​ភ្នំពេញៈ អ្នកនាំពាក្យ​រង​ក្រសួង​មហា​​ផ្ទៃ លោក ទូច សុ​ខៈ បានឱ្យដឹងថា ក្នុង​រយៈពេល​ ២​ សប្ដាហ៍ គិតពី​ថ្ងៃទី ​២ ដល់​ថ្ងៃទី ​១៤ ខែមករា ឆ្នាំ​ ២០២៤​ នេះ ជន​​សង្ស័យ​ចំនួន ៦៨២ ​នាក់ ​ត្រូវបាន​ឃាត់ខ្លួន​ទាក់ទង​នឹង​បទល្មើស​គ្រឿងញៀន ដែល​បាន​កើតមានឡើង​ចំនួន ​២៩០ ​ករណី​សរុប​ទូទាំងប្រទេស​។​


​លោក ទូច សុ​ខៈ ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៦ ខែមករា​ថា ករណី​ទាំងនេះ ជា​លទ្ធផល​ទូទាំងប្រទេស​ដែល​សមត្ថកិច្ច​គ្រប់ផ្នែក នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រតិ​​ប​ត្តិ​ការ​យ៉ាង​យកចិត្តទុកដាក់ ប្រកប​​ដោយ​ការទទួលខុសត្រូវ​ស្របតាម​នីតិវិធី​ដែល​កំណត់ដោយ​ច្បាប់ និង​មានការ​ចូលរួម​ផ្ដល់ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​។​

​ជនសង្ស័យ​ទាំង ៦៨២​ នាក់​នេះ ត្រូវបាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ទ្រង់ទ្រាយ​ធុន​ល្មម ខណៈ​សមត្ថកិច្ច​ក៏បាន​ចាត់ការ​លើ​ករណី​ជួញដូរ​ទ្រង់ទ្រាយ​ធំ​មួយ​ករណី​ផងដែរ កាលពី​នៅ​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ​ ២០២៤​។ ករណី​ទ្រង់ទ្រាយ​ធំ​នេះ កើតឡើង​នៅ​ច្រករបៀង​អូរ​តា​លឹម ក្នុងភូមិ​សាស្ត្រ ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ព្រះវិហារ​ដោយ​ចាប់យក​វត្ថុតាង​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​​ហ្វេ​តា​មីន (ICE) ១៦០​ កញ្ចប់ ទម្ងន់ ១៥៩ ​គីឡូក្រាម និង​ ៤៤ ៩៨៦ ​ក្រាម និង​គោយន្ត​កន្រ្ដៃ​ ១ ​គ្រឿង ខណៈ​ជន​សង្ស័យ​​ ២ ​រូប ភេទ​ប្រុស​រត់គេចខ្លួន​ពេល​សមត្ថកិច្ច​ចុះបង្ក្រាប​។ 


​លោក​ ទូច សុ​ខៈ បញ្ជាក់ថា​៖ «​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ជាការ​បង្ហាញ​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ពី​សំណាក់​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ បណ្ដា​ស្នងការដ្ឋាន​រាជធានី​ខេត្ត និង​អធិការដ្ឋាន​ក៏ដូចជា​ប៉ុស្តិ៍នគរបាល​នៅ​ទូទាំងប្រទេស ហើយ​ការអនុវត្ត​នេះ​ជា​ទិសដៅ​អាទិភាព​មួយ ក្នុងចំណោម​ទិស​ដៅ​អាទិភាព​ទាំង​ ៦ ដែល​ឧបនាយក​រដ្ឋ​មន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់ចេញ​បន្ទាប់ពី​លោក​បាន​កាន់​តួនាទី​នេះ​»​។

​ទិសដៅ​អាទិភាព​ទាំង​ ៦ ​នោះ​រួមមាន​៖ បញ្ហា​គ្រឿងញៀន បទល្មើស​ព្រហ្មទណ្ឌ​ទូទៅ ក្រុម​ក្មេង​ទំនើង បញ្ហា​ចរាចរណ៍ ការជួញដូរ​មនុស្ស និង​បញ្ហា​នានា​ដែល​កើតឡើង​តាម​បណ្ដា​ព្រំដែន​កម្ពុជា​។​


​ជុំវិញ​បញ្ហា​នេះ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​​ការ​លីកាដូ​ឱ្យដឹងថា បញ្ហា​គ្រឿងញៀន​នៅក្នុង​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ គឺជា​ចំណុច​មួយ​នៃ​ការព្រួយបារម្ភ​ខ្លាំង ព្រោះ​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ធន​ធាន​មនុស្ស និង​ការអភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ទៅ​ថ្ងៃ​អនាគត​។ ជាក់ស្តែង​ជន​ដែល​ជាប់ឃុំ​មាន​ចំនួន​ជាង​ ៥០%​ នៅ​ទូទាំងប្រទេស​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​។​

​លោក​បាន​និយាយថា​៖ «​ការបង្ហាញ​តួលេខ នៃ​ការបង្ក្រាប និង​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ យើង​ឃើញ​ពី​ការបង្កើន​ប្រសិទ្ធភាព​មួយ​ខ្ពស់ តែ​ទោះជា​មានការ​បង្ក្រាប និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ប៉ុន្តែ​បញ្ហា​គ្រឿង​ញៀន​នេះ​នៅតែ​ជា​ក្តីបារម្ភ​មួយ​សម្រាប់​កម្ពុជា​យើង​ផងដែរ​។ មួយទៀត បញ្ហា​គ្រឿងញៀន​នេះ វា​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​ក៏ដូចជា​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ និង​ជនរងគ្រោះ​ដោយ​សារ​គ្រឿងញៀន​កើន​ជា​បន្តបន្ទាប់​»​។​

​សូម​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ផែនការ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​ ៩ រយៈពេល​ ១ ​ឆ្នាំ ចាប់ពី​ថ្ងៃទី ​១ ខែមករា ដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៤​។ ដោយ​មើលឃើញ​ពី​ហានិភ័យ​ដែល​បណ្តាលមកពី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន នៅតែ​បន្ត​រីក​រាលដាល រាជរដ្ឋាភិបាល សម្រេច​បន្ត​រៀបចំ​កសាង​ផែនការ​យុទ្ធ​នា​ការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៩ ឆ្នាំ​ ២០២៤ ដើម្បី​ការពារ និង​បញ្ចៀស​ឱ្យបាន​នូវ​ភាព​រងគ្រោះ​ដោយសារ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​៕