​ភ្នំពេញៈ​អាជ្ញា​ធរ​មីន​ និង​ភាគី​ចិន ​គ្រោង​ចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា​ ដើម្បី​បន្ត​ផ្ដល់​ជំនួយ​ទាំង​ហិរញ្ញ​វត្ថុ​ការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ និង​ផ្ដល់​សម្ភារ​បច្ចេក​ទេស​ សម្រាប់​ជួយ​ដល់​កម្ពុជា​ លើស​កម្ម​ភាព​បោស​សម្អាត​មីន​នៅ​ដើម​ឆ្នាំ​២០២៤​ នេះ​។


​លោក​ទេស​រដ្ឋ​មន្ត្រី​ លី ធុជ អនុ​ប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៦ ខែមករា​ថា គណៈ​ប្រតិភូ​សាធា​រណរ​ដ្ឋ​ប្រជា​មានិត​ចិនកំ​ពុង​មក​ធ្វើ​ទស្សន​កិច្ច​នៅ​សារម​ន្ទីរ​មីន និ​ង​បាន​ពិភាក្សា​ការងារ​លើ​វិស័យ​សកម្ម​ភាព​មីន​ជា​មួយ​ខាង​អង្គ​ភាព​ស៊ី​ម៉ាក់​។
 
​ទន្ទឹ​មនឹង​នេះ ​លោក​បាន​ឱ្យដឹ​ង​​ដែរ​ថា បន្ទាប់​ពី​បញ្ចប់​ទស្ស​នកិ​ច្ចនេះ ​ភាគី​ចិន​គ្រោង​នឹងចុះ​អនុស្សរ​ណៈ​យោគយល់​គ្នា​ជាមួយ​អាជ្ញា​ធរ​មីន​កម្ពុជា​នៅ​ថ្ងៃទី​១៨ ​ខែមករា​ ដើម្បី​បន្ត​ជួយ​គាំទ្រ​ការងារ​បោស​សម្អាត​មីន​ក្នុង​ឆ្នាំ​​នេះ​។​

​លោក​បាន​ឱ្យ​ដឹងទៀ​តថា ក្នុង​កិច្ច​ការ​ងារ​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤​នេះ ភាគី​ចិន នឹង​បន្ត​ផ្ដល់​ជំនួយ​ទាំង​ហិរញ្ញ​វត្ថុ ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​លើ​ជំនាញ​ដោះ​គ្រាប់ ក៏ដូច​ជា​ការ​ផ្ដល់​សម្ភារ​បច្ចេក​ទេស​សម្រាប់​ការងារ​បោស​សម្អាត​មីន​ផង​ដែរ​។ រាល់​ការ​ផ្ដល់​ជំនួយ​ទាំង​អស់​នេះ ប្រទេស​មិត្ត​ចិន​តែង​តែ​បាន​អនុវត្ត​ជា​រៀង​រាល់ឆ្នាំ​សម្រាប់​ជួយ​កម្ពុជា ជា​ពិសេសគឺ​ការ​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​លើ​ការ​ងារ​បោស​សម្អាត​មីន​ទៅ​ដល់​មន្ត្រី​ពាក់​ព័ន្ធ​របស់​កម្ពុជា​។​


​លោក​ លី ​ធុជ បាន​បញ្ជាក់​ថា​៖«​ជំនួយ​នេះ​ បាន​ចូល​រួមចំណែក​យ៉ាង​សំខាន់​ ដោយ​សារ​យើង​បាន​យក​ជំនួយ​ទៅ​ជួយ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរពី​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​រំសេវ​នៅក្នុ​ង​ទឹកដី​របស់​យើង​ ហើយ​ជំនួយ​ពី​ប្រទេស​មហា​មិត្ត​ចិន​ហ្នឹង ក៏​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជា​ជន​យើង​ដែ​រតាម​រយៈ​កា​រផ្ដល់​ដី​សុវត្ថិ​ភាព​សម្រាប់​ធ្វើ​កសិក​ម្ម​»​។​

​បើ​តាម​លោក លី ធុជ ការចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា​នេះ​ក៏​ជា​ឯក​សារ​មួយ​សំខាន់​ដែល​បញ្ជាក់​ពី​ឆន្ទៈ​ដ៏​មោះ​មុត​របស់​ប្រជា​ជន​និង​រាជ​រដ្ឋាភិ​បាល​ចិន​ក្នុង​ការ​ចូលរួម​ជាមួយ​កម្ពុជា​ដើម្បី​ធ្វើឱ្យ​កម្ពុជា​ចាក​ផុតពី​សម័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ ក្រៅពី​នេះ​នៅ​ក្នុង​អនុ​ស្សរ​ណៈ​យោគ​យល់​គ្នា មិត្ត​ចិន​ក៏​នឹង​ផ្ទេរ​សម្ភា​រ​មួយ​ចំនួន​ផង​ដែរ រួមមាន​ តង់ ​សម្ភារ​ការិ​យា​ល័យ និង​សម្ភារ​ជួយ​ដល់​ការងារ​បោស​សម្អាត​មីន​ជា​ដើម​មក​ជូន​កម្ពុជា​។ 


​ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​ផ្ដល់​ជំនួយ​ជួយ​ដល់​កម្ពុជា​លើ​ការងារ​បោស​សម្អាត​មីន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក រហូតមក​ដល់​ពេល​នេះបា​ន​ជួយ​សង្គ្រោះ​ជីវិត​ប្រជា​ជន​កម្ពុ​ជាជា​ង១​លាន​នាក់​ និង​បាន​រក​ឃើញ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេង​ទៀត​ជាច្រើន​ម៉ឺន​គ្រាប់ ​ក៏ដូច​ជា​បាន​រួម​ចំណែក​កាត់​បន្ថយ​ការ​ស្លាប់​និង​របួស ​និង​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តំបន់​ជនប​ទ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។ នេះ​ជា​បញ្ជាក់​របស់​លោក ​លី ធុជ​ អនុ​ប្រធាន​ទី​១ នៃ​អាជ្ញា​ធរ​មីន​។​

​ទាក់​ទង​នឹង​មីន​នេះ នៅ​ថ្ងៃទី​១៥ ​ខែមករា​ លោក ​ហេង រតនា អគ្គ​នាយក​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន (​ស៊ី​ម៉ាក់​) ក៏​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ ​គណៈ​ប្រតិភូ​សា​ធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ផង​ដែរ​ដែល​ក្នុង​ឱកាស​នោះ លោក​បាន​លើក​ឡើង​ពី​សកម្ម​ភាព​ស្នូល​របស់​អង្គភាព​ស៊ី​ម៉ាក់​ ក្នុង​ការ​បោស​សម្អាត​មីន​និង​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​កម្ពុជា ជា​ពិសេស​គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា​ដែល​បាន​ផ្តល់​ជូន​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ចា​ប់តាំង​ពី​ឆ្នាំ​២០១៨​ រហូត​មក​ដល់​បច្ចុ​ប្បន្ន​។ 
 
​សូម​រំឭក​ដែរ​ថា ​ចា​ប់ពី​ឆ្នាំ​២០១៨ ដ​ល់​ឆ្នាំ​២០២៣ ក្រោម​ជំនួយ​គាំទ្រ​ពី​រដ្ឋាភិ​បាល​ចិន​តាម​រយៈ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ អង្គ​ភាព​ស៊ីម៉ាក់​ បាន​បញ្ចប់​ការ​អនុវត្ត​កិច្ច​ប្រតិ​បត្តិ​ការ​បោស​សម្អាត​មីន​មនុស្ស​ធម៌​បាន​ចំនួន ​៣ ​ដំណាក់​កាល​រួច​មក​ហើយ​ ដោយមា​ន​ទឹក​ប្រាក់​សរុប​ចំនួន ​១៤,​៤ ​លាន​ដុល្លារ​អា​មេរិក​។​

​ជំនួយ​ទាំងនេះ​ដើម្បី​គាំទ្រ​សកម្មភា​ព​បោស​សម្អាត​មីន​និង​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម​របស់​អង្គ​ភាព​ស៊ីម៉ាក់​ក្នុង​ខេត្ត​កំពង់​ធំ ​សៀម​រាប ឧត្តរ​មាន​ជ័យ ព្រះ​វិហារ ក្រចេះ ​ស្ទឹង​ត្រែង ​កំពង់​ឆ្នាំង និង​ខេត្ត​ស្វាយ​រៀង​៕​