​ភ្នំពេញៈ ​អ្នកនាំពាក្យ​ក្រសួង​ក​សិ​កម្ម រុក្ខា ប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹ​ម រចនា បាន​អះអាងថា ការធ្វើ​តេស្ត​សំណាក​សត្វ​ជ្រូក​ដែល​ងាប់​ជា​បន្ត​​បន្ទាប់​ដោយ​សង្ស័យ​ជា​ជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិក នៅ​ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី ​១៣ ខែមករា រហូតមកទល់​ពេលនេះ មិនទាន់មាន​លទ្ធផល​ទេ ដោយសារ​សំណាក​នោះ​គឺ​យក​ពីស​ត្វ​ជ្រូក​ដែល​ឈឺ​យូរ​មកហើយ​។​


​កញ្ញា អ៊ឹ​ម រចនា បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៦ ខែមករា​ថា​៖ «​សំណាក​ដែល​យក​ពី​សត្វ​ជ្រូក​នោះ គឺ​សត្វ​ជ្រូក​នោះ​ឈឺ​យូរ​មកហើយ ទម្រាំ​តែ​វា​ងាប់ ហើយ​យើង​យក​សំណាក​មក​ពិនិត្យ​។ អ៊ីចឹង​ហើយ មេរោគ​ដែល​នៅក្នុង​ខ្លួន​សត្វ​ជ្រូក វា​បាន​បំប្លែង​ច្រើនលើក​ច្រើន​សា ដែល​វា​ធ្វើឱ្យ​ការធ្វើ​តេស្ត​ជួប​ការ​លំបាក​ក្នុងការ​ទទួលបាន​លទ្ធ​ផល​​សុក្រឹត​មួយ​»​។​

​កញ្ញា បាន​បន្ថែមថា ការធ្វើ​តេស្ត​លើ​សំណាក​ជ្រូក​ដែល​ងាប់​នេះ មន្ត្រី​ជំនាញ​ស្វែងរក​មេរោគ​នៃ​ជំងឺ​ ៣ ​ប្រភេទ គឺ​ទី​១- ​ជំងឺប៉េស្ត​ជ្រូក​,​ ទី​២-​ ជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិក និង​ទី​៣-​ ជំងឺ​ត្រចៀក​ខៀវ ខណៈ​ជំងឺ​ទាំង​ ៣ ​​ប្រភេទ​នេះ មាន​រោគ​សញ្ញា​ស្រដៀង​គ្នា​ដោយ​មុននឹង​ជ្រូក​ទាំងនោះ​ងាប់ វា​មាន​អាការ​កម្តៅ​ឡើង​ខ្លាំង និង​សម្បុរ​របស់​វា​ឡើង​ស្វាយ​។​​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​ក៏បាន​ប្រាប់​ដែរ​ថា កញ្ញា​មិនទាន់​អាច​បញ្ជាក់​អ្វី​លើសពីនេះ​នៅឡើយ​ទេ ដោយ​រង់​​ចាំ​លទ្ធផល​ផ្លូវ​ការចេញ​សិន​។​


​ចំពោះ​ស្ថានភាព​ទូទៅ​នៅ​ទីតាំង​សត្វ​ជ្រូក​ងាប់​សង្ស័យ​ជា​ជំងឺប៉េស្ត​ជ្រូក​អ្រា​ហ្វិ​ក​នេះ កញ្ញា អ៊ឹម​ រចនា បញ្ជាក់ថា អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់គ្រង​បានជា​ស្ថាពរ​ហើយ ព្រោះ​នៅក្រោយពី​ទទួលបាន​ព័ត៌មាន មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះទៅ​អប់រំ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក៏ដូចជា​ប្រមូល​សត្វ​ជ្រូក​ដែល​ងាប់​ទាំងនោះ​យក​
​ទៅ​ដុត​កម្ទេចចោល​ផងដែរ​។​

​កញ្ញា អ៊ឹម រចនា បាន​បន្ថែមទៀតថា ជាមួយគ្នានេះ មន្ត្រី​ជំ​​នា​ញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​កំពុងតែបន្ត​ឈរជើង​នៅ​ទីតាំង​កន្លែងកើតហេតុ​នោះ​ជាមួយនឹង​ការឃ្លាំមើល​យ៉ាង​ដិតដល់​ចំពោះ​សត្វ​ជ្រូក​ដែល​នៅ​សេសសល់ ជាពិសេស​ពិនិត្យមើល​នៅតាម​បណ្តា​ស្រុក​ដែល​នៅជាប់​នឹង​ស្រុក​កំពង់រោទិ៍​នេះដែរ​។​


​នាឱកាស​នេះ​ក្នុងនាម​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹ​ម រចនា បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ជា​អ្នក​ចិញ្ចឹម​ជ្រូក បើ​ពិនិត្យឃើញ​ជ្រូក​របស់ខ្លួន​មាន​ជំងឺ​ឬ​ងាប់ ត្រូវតែ​ប្រញាប់​រាយការណ៍​ជាបន្ទាន់​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ ដើម្បីឱ្យ​ពួកគេ​បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​និង​អន្តរាគមន៍​បាន​ទាន់ពេល​ចៀសវាង​ការ​ឆ្លងទៅ​កសិដ្ឋាន​ចិញ្ចឹម​ផ្សេងទៀត ជាពិសេស​កុំ​លក់​ជ្រូក​ងាប់​ឱ្យ​ឈ្មួញ ព្រោះ​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​មនុស្ស​។​

​ទាក់ទិន​នឹង​បញ្ហា​នេះដែរ លោក ប៉ែន ចាន់​ធី ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តស្វាយរៀង​ក៏បាន​ប្រាប់ ដែរ​ថា គិត​ត្រឹម​ថ្ងៃទី ​១៦ ខែមករា ឆ្នាំ​ ២០២៤ មិនមាន​ជ្រូក​ងាប់​បន្ថែមទៀត​ទេ​បន្ទាប់ពី​មន្ត្រី​ជំ​នា​ញ​បាន​ចុះទៅ​ដល់ទី​តាំង​កើត​ហេតុ​កាលពី​ថ្ងៃទី ​១៥ ខែមករា និង​បាន​រកឃើញ​ជ្រូក​ ១៣០ ​ក្បាល​នៅក្នុង​ ៧ ​គ្រួសារ​ដែលមាន​ជំងឺ​និង​មិនមាន​ជំងឺ ដោយ​ក្នុងនោះ​ងាប់​អស់​ ៤៧​ ក្បាល​។​

​លោក​ ប៉ែន ចាន់​ធី បាន​បន្ថែមថា ដោយឡែក​នៅ​ទីតាំង​តំបន់​ជុំវិញ​នៃ​កន្លែងកើតហេតុ​ជ្រូក​ងាប់​នេះ ត្រូវបាន​គ្រប់គ្រង​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ រួចហើយ​ដែរ ហើយ​ប្រជាពលរដ្ឋ ក៏​លែង​សូវ​ព្រួយបារម្ភ​ពី​ករណី​ជ្រូក​ងាប់​នេះដែរ​។  

​លោក​ ប៉ែន ចាន់​ធី បាន​បញ្ជាក់ថា​៖«​មេភូមិ មេឃុំ ប្រាប់ថា អត់​មាន​ងាប់​ទៀត​ទេ ហើយ​វា​ជា​អស់ហើយ​។​និយាយ​រួម​អត់​មាន​ជ្រូក​ឈឺ​និង​ងាប់​ទៀត​ទេ​តែ​យើង​នៅ​បន្ត​តាមដាន​បន្ថែមទៀត​»៕