ភ្នំពេញៈ សហ​ភាព​អឺរ៉ុប ​(EU)​ ​បាន​ឱ្យដឹង​ថា ​ស្ថិត​នៅ​ក្រោម​ក្រប​ខ័ណ្ឌ​ច្រក​ទ្វារ​សកល​ ឬ ​Global Gateway,​EU​ គ្រោង​នឹង​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​ចំនួន​សរុប​ប្រមាណ ​៨៦​ ​លាន​អឺរ៉ូ ​ឬ​ប្រមាណ​ជា ​៩៣​ លាន​ដុល្លារ​អាមេ​រិក​ ជូន​កម្ពុជា​សម្រាប់​កម្ម​វិធី​ថ្មី​ចំនួន​ ៤​ ដើម្បី​គាំទ្រ​ដល់​ការ​វិនិ​យោគ​បន្ថែម​ ​ដើម្បី​បង្កើន​វិសាល​ភាព​ប្រសិទ្ធ​ភាព​ ​និង​ប្រសិទ្ធ​ផល​ ​នៃ​កិច្ច​អន្ត​រាគមន៍​របស់​ខ្លួន​ ​សម្រាប់​កម្ពុជា​​។​​


យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​រួម​ ​ស្ដីពី​ជំនួប​រវាង​អូន ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ជា​មួយ​នឹង​លោក​ ​ឌ្រី​ស​ម៉ាន់​ រី​ហ្គោ ​(Driesmans Igor)​ ​ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ កាល​ពី​ថ្ងៃទី​១៥ ​ខែមករា​ ឆ្នាំ​២០២៤​ នា​ទីស្តី​ការ​ក្រសួង​។​​

លោក​ ​ឌ្រី​ស​​ម៉ាន់​ រី​ហ្គោ ​(Driesmans Igor) ​បាន​លើក​ឡើង​ថា​ នៅ​ក្រោម​យុទ្ធ​សាស្ត្រ​នេះ​ផង​ដែរ​ ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ និង​ប្រទេស​ជា​សមា​ជិក ​EU ​ដែល​ជា​រួម​ហៅ​ថា​ «Team Europe»​ បាន​បង្កើត​ជា​គំនិត​ផ្តួច​ផ្តើម ​(Team Europe Initiatives -TEIs) ​ចំនួន​២​ ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​សមា​ហរណ​កម្មរ​បស់​កម្ពុជា​ ក្នុង​អាស៊ាន​ ​តាម​រយៈ​ការ​លើក​កម្ពស់​ការ​អភិ​វឌ្ឍ​បៃតង​ និង​ការងារ​សម​រម្យ​ ដែល​ក្នុ​ង​នោះ​មាន​៖ ចីរ​ភាព​ខ្សែ​ច្រវាក់​តម្លៃ​កសិ​កម្ម​ និង​ថា​មព​ល​បៃ​តង​ ​និង​ខ្សែ​ច្រវាក់​តម្លៃ​ឧស្សា​ហកម្ម​។​ 


​លោក​បាន​បន្ត​ថា ​ជាក់​ស្តែង​ ​នៅ​ក្រោម​ក្រប​ខ័ណ្ឌ ​Global Gateway,​ EU​ បាន​គ្រោង​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​ចំនួន​សរុប​ប្រមាណ​ ៨៦ លាន​អឺរ៉ូ​ ​ជូន​កម្ពុជា​សម្រាប់​កម្ម​វិធី​ថ្មី​ចំនួន​ ៤​ រួ​មមាន​៖ ក​ម្ម​វិធី​ភាព​ជា​ដៃគូ​របស់​កម្ពុជា​សម្រាប់​ប្រព័ន្ធ​កសិកម្ម​ និង​អាហារ​ប្រកប​ដោយ​ចីរភាព​,​កម្ម​វិធី​ភាព​ជា​ដៃគូ​សហ​ភាព​ ​អឺរ៉ុប​សម្រាប់​ការ​អនុវត្ត​ថាម​ពល​ប្រកប​ដោយ​ចីរភាព​ក្នុង​ឧស្សាហ​កម្ម​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង និង​ផលិត​ផល​ ​ធ្វើ​ដំណើរ​, ​កម្ម​វិធី​ភាព​ជា​ដៃគូ​សហ​ភាព​អឺរ៉ុប​-​កម្ពុជា​ ​សម្រាប់​ការ​បណ្តុះ​បណ្តាល​ការ​អប់រំ​បច្ចេក​ទេស​ ២០២៤​- ២០២៧ ​និង​កម្ម​វិធី​ពាណិជ្ជ​កម្ម​ ​និង​វិស័យ​ឯក​ជន​។​​

​លោក​ ​ឌ្រី​ស​ម៉ាន់​ រី​ហ្គោ ​ក៏​បាន​ថ្លែង​ដោយ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់​រាជ​រដ្ឋាភិ​បាល​កម្ពុ​ជា​ ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​គោល​នយោ​បាយ​សំខាន់ៗ​ ​ដែល​សម្រេច​បាន​នូវ​ការ​រក្សា​ស្ថិរ​ភាព​សង្គម​ ​និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ប្រក​ប​ដោយ​ផ្លែផ្កា​​។​ 


​លោក​បាន​បញ្ជាក់​ថា​​៖«​​ខ្ញុំ​ពិត​ជា​មាន​មោទ​នភាព​ ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​គោល​នយោបាយ​ គាំពារ​សង្គម​របស់​ក​ម្ពុ​ជា​ តាមរ​យៈ​កម្ម​វិធី​កំណែ​ទម្រង់​ការ​គាំពារ​សង្គម​ ​ហិរញ្ញ​ប្បទា​ន​ដោយ​មូល​និធិ​ទ្រទ្រង់​ថវិកា​របស់ ​EU​ ហើយ​ដែល​បាន​អនុវត្ត​ដោយ​ជោគ​ជ័យ​»​។​ 

ជា​មួយ​គ្នា​នោះ​ដែរ​ ​លោក ​អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​បាន​លើក​ឡើង​ដែរ​ថា​EU ​តែង​តែ​ផ្ដល់​ការ​គាំទ្រ​លើ​កិច្ច​អភិ​វឌ្ឍ​តាម​វិស័យ​អាទិ​ភាព​ របស់​រាជ​រដ្ឋាភិ​បាល ​និង​ការ​ងារ​កំណែ​ទម្រង់​សំខាន់ៗ​ កន្លង​មក​ ហើយ​សម្រេច​បាន​សមិទ្ធ​ផល​គួរ​ជាទី​មោទ​នៈ​។​​

លោក​បាន​ថ្លែង​ថា​ ​៖​«​រាជ​រដ្ឋាភិ​បាល​ អរគុណ​សហ​ភាព​អឺរ៉ុប​ សម្រាប់​ការ​ចូលរួម​យ៉ាង​សកម្ម ​និង​បន្ត​គាំទ្រ​ក្នុង​ការ​លើក​កម្ពស់​ការ​កសាង​ប្រព័ន្ធ និង​វឌ្ឍន​ភាព​នៃ​កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា​ ​ឆ្ពោះ​ទៅ​រក​ភាព​ធន់​ រួ​ម​បញ្ចូល​ និរន្ត​រ​ភាព​ និង​ឆ្លើ​យ​តប​ទៅ​នឹង​ភាព​តក់ស្លុត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ ជា​ពិសេស​សម្រាប់​តួនា​ទី​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ភាព​ជា​ដៃគូ ​និង​ការ​បែង​ចែក​ធនធាន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​វិស័យ​សង្គម រួម​ទាំង​កិច្ច​គាំពារ​សង្គម​ ​សុខ​ភាព​ ​និង​ការ​អប់​រំ​»​។​​

លោក​បាន​បន្ត​ទៀត​ថា ​ក្រោម​ក្រប​ខ័ណ្ឌ ​Global Gateway​ ​ ដែល​មាន​កម្ម​វិធី​ទាំង​ ៤​ នេះ​ នឹង​ចូល​រួម​គាំ​ទ្រ​ដល់​របៀបវារៈ​គោល​នយោ​បាយ​អាទិ​ភាព​របស់​រាជ​រដ្ឋាភិ​បាល​ ដោយ​លោក​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​នឹង​អាច​សម្រេច​បាន​ជោគ​ជ័យ​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​៕​