​ភ្នំពេញៈ អគ្គលេខាធិការ​អង្គ​​ការ​អន្តរជាតិហ្រ្វង់​កូ​ហ្វូ​នី លោក​​ស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ (Louise MUSHIKIWABO) បានស្នើ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ជួយ​ចែករំលែក​នូវ​បទពិសោធន៍​ក្នុងការ​ថែរក្សា​ស្ថិរភាព សន្ដិភាព ដល់​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​នៅក្នុង​ទ្វីប​អាហ្រ្វិក និង​បណ្ដា​ទ្វីប​ដទៃទៀត ក៏ដូចជា​ប្រទេស​ដែល​មិន​ប្រើប្រាស់​ភា​សា​បារាំង​ផងដែរ​។​


​ការ​ស្នើឡើង​ដូចនេះ ត្រូវបាន​ធ្វើឡើង​នា​ជំនួប​សម្តែង​ការគួរ​​សមរ​វាង​លោកស្រី ​ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ ជាមួយនឹង​លោក​ ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី​​ ១៥ ខែមករា ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី ​១៣-១៩ ខែមករា ឆ្នាំ​ ២០២៤​។​

​យោងតាម​លទ្ធផល​នៃ​ជំនួប​នេះ​បាន​លើកឡើងថា លោកស្រី ​ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដែល​សម្រេចបាន​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​ ក្នុង​រយៈពេល​ ១០០ ​ថ្ងៃ​កន្លងទៅ ហើយ​លោកស្រី​បានបង្ហាញ​នូវ​ការគាំទ្រ​បេក្ខភាព​របស់​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូលហ្រ្វង់កូ​ហ្វូ​នី នៅ​ឆ្នាំ ​២០២៦​។ 


​លោកស្រី​បញ្ជាក់ថា​៖ «​សុំឱ្យ​កម្ពុជា​បន្ត​ចូលរួម​ចែករំលែក​បទពិសោធន៍​របស់​កម្ពុជា​ក្នុងការ​ថែរក្សា​ស្ថិរភាព សន្ដិភាព ដល់​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​នៅក្នុង​ទ្វីប​​អាហ្រ្វិក និង​បណ្ដា​ទ្វីប​ដទៃទៀត ក៏ដូចជា​ប្រទេស​ដែល​មិន​ប្រើ​ប្រាស់​ភាសា​បារាំង​ផងដែរ ដែល​នេះ​ជា​អ្វីដែល​កម្ពុជា​ធ្លាប់បាន​ចែករំលែក និង​បង្ហាញ​ភាពល្អ​ប្រសើរ​ក្នុងការ​រួមចំណែក​ថែរក្សា​សន្ដិភាព​ក្នុង​តំបន់ និង​ពិភព​លោក​»​។ 

​មិនតែប៉ុណ្ណោះ លោក​​ស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ ក៏បាន​ស្នើ​ដល់​កម្ពុជា​បន្ត​ការចែករំលែក​បទ​ពិសោធន៍​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងទៀត ក្នុង​បេសកកម្ម​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍ និង​បេសកកម្ម​លើ​ផ្នែក​សំខាន់ៗ​ផ្សេងទៀត ព្រមទាំង​បទពិសោធន៍​នៃ​ការថែរក្សា​វប្បធម៌​នៃ​ការប្រើប្រាស់​ភាសា​បារាំង​ផងដែរ​។​


​ក្នុងឱកាស​នោះដែរ លោក​ ហ៊ុន​​ ម៉ា​ណែ​ត​ ក៏បាន​លើកឡើង​ដែរ​ថា កម្ពុ​ជាមាន​មោទនភាព​ដែល​បាន​បន្ត​ថែរក្សា​មរតក ក៏ដូចជា​វប្បធម៌ ប្រើប្រាស់​ភាសា​បារាំង និង​មាន​ទំនាក់ទំនង និង​កិច្ចសហការ​ល្អជា​មួយ​បណ្ដា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​។ 

​លោក​បាន​ថ្លែងថា​៖ «​ក្នុង​សមាសភាព​គណៈ​រដ្ឋ​មន្ត្រី​ថ្មី នៃ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី៧ មាន​ថ្នាក់ដឹកនាំ​ដែល​អាច​ប្រើប្រាស់​ភាសា​បារាំង ប្រមាណ​ ៤០%​ ដែល​នេះ​បង្ហាញថា កម្ពុជា​នៅតែ​បន្ត​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការរក្សា និង​និយាយ​ភាសា​បារាំង ទាំង​ក្នុង​កិច្ចការរដ្ឋបាល​ជារួម ក៏ដូចជា​ការងារ​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​»​។​

​សូម​រំឭក​ដែរ​ថា នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​ខ្មែរ កាលពី​ថ្ងៃទី ​១៤ ខែមករា ឆ្នាំ ​២០២៤ ក្នុងឱកាស​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​បារាំង លោក ហ៊ុន​ ម៉ា​ណែ​ត បានប្រកាស​ឱ្យដឹងថា នៅ​ឆ្នាំ​ ២០២៦ ខាងមុខ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំ​ពូ​ល្រ​ហ្វង់​កូ​ហ្វូ​នី​ហើយ​ប្រធានាធិបតី​​បារាំង លោក ម៉ា​ក្រុង បានផ្តល់​ការគាំទ្រ​។​

​លោក​ យង់ ពៅ អគ្គលេខា​ធិ​​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា គោលការណ៍​គ្រឹះ​សម្រាប់​ប្រទេស​នៅលើ​ពិភពលោក​នា​បច្ចុប្បន្ននេះ គឺ​ការរក្សា​សន្តិភាព និង​ស្ថិរភាព​សង្គម និង​នយោបាយ​។ 

​ប្រសិនបើ​ប្រទេស ឬ​តំបន់​ពុំមាន​ស្ថិរភាព​នយោបាយ ឬ​សន្តិភាព​ន​យោ​​បាយ​ទេ គឺ​ពុំមាន​អ្វី​ផ្សេងទៀត​យកមក​អភិវឌ្ឍ​សង្គមជាតិ​ទេ កុំថាឡើយ​និយាយ​ដល់​សិទ្ធិមនុស្ស និង​សេរីភាព គឺ​បាត់បង់​ទាំងស្រុង​តែម្តង​។ 

​លោក​បាន​ថ្លែងថា​៖ «​គុណ​តម្លៃ​ដំបូង​ធំ​បំផុត​របស់​ប្រទេស​ដើម្បី​អភិវឌ្ឍ​ទៅមុខ​បាន​គឺ​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ហើយ​ជាការ​ពិត កម្ពុជា​ក្នុង​រវាង​ជាង​ ៥០០ ​ឆ្នាំ​កន្លងទៅនេះ យើង​ទើបតែ​ទទួលបាន​សន្តិភាព ស្ថិរភាព​សង្គម​ពេញ​លេញ​ក្នុង​រង្វង់​ប្រមាណ​ជា​ ២៥ ​ឆ្នាំ ចាប់ពី​ឆ្នាំ​ ១៩៩៨​ មក​»​។​

​លោក យង់ ពៅ បាន​បន្តថា ៖ «​សន្តិភាព ស្ថិរភាព​សង្គម ធ្វើឱ្យ​យើង​ឈាន​មកដល់​ចំណុច​នេះ ហើយ​អាចធ្វើឱ្យ​កម្ពុជា​អាចឈាន​ចូលក្នុង​ឆាក​អន្តរជាតិ ចូលរួម​​ក្នុង​ការងារ​អន្តរជាតិ ចូលរួម​ក្នុងការ​ថែរក្សា​សន្តិភាព​របស់​អន្តរ​ជាតិ​...​។ អ៊ីចឹង​ជា​ទស្សនៈ​ផ្ទាល់ ការថែរក្សា​សន្តិភាព គឺ​ពិតជា​គោលការណ៍​គ្រឹះ​សម្រាប់​ប្រទេស​ជាតិ​នីមួយៗ​»៕​