ភ្នំពេញៈ លោក ម៉ុក ដា​រ៉ា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ កាលពី​ថ្ងៃទី​១៥ បាន​ជួបប្រជុំ​តំណាង​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ចំនួន​ ៤  ដើម្បី​ផ្សព្វផ្សាយ​ជូន​គណបក្សនយោបាយ​អំពី​គោល ការណ៍​រៀបចំកម្មវិធី​ស្មើភាព សម្រាប់​គណបក្ស​ផ្សព្វផ្សាយ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​ នៅក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤​។​


​លោក ម៉ុក ដា​រ៉ា ដែលជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ផងដែរ​នោះ បាន​ថ្លែង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា​៖ «​គណបក្សនយោបាយ​ទាំងអស់​ទទួលបាន​ឱកាស​ដោយ​ស្មើភាព តម្លាភាព និង​ឥតគិតថ្លៃ ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​ទៅដល់​សាធារណជន និង​អ្នកបោះឆ្នោត តាមរយៈ​កម្មវិធី​ស្មើភាព​ដែល​រៀបចំ​ដោយ គ​.​ជ​.​ប​»​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បានឱ្យដឹងថា  គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខនេះ​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កម្លាំង​ជាតិ​។​


​សូម​បញ្ជាក់ដែរថា កម្មវិធី​ស្មើភាព ត្រូវ​ចែកចេញជា ៣ ផ្នែក ក្នុងនោះ​មាន​៖ ១. កម្មវិធី​កិច្ចពិភាក្សា​តុមូល ដែល​គ្រប់​គណបក្សនយោបាយ ត្រូវធ្វើ​ការបង្ហាញ​នូវ​គោលនយោបាយ​របស់ខ្លួន​តាម​ប្រធានបទ​ដែល​គណៈកម្មការ​សម្របសម្រួល​បានដាក់​ជូន ហើយ​កម្មវិធី​នេះ​ត្រូវ​ថត​ទុកជាមុន និង​ត្រូវ​ចាក់ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា​។ ២. ស្ប៉ត​ឃោសនា​របស់​គណបក្សនយោបាយ ដែល​ត្រូវ​ចាក់ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា​និង​៣. ការបោះពុម្ពផ្សាយ​អត្ថបទ​ឃោសនា​របស់​គណបក្សនយោបាយ​លើ​ព្រឹត្តិបត្រ​គោលនយោបាយ​គណបក្ស ដែល​បោះពុម្ពផ្សាយ​ដោយ គ​.​ជ​.​ប ចំនួន ២ លេខ​។​

លោក ម៉ុក ដា​រ៉ា បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា​៖ «​ក្រោយ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៥ គណបក្សនយោបាយ​ទាំង ៤ បាន​ឯកភាព និង​មិនមាន​ការ​តវ៉ាចំពោះ​កម្មវិធី​ស្មើភាព ដែល ​គ​.​ជ​.​ប​ រៀបចំ​នោះទេ​»​។​


លោក គឹម​សួរ ភិ​រិ​ទ្ធ បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​ឆន្ទៈ​ខ្មែរ បានឱ្យដឹង​ដែរ​ថា គណបក្ស​លោក​នឹង​អនុវត្ត និង​ធ្វើ​ទៅតាម​ការណែនាំ​និង​កំណត់​របស់ គ​.​ជ​.​ប សម្រាប់​ការឃោសនាបោះឆ្នោត​នៅពេល​ខាងមុខនេះ​។​

លោក​បាន​ប្រាប់ថា​៖ «​យើង​ចេះតែធ្វើ​ទៅតាម​ការកំណត់​នេះ​ទៅ ប៉ុន្តែ​ខ្ញុំ​គិតថា មិនសូវ​ជាសំខាន់ សម្រាប់​ការផ្សព្វផ្សាយ​កម្មវិធី​នយោបាយ និង​សារ​នយោបាយ​របស់​គណ​បក្ស សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ទេ ព្រោះ​ប្រជាពលរដ្ឋ​មិនបាន​ទៅ​ស្តាប់​»៕