ភ្នំពេញៈ អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ (​អ​.​ដ​.​ក​.) បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ និង​ពិនិត្យ​លទ្ធភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​ដំណើរ​នៃ​ស្ថាប័ន​ខ្លួន ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​ជាង ៤០​ជា​លើកដំបូង​កាលពី​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ ។​


កិច្ចប្រជុំ​នេះ​រៀបចំ​ដោយ​ អ​.​ដ​.​ក​. ដែលមាន​ការសហការ​ជាមួយ​អង្គការ​អុក​ស្វា​ម​ប្រចាំ​នៅ​កម្ពុជា ដោយមាន​វត្តមាន​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ជាង ៤០ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​។​

ក្រសួងយុត្តិធម៌​បានឱ្យដឹង​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៤​ថា លោក​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន អ​.​ដ​.​ក​.​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ពី​កិច្ចដំណើរការ​របស់​ អ​.​ដ​.​ក ដល់​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​។ 


លោក​បាន​បន្តថា មួយទៀត ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការធ្វើ​កិច្ចសហការ​រវាង​អាជ្ញាធរ​ និង​សង្គម​ស៊ីវិល ក៏ដូចជា​ដៃគូ ក្នុង​កិច្ចដំណើរការ​ក្នុង​ការជួយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ជូន​ដល់​ប្រជាពលរដ្ឋ​។ 

លោក កើត រិ​ទ្ធ បានលើកឡើង​ដោយ​លោក​បានចាត់ទុក​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ជា​ដៃគូ​សហការ​សំខាន់​នៃ​ស្ថាប័ន​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​ឈានទៅ​សម្រេច​បេសកកម្ម​ចុះ​ដោះស្រាយ​វិវាទ​ជូន​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន ជាពិសេស​នៅតាម​តំបន់​ដាច់ស្រយាល និង​តំបន់​ដែលមាន​ជនជាតិដើម​ភាគតិច​រស់នៅ​។​


លោក ​ជិន ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អគ្គលេខាធិការ​នៃ​ អ​.​ដ​.​ក​. បាន​ប្រាប់​ឱ្យដឹងថា កិច្ចប្រជុំ​នេះ អាជ្ញាធរ​បាន​ពន្យល់​ឱ្យបាន​ច្បាស់​ពី​ដំណើរការ តួនាទី​នៃ​អាជ្ញាធរ​ដល់​ក្រុម​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ ដែល​កន្លងមក​មានមតិ​លើកឡើង​មិន​ត្រឹមត្រូវ​មួយចំនួន ប្រាសចាក​ន័យ​ដើម​។​

លោក​បន្តថា កិច្ចប្រជុំ​ក៏​បង្ហាញ​គម្រោង​កិច្ចសហការ​ផងដែរ​ទៅលើគម្រោង​ដោះស្រាយ​វិវាទ​នៅ​តំបន់​ដាច់ស្រយាល និង​សម្រាប់​ជនជាតិដើម​ភាគតិច ខណៈ​ជា​លទ្ធផល ភា​គីអង្គការ​សង្គម​ស៊ីវិល​យល់ច្បាស់ ព្រមទាំង​បង្ហាញ​ចំណាប់អារម្មណ៍​គាំទ្រ​លើ​គម្រោង​ផ្សេងៗ​ផង​។​

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​នឹង​ជជែក ពិភាក្សា​លម្អិត​ជាមួយ​ដៃគូ​នីមួយៗ​ដែល​ចាប់អារម្មណ៍​គាំទ្រ និង​សហការទៅលើ​គម្រោង​ទាំងនេះដែល​អាច​ជាការ​ផ្តល់ជំនួយ​បច្ចេកទេស បទដ្ឋាន​គតិយុត្ត នីតិវិធី ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ឬ​ផ្នែក​សម្ភារ ការបណ្តុះបណ្តាល​ជាដើម​»​។​

លោក ជិន ម៉ា​លីន បាន​បន្ថែមថា ភាគី​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ កំពុង​ពិនិត្យ​លទ្ធភាព​ដែល​អាច​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​សម្រាប់​គម្រោង​ដែល​បានលើកឡើង​។​

​​លោក នី សុខា ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះដែរ បាន​ថ្លែងថា កិច្ចសហការ​រវាងរ​ដ្ឋា​ភិ​បាល និង​អង្គការ​សង្គម​ស៊ីវិល​ ត្រូវតែ​បង្កើន​ថែមទៀត តួយ៉ាង​នៅក្នុង​យន្តការ​ដោះស្រាយ​វិវាទ​ ក្រៅ​ប្រព័ន្ធតុលា​ការ​​នេះ ដែល​សង្គម​ស៊ីវិល​ជា​ផ្នែក​បំពេញ​ចន្លោះប្រហោង​រប​ស់​រដ្ឋាភិបាល ខណៈ​ប្រធាន​អាជ្ញាធរ​នេះ​បើកទូលាយ និង​ស្វាគមន៍​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សង្គម​ស៊ីវិល​។​

លោក​បាន​ថ្លែងថា​៖ «​ទៅមុខ​នេះ​ទៀត យើង​នឹង​ពិចារណា​ទាំងអស់គ្នា លើ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ដោយ​ផ្តោតលើ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ឱ្យ​ដើរ​បានល្អ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​បានទទួល​សេវា​ហ្នឹង​ឱ្យ​ល្អប្រសើរ​ថែមទៀត​»​។​

លោក នី សុខា បាន​បញ្ជាក់ដែរថា អាជ្ញាធរ​មិនទាន់​បានកំណត់​យន្តកា​រ​កិច្ចសហការ​ជាក់លាក់​នៅឡើយ​ទេ ប៉ុន្តែ​គេ​បាន​ស្វាគមន៍ ដោយ​បើកទូលាយ​ដល់​សង្គម​ស៊ីវិល​អាច​ចាប់យក​ជ្រុង​សហការ​ណាមួយ​ក្នុង​បញ្ហា​សម្រុះសម្រួល​វិវាទ​នេះ មិន​ថា​ជា​ស្មារតី ហិរញ្ញវត្ថុ បច្ចេកទេស សម្ភារ ឬ​ជា​សកម្មភាព​នៅតាម​ថ្នាក់មូលដ្ឋាន​ជាដើម​៕