​ចំពោះមុខ​ទាំង​​អស់​។ ខ្ញុំ​មិន​បន់​ឱ្យ​ស្រឡាញ់​ខ្ញុំ​ទេ ខ្ញុំ​មិន​ថាឱ្យ​ឈប់​រិះគន់​នោះទេ វា​ជា​សិទ្ធិ​របស់គាត់ ប៉ុន្តែ​យ៉ាង​ហោចណាស់​គួរឱ្យ​គិតថា​ពេលណា​ផលប្រយោជន៍​ជាតិ​តម្កល់ យើង​រួមគ្នា​ទៅ ដើម្បី​ប្រទេស​​ជាតិ​របស់​យើង​»​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ផងដែរ​ថា វត្តមាន​របស់លោក​នៅ​អឺរ៉ុប​លើក​នេះ​មាន​គោលដៅ​ ២ គឺ​ការចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទី​ក្រុង​ដា​រ៉ូ​ស ប្រទេស​ស្វ៊ី​ស និង​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​​បារាំង​។​

​លោក​បានឱ្យដឹង​ដែរ​ថា ក្នុង​រយៈពេល ​៦ ​ថ្ងៃនេះ លោក​មាន​កម្មវិធី​ប្រជុំ​ប្រមាណ​ជាង ​៤០ ហើយ​បើ​ជំនួប​របស់លោក​ជាមួយ​ដៃគូ​អន្តរជាតិ​ត្រឹម​ ១៥ ​នាទី​អាច​ទាក់ទាញ​ការវិនិយោគ​របស់​ពួកគាត់​នៅ​កម្ពុជា​នោះ លោក​ត្រូវតែ​ចំណាយពេល​ជួប ព្រោះ​កិច្ចការ​ទាំងនេះ​គឺជា​ប្រយោជន៍​ដើម្បី​ប្រជារាស្ត្រ​កម្ពុជា​។​

​រីឯ​លោក​ហ្សា​ក់ បឺ​ឡេ ឯក​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​បានលើកឡើង​នៅ​ថ្ងៃទី ​១៥ មករា​ថា បារាំង​ចង់​បង្កើតឱ្យមាន​ចំណងទាក់ទង​មួយ​រវាង​អាជ្ញា​ធរ​ជាន់ខ្ពស់​របស់​ប្រទេស​បារាំង​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​។​មួយទៀត​ក៏​ចង់ឱ្យមាន​កិច្ច​ស​ន្ទ​​នា​នយោបាយ​មួយ​ដែលមាន​ការពង្រឹង និង​ពង្រីក​ថែម​ទៀតហើយ​ប្រធានបទ​មួយចំនួន​ដែល​ភាគី​ទាំង​ ២ ធ្លាប់បាន​ពិ​ភា​ក្សា​ក៏​លើក​យកទៅ​ពិភាក្សា​ម្តងទៀត​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖«​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ពីសា​រៈ​សំខាន់​ដែល​ប្រទេស​បារាំង​ផ្តល់ឱ្យ​ប្រទេស​កម្ពុជា ហើយ​យើង​ស​ងេ្ក​ត​ឃើញថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​សម្តេច​ធិបតី​នៅ​ទ្វីបអឺរ៉ុប យើង​សង្ក​ត​ឃើញ​ឆន្ទៈ​នៃ​ការពង្រឹង​កិច្ច​​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​២»​។​

​លោក ​ហ្សា​ក់ បឺ​ឡេ បាន​បន្ដថា​៖ «​ប្រទេស​កម្ពុជា​សម្រាប់​ប្រទេស​បារាំង គឺជា​ច្រកចូល ១ ​នៃ​គោលនយោបាយ​របស់​បារាំង​ចូលមកក្នុង​អាស៊ាន ជា​​ពិសេស​យើង​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ក​ង​ទ័ព​មួក​ខៀវ​កម្ពុ​ជាមួយ​ដែលមាន​ការចូល​​រួម​ពី​កងទ័ព​មួក​ខៀវ​នានា​នៅ​អាស៊ាន ហើយ​យើង​បាន​លិខិតបញ្ជាក់​ពី​អង្គការ​សហ​ប្រជាជាតិ​»​។​

​សូមបញ្ជាក់ថា លោក ហ៊ុន​ ម៉ា​ណែ​ត បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​បារាំង ចាប់ពី​ថ្ងៃ​ ១៨-១៩ ខែមករា ឆ្នាំ​២០២៤ តប​តាម​ការអញ្ជើញ របស់លោក​ប្រធានាធិបតី​បារាំង អេ​​ម៉ា​នុយ​អែល ម៉ា​ក្រុង​។​សូម​រំឭក​ផងដែរ​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ ​២០២៣ ប្រ​ធានា​ធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានទទួល​ព្រះ​រាជ​សវនាការ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​វិមាន​អេ​លី​ហ្សេ​ប្រទេស​បារាំង ដោយ​ភាគី​បារាំង​ចាត់ទុកថា ជំនួប​នោះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ឆន្ទៈ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពិសេស​រវាង​បារាំង និង​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​៕