លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងភរិយា​បានជួប​ជាមួយ​បងប្អូន​សហគមន៍ខ្មែរ និង​និស្សិតខ្មែរ​ដែលកំពុង​សិក្សា​នៅអឺរ៉ុប​ជាង ២ ពាន់នាក់ ដើម្បី​សំណេះសំណាល សាកសួរ​សុខទុក្ខ និងជម្រាប​ជូនពី​ស្ថានភាព​សុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តី​សុខសាន្ត​របស់​កម្ពុជា។ 


នេះគឺជាការ​បន្តជំនួប​ដែលលោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី តែងតែ​បានផ្តល់​ពេលវេលា​ដើម្បីជួប​ជាមួយ​បងប្អូន​សហគមន៍​រស់នៅ​តាមបណ្តា​ក្រៅប្រទេស  ហើយក្នុងនោះ​តំបន់អឺរ៉ុប ក៏ត្រូវ​បានរៀបចំ​ជាបន្តបន្ទាប់​ផងដែរ។ 

តេឡេក្រាម​របស់លោក​នាយក​រដ្ឋមន្រ្តី​បានបញ្ជាក់​ថា៖«គោលបំណង​សំខាន់​ក្នុងការជួបជុំ គឺដើម្បី​សាកសួរ​សុខទុក្ខ និងផ្តល់នូវ​ការសំណេះសំណាល​ប្រកបដោយស្មារតី​ខ្មែរ​តែមួយ ជាពិសេស​ក៏បានឆ្លៀតឱកាស​ក្នុងការធ្វើ​បច្ចុប្បន្នភាព​អំពីស្ថានភាព​សុខសន្តិភាព  ការអភិវឌ្ឍ និងសេចក្តី​សុខសាន្ត​របស់​កម្ពុជា»។ 


លើសពីនោះ លោកក៏បានធ្វើការ​បញ្ជាក់​ផងដែរ អំពី​បេសកកម្ម​នៃការធ្វើ​ទស្សនកិច្ច​ផ្លូវការ ដែលលោក និងរាជរដ្ឋាភិបាល​កម្ពុជា គ្រោងនឹងធ្វើ​ជាមួយប្រទេស​បារាំង និងដៃគូ​ដែលពាក់ព័ន្ធ​សំដៅស្វែងរក​ការវិនិយោគ​ក្នុងការផ្តល់​ផលប្រយោជន៍​ជូនជាតិ និងប្រជា​ជនកម្ពុជា។

លោកនាយក​រដ្ឋមន្រ្តី​បានថ្លែងអំណរគុណ​ដល់បងប្អូន​សហគមន៍​ខ្មែរ ដែលបាន​ចំណាយ​ពេលវេលា​ដ៏មានតម្លៃ ទាំងកម្លាំង​កាយចិត្ត ថវិកា​ក្នុងការធ្វើ​ដំណើរមក​ជួបជុំគ្នា​នៅពេលនេះ ដែលជាការផ្តល់​នូវភាព​ស្និទ្ធស្នាល និងកម្លាំងចិត្ត​ដ៏ខ្លាំងក្លា​សម្រាប់ថ្នាក់​ដឹកនាំ  និងរាជរដ្ឋាភិបាល​ក្នុងការបន្ត​ដឹកនាំ និងបំពេញ​បេសកកម្ម ដើម្បី​បុព្វហេតុ​ជាតិ និងប្រជាជន៕