​ភ្នំពេញៈ​ ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​​មនុស្ស​កម្ពុជា​​ (​គ​.​ស​.​ម​.​ក​.) លោក​ កែវ រ៉េមី បានស្នើ​ដល់​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ពិនិត្យ​លទ្ធភាព​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​ជាមួយ ​(​គ​.​ស​.​ម​.​ក​.) ខណៈ​ភាគី​ទាំង​ ២ ​មិនទាន់មាន​កិច្ចសហប្រតិបត្តិការ​ណា​មួយ​នៅឡើយ​។​


​ការស្នើ​របស់​ប្រមុខ​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា​នេះ ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក Igor Driesmans ឯក​​អគ្គរដ្ឋទូត​នៃ​ស្ថាន​ប្រតិភូ​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី ​១៥ ខែមករា ឆ្នាំ​ ២០២៤ ដើម្បី​ជំរុញ​វឌ្ឍនភាព​ការងារ​រវាង​សហ​​ភាព​អឺរ៉ុប​( EU)​ និង​គណៈកម្មាធិការ​នេះ​ក្នុងពេល​អនាគត​។ នេះ​បើ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ស​.​ម​.​ក​.​។​

​ប្រភព​ដដែល​បានឱ្យដឹងថា ក្នុងជំនួប​នោះ លោក កែវ រ៉េមី បានស្នើ​ដល់​ឯកអគ្គរដ្ឋទូត ពិនិត្យ​លទ្ធភាព​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វា​ងគ​.​ស​.​ម​.​ក​.​និង​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា រួមជាមួយ​ OHCHR លើ​វិស័យ​សិទ្ធិមនុស្ស​។​


​ទន្ទឹមនឹង​នោះដែរ លោក កែវ​ រ៉េមី ក៏បាន​លើកឡើង​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ដោយ​ផ្អែក​តាម​គោលការណ៍​ទីក្រុង​ប៉ារីស​និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ជាពិសេស​កិច្ចសហការ​ជាមួយ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​(OHCHR)​ ដែល​បានរៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ចំនួន​ ៣២ ​លើក​រួចមក​ហើយដោយ​មានការ​ចូលរួម​ពី​ផ្នែក​ពាក់ព័ន្ធ​។​

​លោក​ក៏បាន​បញ្ជាក់​ពី​ការចុះ​​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅតាម​កន្លែង​ឃុំឃាំង​ពន្ធនាគារ មណ្ឌល​អប់រំ​កែប្រែ និង​មណ្ឌល​ស្តារនីតិសម្បទា​នានា​ផងដែរ ដែល​លោក​បានបញ្ជាក់​ជារួម​ថា មាន​ស្ថានភាព​ល្អប្រសើរ​។​


​តាមរយៈ​សេចក្តីប្រកាស​ព័​ត៌​មាន​នោះដែរ លោក​ Igor Driesmans បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់គ​ណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា​លើ​ការលើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​បាន​ស្វាគមន៍​ចំពោះ​សំណើ​ពង្រឹង​កិច្ច​សហ​​ប្រតិបត្តិការ​ផ្នែក​សិទ្ធិមនុស្ស​រវាង​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ដែល​រួមសហការ​ជាមួយ OHCHR ផងដែរ​។​

​លោក ប៉ា ប៉ុណ្ណា​រ៉ា​ដា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​បន្ថែម​នៅ​ថ្ងៃទី ​១៦ ខែមករា​ថា មកទល់ពេលនេះ កិច្ចសហប្រតិបត្តិការ​ផ្នែក​សិទ្ធិមនុស្ស​រវាង គ​.​ស​.​ម​.​ក​.​និង​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា គឺ​មិនទាន់មាន​ទេ ហេតុ​នេះហើយ​ទើប​ភាគី​កម្ពុជា​ស្នើឱ្យ​មានការ​ពិនិត្យ​លទ្ធភាព​នេះ​។​

​លោក​បាន​ប្រាប់ថា​៖ «​ជា​ធម្មតា​ដៃគូ​ទាំងអស់​របស់​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា​គឺ​តែង​ផ្តល់​មតិយោបល់​ផ្សេងៗ ព្រោះថា មនុស្ស​ម្នាក់ៗ​នៅ​វិស័យ​មួយៗ​តែងមាន​ការយល់ឃើញ​ជា​ទស្សនៈ​នៅលើ​វិស័យ​សិទ្ធិ​មនុស្ស​ផ្សេងៗ​គ្នា​នៅពេល​យើង​មាន​កិច្ចសហការ​គេ​អាចជួយ​យើង​ផ្នែក​គំនិត និង​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​ដើម្បី​លើកកម្ពស់​និង​ការ​ពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​»​។​

​លោក ​អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ ក៏បាន​លើកឡើង​ដែរ​ថា ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស​កន្លងមក សហភាព​អឺរ៉ុប​តែង​ទទូច​ឱ្យ​កម្ពុជា​ស្តារ​លទ្ធិ
​ប្រជាធិបតេយ្យ​។​

​លោក​បាន​បន្តថា​៖ «​ជំនួប​រវាង​តំណាង​សហភាព​អឺរ៉ុប និង​ប្រមុខ​សិទ្ធិមនុស្ស​កម្ពុជា​នេះ​ជា​ជំហាន​មួយ​ដើម្បី​ជជែក​គ្នា​ទៅលើ​ការកែលម្អ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ យើង​សង្ឃឹមថា​រដ្ឋាភិបាល​អាណ​ត្តិ​ថ្មី​នេះ​នឹងធ្វើ​ការកែលម្អ​យ៉ាងណា​ឱ្យ​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ដូច​ការ​ចង់ឃើញ​ពី​សហភាព​អឺរ៉ុប​ជាដើម​»​។​

​លោក​បន្ដថា កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​នេះ​គឺជា​រឿង​ល្អ​មួយ ជា​ពិ​​សេស​រវាង​សហភាព​អឺរ៉ុប និង​ស្ថា​​ប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ក៏ប៉ុន្តែ​ដើម្បី​អាចធ្វើឱ្យ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប្រសើរឡើង លុះត្រា​រដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយ​ដ៏​ពិតប្រាកដ​មួយ​៕