​សៀមរាបៈ នៅ​ទូទាំង​ខេត្ត​សៀមរាប​បានសម្រេច​នូវ​អត្រា​គ្របដណ្តប់​វិស័យ​អនាម័យ រហូតដល់ ៩៣,៧៣ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២៣ ខណៈដែល​កន្លងមក​ក្រសួង​អភិវឌ្ឍន៍​ជន​​បទ​បានទទួល​ស្គាល់​ខេត្ត​ចំនួន​ ៦​ បាន​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល និង​គ្រោង​ប្រកាស​ទទួលស្គាល់​រាជធានី​​ភ្នំពេញ​មួយទៀត នៅ​ដើមឆ្នាំ​ ២០២៤​ នេះ​។​


​ការបង្ហាញ​លទ្ធ​ផលស​ម្រេច​បាន​នេះ ធ្វើឡើង​តាមរយៈ​សិក្ខាសាលា​ស្ដីពី​ការរៀបចំ​ផែនការ​សកម្មភាព ដើម្បី​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)​ ថ្នាក់​ខេត្ត​កាលពី​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ​ ២០២៤​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពីរ​ដ្ឋ​បាល​ខេត្តសៀមរាប​។​

​លោក ​ទូច ម៉ា​ឡា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នោះ​ថា កាលពី​ឆ្នាំ​ ២០១៣ ខេត្ត​សៀមរាប មាន​អត្រា​គ្របដណ្តប់​ផ្នែកអនាម័យ​មាន​ក្នុង​កម្រិត​តែ ៣៦,៣០​ ភាគរយ ហើយ​ខេត្ត​ក៏​ពុំមាន​ភូមិ ឃុំ ឬ​ស្រុក​ណាមួយ​ក្នុង​ខេត្ត បាន​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាស​កាល​ឡើយ​។​


​លោក​បន្តថា៖ «​ប៉ុន្តែ ១០ ​ឆ្នាំ​ក្រោយនេះ គឺ​ក្នុង​ឆ្នាំ ​២០២៣​ កន្លងទៅនេះ អត្រា​គ្របដណ្តប់​វិស័យ​អនាម័យ​មាន​រហូតដល់ ៩៣,៧៣​ ភាគរយ ក្នុងនោះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែលមាន​បង្គន់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មាន​ចំនួន ២១៣ ១២០​ បង្គន់​,​ផ្ទះ​ដែល​បាន​ប្រើប្រាស់​បង្គន់​រួមមាន​ចំនួន ៨៧ ០៨៩ ​ផ្ទះ និង​ផ្ទះ​ដែល​គ្មាន​បង្គន់​ប្រើប្រាស់​សរុប​មាន​ចំនួន ១៤ ៨៣៥​ ផ្ទះ​»​។

ភូមិ​ដែល​បាន​បញ្ឈប់​ការ​បន្ទោបង់​ពាស​​វាល​ពាសកាល​ (ODF) មាន​ចំនួន ៤០៦ ​ភូមិ ឃុំ​ដែល​បញ្ឈប់​ការ​បន្ទោបង់​ពាស់វាល​ពាស​​កាល​ចំនួន ៣២​ ឃុំ និង​ស្រុក​ដែល​បញ្ឈប់​ការ​បន្ទោបង់​ពាស​វាល​ពាសកាល​មាន​ចំនួន​ ៣​ ស្រុក គឺ​ស្រុក​អង្គរជុំ ស្រុក​ស្រី​ស្នំ និង​ស្រុក​បន្ទាយស្រី​។​


​លោក​ ទូច ម៉ា​ឡា​ បញ្ជាក់ថា​៖ «​ដូច្នេះ​ការលើកកម្ពស់​អនាម័យ​ជនបទ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​រដ្ឋបាលខេត្ត​បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ហើយ​ធ្វើយ៉ាងណា​ឱ្យ​ការ​ផ្គត់ផ្គង់​សេវា​ផ្នែក​នេះ​បាន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​គ្រប់រូប​តាម​ទស្សនវិស័យ​នៅ​ឆ្នាំ ​២០២៥»​។​

​ជាមួយគ្នា​នោះដែរ​លោក ​អ៊ឹង គឹម​លាង ​អភិបាលរង​ខេត្ត​សៀម​រាប ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ដើម្បី​សម្រេចបាន​នូវ​ទស្សន​វិស័យ​ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ទទួលបាន​សេវា​ទឹកស្អាត និង​អនាម័យ​​ ១០០% នៅ​ឆ្នាំ​ ២០២៥ រដ្ឋបាលខេត្ត​លើក​ទឹក​​ចិត្ត​ឱ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក​នីមួយៗ​ត្រូវ​អនុវត្តតាម​ផែនការ​កំណត់​របស់​រា​ជ​រដ្ឋាភិបាល ដោយ​ជំរុញ​ប្រជាពលរដ្ឋ​ធ្វើ​កិច្ច​សន្យា ក្នុងការ​សាងសង់​បង្គ​ន់ និង​បញ្ឈប់​ការ​បន្ទោបង់​ពាស​វាល​ពាសកាល ជាពិសេស​ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​បណ្តែត​ទឹក​។

​លោក​ថ្លែងថា​៖ «​សូម​អាជ្ញាធរ​ក្រុង​-​ស្រុក​ក៏ដូចជា​អាជ្ញាធរ​ឃុំ​-​សង្កាត់​រួមគ្នា​អនុវត្ត​ផែនការ​នេះ ដោយ​ដាក់ចេញ​នូវ​យុទ្ធ​សាស្ត្រ​និង​សកម្មភាព​របស់ខ្លួន ដើម្បី​សម្រេច​ឱ្យបាន​មុន​ឆ្នាំ​ ២០២៥​ ឆ្ពោះទៅ​ដណ្តើម​ជយ​លា​ភី​នៅ​ថ្នាក់ជាតិ​»​។​

​ចំណែក​លោក ពិត ករុណា អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទបានឱ្យដឹង​នៅ​ថ្ងៃទី ​១៦ ខែមករា​ថា មកដល់​បច្ចុប្បន្ន ចំពោះ​ការងារ​វិស័យ​អនាម័យ និង​ទឹកស្អាត​ជនបទ គឺ​ក្រសួង​សម្រេចបាន​ប្រមាណ ៨៥%​ ទូទាំងប្រទេស​។

​ជាមួយនឹង​ការសម្រេចបាន​ទាំងនេះ លោក​ពិត ករុណា​ថ្លែងថា ក្រសួង​ក៏បាន​ដាក់​វិស័យ​ទាំង​ ២ ជា​អាទិភាព​សម្រាប់​ការ​អនុវត្ត​ដើម្បី​ធ្វើយ៉ាងណា​សំដៅ​ដល់​ឆ្នាំ​ ២០២៥ គឺ​ឱ្យ​ប្រជាជនមាន​ទឹកស្អាត​ប្រើប្រាស់ និង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ឱ្យបាន​ ១០០ ​ភាគរយ​។  

​លោក​បញ្ជាក់ថា​៖ «​ក្រសួង​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ចំពោះ​វិស័យ​អនាម័យ និង​ការ​​ផ្គត់ផ្គង់​ទឹកស្អាត​ជនបទ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​ដែល​រស់​នៅ​តំបន់​ជនបទ​ទទួលបានទឹកស្អាត​ក្នុងការ​ប្រើប្រាស់ និង​យល់ដឹង​ពី​សុខភាព អនាម័យ មាន​បង្គន់​ប្រើប្រាស់​គ្រប់​គ្រួ​សារ និង​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ផងដែរ​»​។​

​បើតាម​លោក ពិត ករុណា នៅ​ដើមឆ្នាំ​ ២០២៤​ នេះ​ក្រសួង​នឹង ត្រៀម​ការប្រកាស​រាជធានី​ភ្នំពេញ ដែល​សម្រេចបាន​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាលខណៈ​កន្លងមក​មាន​ខេត្ត​ចំនួន ៦​ ហើយ ដែល​ក្រសួង​បានប្រកាស​ជា​ខេត្ត​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ក្នុងនោះ​មាន​ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្ត​កែប​៕