​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តី​ថ្លែង​ការណ៍​ព័ត៌មាន​ដោយ​ប្រកាន់​គោលជំហរ​លើ​នយោបាយ​ចិន​តែ​​ ១ ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​ថ្មី​នៅ​តៃវ៉ាន់ ពោលគឺ​ក្រោយ​តៃវ៉ាន់​បញ្ចប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា និង​ប្រធានាធិបតី ខណៈ​ចិន​ប្រកាសថា តៃវ៉ាន់​នៅ​​តែ​ជា​ផ្នែក​មួយ​របស់​ចិន​ដដែល​។​


​សេចក្តីថ្លែងការណ៍​ព័ត៌មាន​របស់​ក្រសួងការបរទេស នា​ថ្ងៃទី ​១៥ ខែមករា ឆ្នាំ ​២០២៤ បាន​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​ការវិ​វ​ឌ្ឍ​ថ្មីៗ​នៅ​តៃវ៉ាន់ អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បញ្ជាក់​សាជាថ្មី​ពី​ការ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​កម្ពុជា​ចំពោះ​គោល​​នយោបាយ​ចិន ដោយ​ទទួល​ស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​អាជ្ញាធរ​ស្របច្បាប់​តែ ​១​ គត់​តំណាងឱ្យ​ប្រទេស​ចិន​ទាំងមូល​»​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​ ១៣ ខែមករា តៃវ៉ាន់​បាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​សមាជិកសភា ដែលជា​លទ្ធផល​គណបក្ស​ប្រជា​ធិ​បតេ​យ្យ​ចម្រើន​និយម ដែលមាន​លោក William Lai ឬ លោក Lai Ching Te ជា​បេក្ខជន​តំណាង ដែល​ស្និទ្ធ​នឹង​លោកស្រី​ សៃ អ៊ីង​វិ​ន ប្រធានាធិបតី​បច្ចុប្បន្ន​បន្ត​ឈ្នះឆ្នោត​ជា​លើក​ទី​​ ៣ ក្នុង​លទ្ធផល​ឈ្នះឆ្នោត​បឋម​ប្រមាណ ៤០,១% ខណៈ​គណបក្ស​កំពុងកាន់​អំណាច​នេះ​មាន​ជំហរ​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ចិន​។


​នៅ​ថ្ងៃទី ​១៤ ខែមករា ក្រសួង​ការបរទេស​តៃវ៉ាន់​បានចេញ​សេចក្តីប្រកាស​អំពាវនាវ​ដល់​ភាគី​ចិន​ឱ្យ​គោរព​លទ្ធផល​បោះឆ្នោតរ​បស់​ខ្លួន ហើយ​ទទួលស្គាល់​ការ​ពិត​ដោយ​ត្រូវ​បញ្ឈប់​ការ​គំរាម​កំហែង​មកលើ​តៃវ៉ាន់​។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​លើកឡើងថា ទោះបី​លទ្ធផល​បោះឆ្នោត​នៅ​តៃវ៉ាន់​ទៅជា​យ៉ាងណាក្តី ក៏មាន​ចិន​តែ​ ១ ​ទេ​ក្នុង​ពិភពលោក​នេះ ហើយ​តៃវ៉ាន់​នៅតែ​ជា​ផ្នែក​ ១ របស់​ចិន​ដដែល​។​

​លោក ​អាន សុខ​ខឿន អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​នៅ​ថ្ងៃទី ​១៥ ខែមករា​។​


​លោក ​ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើង​ថា គោលជំហរ​ប្រកាន់យក​គោលនយោបាយ​ចិន​តែ​ ១ ​នេះ មិនមែនជា​រឿង​ថ្មី​ឡើយ ដែល​ការ​​ប្តេជ្ញា​នេះ​គឺធ្វើឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដែល​ដឹកនាំ​ដោយ​ព្រះបាទ​នរោត្តម សីហនុ ហើយ​បន្ត​មកដល់​ជំនាន់​លោក​ហ៊ុន សែន និង​លោក​ ហ៊ុន ម៉ា​ណែ​ត ដែល​ការប្រកាស​ជាថ្មី​នេះ ស្របពេល​តៃវ៉ាន់​មានការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី ហើយ​ចិន​បាន​ហៅ​ការបោះឆ្នោត​នេះ​ថា ជា​ជម្រើស​នៃ​សង្គ្រាម និង​សន្តិភាព​។

​លោក​ថា​៖ «​កម្ពុជា​យើង​ជា​ប្រទេសមួយ​ដែលមាន​ទំនាក់​ទំនង​ល្អជា​មួយ​ចិន គ្រាន់តែ​ចង់​រំឭកថា កម្ពុជា​គោរព​លើ​អ្វី​ដែលជា​គោលនយោបាយ​ចិន​តែ ​១ ​ដែល​កម្ពុជា​បានប្រកាស​ជា​យូរ​យារ​ណាស់​មកហើយ កម្ពុជា​តែង​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​។ នេះ​ជាការ​បញ្ជាក់​ជំហរ​ឡើងវិញ​»​។ 

​លោក ​ស៊ឺន សម យល់ថា ការប្រកាស​របស់​ក្រសួងការបរទេស​​កម្ពុជា​នេះ នឹងមិន​ប៉ះពាល់​អ្វី​ជា​ដុំកំភួន​លើ​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ឡើយ ខណៈ​កម្ពុជា និង​កោះ​តៃវ៉ាន់​មិនមាន​ចំណង​ការ​ទូត​ផ្លូវការ​ណាមួយ​ឡើយ ហើយ​នឹងមិន​ប៉ះពាល់​លើ​ទំនាក់ទំនង​កម្ពុជា​នឹង​ក្រុម​ប្រទេស​បស្ចិម​លោក​ទេ ដែល​សូម្បី​សហរដ្ឋ​អាមេរិក​ក៏​មិនមាន​ស្ថានទូត​របស់ខ្លួន​នៅ​តៃវ៉ាន់​ដែរ​។​

​ចំណែក​លោក​ សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរ​ជាតិ និង​ជា​អ្នកតាមដាន​ន​យោ​បាយ​តំបន់​ក៏​យល់ឃើញ​ស្រដៀង​គ្នា​នេះដែរ​ថា ការប្រកាស​ជំហរ​របស់​កម្ពុជា​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​តៃវ៉ាន់​ឡើយ​ដោយសារ​កម្ពុជា​មិនមាន​ចំណង​ការទូត​ផ្លូវការ​ទេ ទោះ​បី​ភាគី​ទាំង​ ២ មាន​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​មួយចំនួន​នឹង​គ្នា​ក្តី ដោយ​អ្នករកស៊ី​តៃវ៉ាន់​ភាគ​ច្រើន​មករក​ស៊ី​នៅ​កម្ពុជា​តាមរយៈ​ការសម្របសម្រួល​ពី​ចិន ឬ​ពី​វៀតណាម​។ 

​លោក​បញ្ជាក់ថា​៖ «​នេះ​ជាការ​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​របស់​កម្ពុជា និង​ក៏​ជាការ​យកចិត្ត​ដល់​ភាគី​ចិន​ផងដែរ​។ ភាគច្រើន​ការប្រកាស​ជំហរ​បែបនេះ​ធ្វើឡើង​នៅក្រោយ​ការបោះឆ្នោត​នៅ​តៃ​​វ៉ាន់ ក្នុង​លទ្ធផល​មួយ​ដែល​គណ​បក្ស​កាន់អំណាច​បន្ត​ឈ្នះឆ្នោត ហើយ​ខ្លាចក្រែង​ស្ថានការណ៍​តៃ​វ៉ាន់ និង​ចិន​វិ​វ​ឌ្ឍ​ទៅរក​ភាព​អ​វិ​ជ្ជ​​មាន​»​។​

​លោក​សង្កត់ធ្ងន់ថា មិន​ត្រឹមតែ​កម្ពុជា​នោះទេ ទោះបី​សម្ព័ន្ធមិត្ត​តៃវ៉ាន់​ពោល គឺ​សហ​​រដ្ឋ​អាមេរិក​តាមរយៈ​រដ្ឋមន្ត្រី​ការ​បរទេស និង​ប្រធានាធិបតី​អា​មេ​រិ​កលោក​ចូ បៃ​ឌិន ក៏បាន​បង្ហាញ​ការមិនគាំទ្រ​ដល់​ឯករាជភាព​របស់​តៃវ៉ាន់​ដែរ ខណៈ​សហរដ្ឋអាមេរិក​ប្រកាន់​ជំហរ​លើ​ស្ថានភាព​បច្ចុប្បន្ន និង​មិន​ចង់ឃើញ​ការ​​ប្រើ​កម្លាំងយោធា ដែល​អាចជា​ផ្នែក​មួយ​លើ​ការគាំទ្រ​គោលនយោបាយ​ចិន​តែ​ ១ ដោយ​បញ្ឆិតបញ្ឆៀង​។​

​លោក សេង វណ្ណ​លី សង្កេតឃើញថា ការប្រកាស​ជំហរ​បន្ត​គោរព​គោលនយោបាយ​ចិន​តែ​ ១ ​របស់​បណ្តា​ប្រទេស​ជិតស្និទ្ធ​នឹង​ចិន ក៏​ជា​យុទ្ធសាស្ត្រ​ការទូត​សម្រាប់​តៃវ៉ាន់​ពិចារណា​បន្ថយ​ភាព​តានតឹង​រវាង​ខ្លួន និង​ចិន​ផង​​ដែរ​ជុំវិញ​មហិច្ឆតា​ផ្តាច់ខ្លួន​ប្រកាស​ឯករាជ្យ​ពី​ចិន​ដែល​អាច​នាំឱ្យ​កើតមាន​ជម្លោះ​ណាមួយ​ដោយ​ប្រដាប់ អាវុធ​។​

​សូម​រំឭកថា កាលពី​ខែតុលា ឆ្នាំ ​២០២៣ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវការ​របស់លោក​ហ៊ុន​ ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ចិន លោក​បាន​ជួប​ថ្នាក់ដឹកនាំ​ចិន ជាពិសេស​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង ដោយ​បញ្ជាក់​ពី​ការប្រកាន់​ជំហរ​គោ​លន​យោ​បាយ​ចិន​តែ​ ១ ​ផងដែរ​។

​ចំណែក​នៅក្នុង​ជំនួប​សំណេះ​​សំ​ណា​ល​ជាមួយ​កម្មករ​និ​យោ​ជិត​នៅ​ខេត្តតាកែវ កាលពី​ខែ​​កញ្ញា ឆ្នាំមុន​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​គូសបញ្ជាក់​ជាថ្មីទៀត ពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​ចំពោះ​គោលនយោបាយ​ចិន​តែ​ ១ ដោយ​លោក​បាន​អះអាងថា មិន​ត្រឹមតែ​កម្ពុជា​ទេ តែមាន​ប្រទេស​ចំនួន ១៨១ ដែលជា​សមាជិក​អង្គការសហប្រជាជាតិ ក្នុងនោះ​រួមទាំង​សហរដ្ឋអាមេរិក​ក៏បាន​គាំទ្រ​គោលនយោបាយ​ចិន​តែ​ ១ ​ដែរ​៕