កំពង់ស្ពឺៈគណៈ​ប្រតិភូ​ប្រទេស​អូស្រ្តា​លី បា​ន​ចុះ​កិច្ច​ព្រម​ព្រៀង​បន្ត​អនុវត្ត «​គម្រោង​អង្គរ» ជា​មួយ​ក្រសួង​អប់​រំយុវ​ជន ​និង​កីឡា ​ដើម្បី​ជួយ​គាំ​ទ្រ​ជា​សម្ភារ ​និង​ហិរញ្ញ​វត្ថុ​ទៅ​ដល់​សាលា​រៀន​គោល​ដៅ​បន្ថែម​ទៀត​ក្នុង​ខេត្ត​កំពង់​ស្ពឺ ខណៈ​​គម្រោង​នេះ​បាន​អនុ​វត្ត​ក្នុង​ខេត្ត​កំពង់​ស្ពឺ​អស់​រយៈ​ពេល ​១៨​ ឆ្នាំ​ មក​ហើយ​។


ការ​ចុះ​កិច្ច​ព្រម​ព្រៀង​បន្ត​គម្រោង​អង្គរ​នេះធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ក្រោម​អធិបតី​លោក​ អ៊ុម​ រម្យណី រដ្ឋ​លេខាធិ​ការ​​ក្រសួង​អប់​រំ ​ជា​មួយ​គណៈ​ប្រតិភូ​ប្រទេស​អូស្រ្តាលី កា​លពី​​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៤​ ។ ​ការ​បន្ត​គម្រោង​អង្គរ​នេះ​ ភាគី​ប្រទេស​អូ​ស្រ្តាលីក៏នឹងជួ​យ​គាំ​ទ្រ​បន្ថែម​ទៀត​ ដល់​ការ​អភិ​វឌ្ឍ​សាលា​រៀន​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ក៏​ដូចជា​សា​លា​សម្ព័ន្ធ​មេត្រី​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ផង​ដែរ​។

លោក​ស្រី ឃួន វិច្ឆិកា អ្នក​នាំ​ពាក្យ​ក្រសួង​អប់​រំ យុវជន​និងកីឡាបាន​ឱ្យដឹង​នៅ​ថ្ងៃទី​​១៦ ខែ​មករា​ថា គម្រោង​អង្គរ​ចាប់​ផ្ដើម​អនុវត្ត​សកម្ម​ភាពក្នុ​ង​ខេត្តកំ​ពង់ស្ពឺ​តាំង​ពី​ឆ្នាំ​២០០៦​តាម​រយៈ​ការ​កៀង​គរ​រក​ម្ចាស់​ជំនួយ​ដែល​ជា​គ្រឹះ​ស្ថាន​សិក្សា​សា​ធារណៈ​​នៅប្រ​ទេស​អូស្ត្រា​លី មក​ជួយ​សា​លា​រៀ​ន​គោល​ដៅ​​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។ 


លោក​ស្រី​បន្ត​ថា​៖«ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូត​មក​ទល់​ពេលនេះ​មាន​សា​លា​រៀន​គោល​ដៅ​ចំនួន ២៤ ​ក​ន្លែ​ង ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​ទទួល​ផល​ពី​ការ​អនុវត្ត​គម្រោង​នេះ ​ដែល​គាំ​ទ្រ​ដោយ​ភាគី​ប្រទេស​អូស្រ្តាលី​ ដើ​ម្បី​ជួយ​ជំរុញនិង​អភិ​វឌ្ឍ​សាលា​ក្នុង​ខេត្ត​កំពង់​ស្ពឺឱ្យ​​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​»។

លោក​ស្រី​ ឃួន ​វិច្ឆិកា ​បាន​​បន្ដថា សកម្ម​ភាព​នៃ​ការ​អភិវឌ្ឍ​សាលា​រៀ​នក្នុង​គោល​ដៅ​ទាំង​នោះ​រួម​មាន​ការ​កសា​ង​បង្គន់​អនាម័យ កសាង​អាង​ទឹក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​សាលា ទិញ​សម្ភារ​រៀន និង​បង្រៀន សម្ភារ​កីឡា សម្ភារ​ការិ​យា​ល័យ និង​សម្ភារ​ICT សម្រាប់​ដំណើរ​ការ​សាលា​សម្ព័ន្ធ​មេត្រី​ផង​ដែរ​។


អ្នក​នាំ​ពាក្យ​ក្រសួង​អប់​រំក៏បាន​បញ្ជាក់​​បន្ថែម​ទៀត​​ថា ក្រៅ​ពី​ការ​ជួយ​ជា​សម្ភារនិង​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហើយ ​ក្នុង​ឆ្នាំ​២០២៣​កន្លង​មក គម្រោង​អង្គរបាន​កៀង​គរ​ថវិកា​បាន​ចំនួន​ជាង​២​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​សា​លា​រៀននៅ​ក្នុ​ងខេត្តកំ​ពង់​ស្ពឺ​​ ហើយ​គម្រោង​អង្គរ​នេះអនុវត្ត​តែ​នៅក្នុង​​ខេត្ត​កំពង់​ស្ពឺមួយ​ប៉ុណ្ណោះ​។

​អភិ​បាល​រង​ខេត្ត​កំពង់​ស្ពឺ លោកស្រី ឡុង បូណារ៉េត ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា មុន​នឹង​ភាគី​ប្រទេស​អូ​ស្ត្រាលី បន្ត​គម្រោង​នេះ​ជា​មួយ​ក្រសួង​អប់​រំគឺ​គណៈ​ប្រតិភូ​នៅ​ប្រទេស​អូស្ត្រាលី ​តែង​តែ​ចុះ​មក​ពិនិត្យ​មើល​ជា​រៀង​រាល់​ ១​ ឆ្នាំ​ ​​ម្ដង អំពីដំណើរ​ការ​នៃ​ការ​អភិ​វឌ្ឍ​សាលា​រៀន​ក្នុង​ខេត្ត​នេះ​។​

លោក​ស្រីបាន​​បន្ត​ថា បន្ទាប់​ពីពិ​និត្យរួ​ច​ហើយ ក៏​ឃើញ​ថា​ក្នុង​១​ឆ្នាំៗ​រាល់​ជំនួយ​ជា​ហិរញ្ញ​វត្ថុ សម្ភារ​សម្រា​ប់​ការ​គាំ​ទ្រ​ក្នុង​សាលា​រៀន​គោល​ដៅ គឺ​ត្រូវ​បាន​បែង​ចែក​ដោយ​មាន​តម្លា​ភាព​ ហេតុ​នេះហើ​យបា​ន​ជា​ធ្វើ​ឱ្យ​ភា​គី​ប្រទេស​អូ​ស្ដ្រាលី​នៅ​តែ​បន្ត​គម្រោង​នេះ​ដើម្បី​ជួយ​ទៅ​ដល់​សាលា​រៀន​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។​

លោក​ស្រី​បញ្ជាក់​ថា​៖«​​ក្នុង​ឆ្នាំ​នេះយើង​ពិត​ជា​មាន​សំណាង​បាន​ទទួល​ឱកាស​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ​បន្ត​ទៀត​ក្រោម​ការ​គាំទ្រ​ពី​ប្រទេស​អូស្ដ្រាលី​។​​ការ​បន្ត​គម្រោង​នេះ​​បាន​ផ្ដល់ផ​លប្រ​យោជន៍​យ៉ាងច្រើន​ទៅ​កាន់​សិស្សានុសិស្ស​នៅ​តាម​សាលា​រៀន​របស់​យើង​»​។

បើ​តាម​លោក​ស្រី ​ឡុង បូណារ៉េត​ ការ​បន្ត​គម្រោង​អង្គរ​ក្នុង​ឆ្នាំ​២០២៤​នេះ​ដែរគឺ​ភាគី​អូស្រ្តាលីនឹង​គ្រោង​ជួយ​អភិវឌ្ឍ​សា​លារៀន​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ចំនួន១២​កន្លែង​ថែម​ទៀត​ដែល​មិន​ទាន់​មាន​បន្ទប់​អនាម័យ សម្ភារ​ការិយា​ល័យ ក៏​ដូច​ជា​សម្ភារ​​សម្រាប់​ជំនួយ​ដល់​លោក​គ្រូ​​ អ្នក​គ្រូ​បង្រៀន​សិស្ស​ផង​ដែរ​៕