ភ្នំពេញៈលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះការអភិវឌ្ឍនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋខណៈគ.ជ.គ.ម.បានធ្វើការយ៉ាងសកម្មក្នុងការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ។
លោកបានលើកឡើងផងដែរពីសារៈសំខាន់របស់ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុនដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុននៅកម្ពុជា។
លោក គន់ គីម បានបញ្ជាក់ដូចនេះក្នុងខណៈពេលលោកជួបពិភាក្សាការងារជាមួយនឹងលោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ។នេះបើយោងតាមការផ្សព្វផ្សាយរបស់ គ.ជ.គ.ម.។
អនុប្រធានទី១ គ.ជ.គ.ម.បានឱ្យដឹងថា៖ «ការជួបពិភាក្សាគ្នានេះ ជាការពង្រឹងភាពជាដៃគូដែលមានស្រាប់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិលើផ្នែកសំខាន់ៗនៃការ
អភិវឌ្ឍនិងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា»។
លោកគន់ គីម បានបន្តថា៖«រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះការអភិវឌ្ឍនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ គ.ជ.គ.ម. បានធ្វើការយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងផែនការអភិវឌ្ឍន៍និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»។
លោកបានអះអាងទៀតថា ជាពិសេស គ.ជ.គ.ម.បាននិងកំពុងរៀបចំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ២០២៤-២០២៨ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការការពារប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធពីផលប៉ះពាល់ដោយគ្រោះមហន្តរាយ។
នាឱកាសនោះលោក គន់ គីម ក៏បានបញ្ជាក់ផងដែរពីសារៈសំខាន់របស់ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុនដែលប្រព័ន្ធនេះមិនអាចខ្វះបាន ជាពិសេសការពង្រឹងភាពជាដៃគូជាមួយភាគីអ្នកពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុននៅកម្ពុជាដែលជាចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យរួចចាកផុតពីគ្រោះមហន្តរាយនិងរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកបានបញ្ជាក់ទៀតថា៖«អង្គការសហប្រជាជាតិក៏ដូចជាដៃគូអភិវឌ្ឍន៍ដែលមានវត្តមាននៅកម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីភាពនិងភាពធន់នៅក្នុងប្រទេសកម្ពុជាហើយយើងពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងនេះ»។
ជាមួយគ្នានោះដែរលោក ចូ សូយ័រ (Jo Scheuer) បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន ហើយក្នុងអាណត្តិបំពេញភារកិច្ចនៅកម្ពុជានេះលោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។
ទាក់ទងនឹងប្រព័ន្ធប្រកាសឱ្យដឹងមុននេះដែរ លោក ចូ សូយ័រ ធ្លាប់បានលើកឡើងថា ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុននេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីផែនការសកម្មភាពក្នុងការការពារប្រព័ន្ធនេះ ហើយកាលពីដើមឆ្នាំ២០២៣ អង្គការសហប្រជាជាតិ បានធ្វើការងារជាមួយដៃគូពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនអាយធី ដែលផ្តោតសំខាន់លើប្រទេសចំនួន ៣០ ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ផងដែរថា ប្រព័ន្ធប្រកាសឱ្យដឹងមុននេះនឹងជួយកម្ពុជាបានស្វែងយល់ពីហានិភ័យការត្រួតពិនិត្យការព្យាករការប្រស្រ័យទាក់ទងគ្នា និងការត្រៀមបង្ការក្នុងការឆ្លើយតប៕