​ភ្នំពេញៈ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​​ ​(MoU)​ ចំនួន ​៦ រវាង​វិស័យ​ឯកជន​​កម្ពុជា និង​វិស័យ​ឯកជន​បារាំង ដោយ​រំពឹងថា ការចុះ​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ប្រទេស​និយាយ​ភាសា​បារាំង​។​

​អនុស្សរណៈ​យោគយល់ ទាំង​ ៦ រវាង​វិស័យ​ឯកជន​កម្ពុជា និង​វិស័យ​ឯកជន​បារាំង រួមមាន​៖ ១-​​ អនុស្សរណៈ​យោគយល់​រវាង សភាពាណិជ្ជកម្ម​កម្ពុជា និង​សម្ព័ន្ធ​និយោជក ហ្រ្វង់​កូ​ហ្វូ​ន​(APF), ២-​ អនុស្សរណៈ​យោគយល់​រវាង ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុម​​ហ៊ុន Blue Circle, ៣-​ អនុស្សរណៈ​យោគយល់​រវាង​អាកាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោ (OCIC) និង​ក្រុមហ៊ុន Lagardere Travel Retail, ៤-​ អនុស្សរណៈ​យោគយល់​រវាង ក្រុមហ៊ុន OCIC និង Aloest Productions​។ ៥- ​អនុស្សរណៈ​យោគយល់​រវាង ក្រុមហ៊ុន OCIC និង ​Platform Impact (​តំណាង​ដោយ​ក្រុម​ហ៊ុន Ecole 42) និង​៦-​ អនុស្សរណៈ​យោគយល់​រវាង LYP គ្រុប និង​ក្រុមហ៊ុន SEMMARIS​។​


​អង្គភាព​អ្នកនាំពាក្យ​រាជ​រដ្ឋា​​ភិ​បាល​បញ្ជាក់ថា​៖ «​តាមរយៈ​ការ​ចុះ​អនុស្សរណៈ​យោគយល់​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​និយាយ​ភាសា​បារាំង ក៏ដូចជា​ជួយ​គាំទ្រ​ដល់​ធុរកិច្ច​ប្រទេស​និយាយ​ភាសា​បារាំង​តាមរយៈ​ការរៀបចំ​ជំនួប​ពាណិជ្ជ​កម្ម សន្និសីទ សិក្ខាសាលា និង​ព្រឹត្តិការណ៍​ធុរកិច្ច​នានា​»​។​

​នាឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​បារាំង លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លៀត​ចូលរួម​នៅក្នុង​វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា កាលពី​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​ ២០២៤ ដោយ​លោក​បាន​ថ្លែងថា ធុរកិច្ច​បារាំង​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការចាប់​​ផ្តើម និង​ពង្រីក​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​វិស័យ​ដែលមាន​ស្រាប់ និង​វិស័យ​ដែល​អាច​ទាក់ទាញ​​នវានុវត្តន៍ និង​ការវិនិយោគ​។​


​លោក ​ហ៊ុន ម៉ា​ណែ​ត ថ្លែងថា វិស័យ​ទាំងនោះ​មានដូចជា វិស័យ​កសិកម្ម​, កែច្នៃ​ម្ហូបអាហារ​, អគ្គិ​ស​នី និង​អេឡិចត្រូនិក​, ថាមពល​កកើត​ឡើងវិញ​, ការថែទាំ​សុខ​ភាព​, អប់រំ និង​បច្ចេកវិទ្យា​ព័ត៌មាន ក៏ដូចជា វិស័យ​ត្រួស​ត្រាយផ្លូវ ដែល​អាច​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ចាប់ផ្តើម​មុនគេ (first mover advantage) ដូចជា​វិស័យ​យានយន្ត​, នវានុវត្តន៍ និង​បរិវត្ត​កម្ម​ឌីជីថល​, បច្ចេកវិទ្យា​បៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, ការថែទាំ​សុខភាព និង​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​, និង​ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃ​​ប្រឌិត​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា​៖ «​កម្ពុជា​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​វិនិយោគិន​ជាមួយនឹង​ឧ​ត្ត​ម​ភាព​ប្រកួតប្រជែង និង​កាលា​នុ​វត្ត​ភាព​ពិសេស ដែល​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​»​។​

​ចំពោះ​អនុស្សរណៈ​យោគយល់​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សម្ព័ន្ធ​និយោជក ហ្រ្វង់​កូ​ហ្វូ​ន (APF)​ ត្រូវបាន​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១៦ ខែមករា​ថា ការចុះ ​MoU ​នេះ មាន​សារៈ​​សំខាន់​ខ្លាំងណាស់ ព្រោះ​បន្ទាប់ពី​ការចុះ​កិច្ចព្រមព្រៀង​នេះ​ទៅ សភាពាណិជ្ជកម្ម នឹង​បន្ត​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់ហ្រ្វង់​កូ​ហ្វូ​ន ​(APF)​ មកកាន់​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ឆ្នាំ ​២០២៦ យើង​នឹង​រៀបចំ​ពិធី​ជួបជុំ​ដ៏​ធំ​មួយ ដែល​កម្ពុជា​យើង​ជា​ម្ចាស់ផ្ទះ ក្នុងនាម​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​សហ​ការ​ជាមួយ​អង្គការ​ពាណិជ្ជក​ម្មហ្រ្វង់​កូ​ហ្វូ​នី ដែល​ធំដុំ​ណាស់​អាច​ថា ធំ​ជាង​ប្រជុំ​អាស៊ាន​ទៅទៀត ព្រោះ​ជំនួប​នេះ​មាន​ប្រទេស​អាស៊ាន ១០​ បូក​នឹង ​៨០ ​ប្រទេស ដែលជា​ប្រទេស​និយាយ​ភាសា​បារាំង​នេះ​ទៀត​»​។

​លោក​បាន​បន្តថា​៖ «​ដូច្នេះ​នៅពេលនោះ មិនមែនជា​វេទិកា​ធុរកិច្ច​ទេ គឺ​យើង​ហៅថា ជា​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​វិញ​រវាងហ្រ្វង់កូ​ហ្វូ​ន និង​អាស៊ាន​ខណៈ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុងពេល​នោះដែរ ថ្នាក់ដឹកនាំ​រដ្ឋ​ដឹកនាំ​ដោយ​សម្តេច​ធិបតី​ប្រជុំ​ផ្នែក​រដ្ឋាភិបាល ហើយ​សម្រាប់​វិស័យ​ឯកជន​វិញ សភាពាណិជ្ជកម្ម​យើង​តំណាងឱ្យ​វិស័យ​ឯកជន​កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​នេះឯង​»​។

​បើតាម​អនុ​ប្រធានសភា​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​ក៏​បន្ត​បំពេញ​ទស្សនកិច្ច​ក្រុមហ៊ុន​បារាំង និង​ជួបប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​កសាង​ទំនាក់ទំនង និង​ពង្រីក​សកម្មភាព​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ​២​ ផងដែរ​។​

​លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បានលើកឡើង​តាមរយៈ​តេ​ឡេ​ក្រាម​របស់លោក​ថា​៖«​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ស្វាគមន៍​វិនិយោគិន​ពី​គ្រប់​តំបន់​លើ​សកលលោក ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​»​។​

​លោក​បន្តថា កម្ពុជាពោរពេញ​ដោយ​សក្តានុពល​សម្រាប់​វិនិយោគ​ជាច្រើន​ឥត​​គណនា​សម្រាប់​វិនិយោគិន​ធ្វើ​ការបោះ​ទុនវិនិយោគ​ដោយហេតុថា កម្ពុជា​បាន​រក្សាបាន​ស្ថិរ​ភាព​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧​ ភាគរយ ក្នុង​ ១ ​ឆ្នាំ​ ដែល​សម្រេចបាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ ដោយ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) បាន​កើនឡើង​ ១០​ ដង​ពី ​៣,១១ ​ពាន់​លាន​ដុល្លារ​​ក្នុង​ឆ្នាំ​ ១៩៩៨ ដល់ ២៩,៦០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២២​។

​លោក​ ហ៊ុន សែន​ បញ្ជាក់ទៀតថា​៖ «​សម្ទុះ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស (FDI) បាន​កើនឡើង ១៥ ​ដង​ក្នុង​ចន្លោះ​ឆ្នាំ​ ២០០៧-២០២២ យោងតាម​តារាង FDI Standouts Watchlist2024, កម្ពុជា​បាន​ឈរលើ​លេខ​រៀង​ទី​១ ​នៃ​ប្រទេស​ដែលមាន​សម្ទុះ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ​(FDI) ដោយ​ទទួលបាន​ពិន្ទុ Index Score ៩៦,១១ លើ ​១០០»​។​

​រដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច និង​ទស្សនទាន​ច្បាស់លាស់ ក្នុងការ​សម្រេច​បានជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ ២០៥០៕