​ភ្នំពេញៈ យុវជន​ប្រមាណ​ ២៥ ០០០​ នាក់ ជា​ជន​មកពី​ក្រុមគ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅក្នុង​សង្គម​បាន​ចុះឈ្មោះ​ចូលរៀន ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​វិទ្យា​​ស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា នៅ​រាជធានី​ភ្នំពេញ នៅពេលដែល​វិទ្យាស្ថាន​នេះ​បានប្រកាស​បើកទ្វារ​កាលពី​ម្សិលមិញ​។​


​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​បើក​វគ្គប​ណ្ដុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ​បាន​បញ្ជាក់ថា មាន​យុវជន​ប្រមាណ ​២៥ ០០០​ នាក់​ បាន​ចុះឈ្មោះ​ក្នុងអំឡុង​ពេល​នៃ​ដំណើរ​ការចុះ​ប្រមាណ​ ២​ ខែ មុន​ពេលដែល​វិទ្យាស្ថាន​បើក​បង្រៀន​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ​ ២០២៤ ក្នុងចំណោម​នេះ មាន​យុវជន​ប្រមាណ​ ៤០​ ភាគរយ មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​។​

​លោក​ថ្លែងថា​៖ «​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ (TVET) គឺជា​ស្ពាន ​១ ដែលមាន​ភាពបត់បែន​ងាយស្រួល និង​រយៈពេល​ខ្លី​សម្រាប់​យុវជន​កម្ពុជា អាច​ចាប់យក​ជំនាញ​ ១ ដែល​អាច​បង្កើន​ចំណូល​ ១ ​សម្រាប់​ជួយ​ទ្រទ្រង់​ខ្លួនឯង​ផង និង​ដើម្បី​ជួយ​សម្រាល​បន្ទុកគ្រួសារ​ផងដែរ​»​។​


​លោក ហេង សួរ បាន​ថ្លែង​ទៀតថា​៖ «​នេះ​ជាការ​បញ្ជាក់​ឱ្យឃើញ​ពី​ប្រសិទ្ធភាព​នៃ​គោលនយោបាយ ក៏ដូចជា​កម្មវិធី ដែល​សម្តេចនាយក​រដ្ឋ​​មន្ត្រី​ដាក់ចេញ​សម្រាប់​ក្រសួង​ការងារ​អនុវត្ត​ផងដែរ ហើយ​ទោះបីជា​ថ្ងៃនេះ (១៥​មករា​) យើង​បានប្រកាស​បើកប​វេ​សន​​កាល​សម្រាប់​វគ្គ​របស់​យើង​ក៏ដោយ ប៉ុន្តែ​បេសកកម្ម​របស់​ក្រសួង ក៏ដូចជា​ប្អូនៗ​ក្មួយៗ និង​សាលា​ទាំងអស់ គឺ​មិនទាន់​ចប់​ទេ​»​។​

​លោក ​ហេង សួរ បាន​បន្តថា ៖ «​លទ្ធផល​ចុងក្រោយ ដែល​សម្តេច​ធិបតី​ចង់ឃើញ គឺ​គ្រប់គ្នា​ពេលដែល​រៀន​ចប់ គឺ​ចេះ ហើយ​មាន​ការងារ​ធ្វើ ទោះបីជា​បងប្អូន​បាន​ចូលរៀន បាន​ចុះ​កម្មសិក្សា ចុងក្រោយ​មានតែ​សញ្ញាបត្រ តែ​គ្មាន​ការងារ​ធ្វើ នោះ​ក៏​មិនមែនជា​លទ្ធផល​ជោគជ័យ​សម្រាប់​ក្រសួង​ក្នុងការ​ឆ្លើយតប​ចំពោះ​សម្តេច​ធិបតី​ទេ​»​។​


​នា​ពិធី​នោះដែរ លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើង​ដែរ​ថា វា​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​យុវ​ជន ក្នុងការ​ជ្រើសរើស​ជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ត្រឹមត្រូវ​ប្រចាំជីវិត​របស់​ខ្លួន​។​

​លោក​បាន​បន្តថា កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ជា​របៀប​​វារៈ​ដ៏​សំខាន់ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​គោ​លន​យោ​បាយ​អាទិភាព ក្នុងចំណោម​គោលនយោបាយ​អាទិភាព​ទាំង ​៦ របស់​រាជរដ្ឋាភិបាល​។​

​លោក ផាន់ ផល្លា បាន​បញ្ជាក់ថា​៖ «​ជាការ​ពិតណាស់ ការអភិវឌ្ឍ​ធនធានមនុស្ស ប្រកបដោយ​ចំណេះដឹង និង​ជំនាញ គឺជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល ប្រសិនបើ​យើង​ចង់ឱ្យ​ប្រទេស​យើង​ក្លាយទៅជា​ប្រទេសមួយ ដែល​សម្រេចបាន​ចក្ខុវិស័យ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០»​។​

​លោក​បាន​បន្តថា ការអប់រំ​ទូទៅ​តែ ​១​ មុខ មិន​គ្រប់គ្រាន់​សម្រាប់​ឱ្យ​កម្ពុជា​សម្រេចបាន​ការអភិវឌ្ឍ​មូលធន​មនុស្ស​ប្រកបដោយ​មហិច្ឆតា​នេះ​បានទេ ហើយ​ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស គឺជា​កត្តា​គន្លឹះ​ក្នុងការ​បំពាក់កម្លាំង​ពលកម្ម​កម្ពុជា​នូវ​ជំនាញ​ចាំ​បាច់ ដែលជា​ដើមទុន​ក្នុងការ​​ប្រក​បរបរ និង​ស្វែងរក​ការងារ​ក្នុងន័យ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់ខ្លួន ក៏ដូចជា​អនុញ្ញាត​ឱ្យកម្លាំង​ពលកម្ម​ទាំងនេះ ចូល​រួម​ក្នុង​សកម្មភាព​ក្នុងការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

​បើតាម​របាយការណ៍រ​ប​ស់លោក ហ៊ីង ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន អប់រំ​បណ្ដុះ​​បណ្ដាល​បច្ចេកទេស និង​វិជ្ជា​​ជីវៈ បានឱ្យដឹងថា គិត​ចាប់​​តាំង​ប្រកាស​ដាក់ឱ្យអនុវត្ត​កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ រហូតមក​ទល់នឹង​ថ្ងៃទី ​១៤ ខែ​មករា ឆ្នាំ​ ២០២៤ សិស្ស​ចុះ​​ឈ្មោះ​ចូលរួម​ទូទាំងប្រទេស​មាន​ចំនួន ២៤ ៤៣៣​ នាក់ (​ស្រី ៨ ៥៧៩​នាក់​) ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​ ៩ ៣២៨​ នាក់​។

​លោក​បន្តថា វិស័យ​ចំនួន​ ៥ ដែល​ពេញនិយម​ចុះឈ្មោះ​ចូលរៀន​ជាងគេ​ក្នុងចំណោម​វិស័យ ​១០ រួមមាន​៖ ផ្នែក​ធុរកិច្ច និង​ព័ត៌មានវិទ្យា​, សំ​ណង់​,​មេកា​និក​ទូទៅ និង​មេកា​​និក​រថយន្ត​,​បរិក្ខារ​ត្រជាក់ និង​កម្ដៅ និង​ផ្នែក​ទេសចរណ៍​៕