ភ្នំពេញៈ ​រដ្ឋ​មន្ត្រី​ក្រ​សួង​បរិស្ថាន ​លោក អ៊ាង សុ​ផល្លែត បាន​បង្ហាញ​ក្តី​រំពឹង​ថា នៅ​ក្នុង​ខែ​មិថុនា​និង​កក្កដា ឆ្នាំ ​២០២៤ ​ខាង​មុខ ក្រសួង​​អាច​នឹង​ចែក​កូន​ឈើជូន​ប្រជា​ពលរដ្ឋ​ចំនួន​យ៉ាង​តិច​ ១​ លាន​ដើម​ យក​ទៅ​ដាំ​ដោយ​ឥតគិត​ថ្លៃ ​ក្នុង​យុទ្ធ​នា​ការ​ដាំ​ដើម​ឈើ​យ៉ាង​តិច​ចំនួន ​១ ​លាន​ដើម​ក្នុង​ ១ ​ឆ្នាំ​។​


​អនុ​លោម​តាម​អនុ​សាសន៍​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិ​ស្ថាន​២០២៣-​២០២៨​ ដោយផ្តោត​លើ​ជ្រុង​ចំនួន​៣គឺ​ភាព​ស្អាត ​ភាព​បៃតង​ និង​ចីរភាព​។​

​លោក​អ៊ាង សុផល្លែត បាន​ឱ្យ​ដឹង​ថា ដើម្បី​ទទួល​បាន​នូវ​ភាព​បៃតង​គឺ​ទាំង​អស់​គ្នា​ត្រូវ​រួម​ចំណែក​ធ្វើយ៉ាង​ណា​ដាំ​ដើម​ឈើ​ឱ្យ​បាន​ច្រើន​នៅ​កម្ពុជា​ដើម្បីឆ្ពោះ​ទៅ​សម្រេច​បាន​ការ​បង្កើន​គ​ម្រ​ប​ព្រៃឈើ​ចំនួន​៦០%នៅ​​ឆ្នាំ​២០៥០​។ដើម្បី​សម្រេច​គោល​ដៅ​នេះ​ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​នូវ​
យុ​ទ្ធ​នា​ការដាំ​ដើម​ឈើ​យ៉ាង​តិច​ចំនួន១​លាន​ដើម​ក្នុង១​ឆ្នាំ​។​


​លោក​បាន​លើក​ឡើងតា​មរយៈ​វីដេអូ​ឃ្លី​ប​នៅ​ថ្ងៃទី​១៧ ​ខែមករា​ថា៖ «​ដើម​ឈើ​មាន​ចម្រុះ​ តែ​យើង​នឹង​ចែក​ជូន​ទៅ​ប្រជា​ជន​ឱ្យដាំ​ដើម​ឈើ​ដែល​ស្រប​ទៅ​តាម​ស្ថាន​ភាព​ដី ស្ថាន​ភាព​អាកាស​ធាតុ​។ ឧទាហរណ៍​ដូច​នៅ​ខេត្ត​កំពង់​ស្ពឺ​មាន​សហ​គមន៍​មួយ​ធ្វើ​អាជីវ​កម្ម​ដើម​ឫស្សី​ដោយ​ពួកគាត់​ឡើង​ទៅ​កាប់​ឫ​ស្សី​នៅលើ​ភ្នំ​យកមក​លក់​ឱ្យ​ក្រុម​ហ៊ុនកែច្នៃ​​ធ្វើ​ការ​នាំ​ចេញ​»​។​

​លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា៖«​យើង​ពិនិត្យ​ឃើញថា​ស្ថាន​ភាព​ដី​នៅ​ទីនោះ​ដាំ​ឫស្សី​បាន​ល្អ​អ៊ីចឹ​ង​ហើយ​ក្រសួងបរិ​ស្ថាន​នឹង​ប្រគល់​កូន​ដើម​ឫ​ស្សី​ចំនួន​១០​ម៉ឺន​ដើម​ទៅ​ពួក​គាត់​ដើម្បី​ដាំហើយ​ឫ​ស្សី​នេះ​មាន​ប្រយោ​ជន៍​ច្រើនណាស់​ដែល​ស្រូប​យក​កាបូន​ច្រើន​ ហើយ​វា​ក៏​ចាត់​ទុក​ជា​ប្រភេទ​ព្រៃ​ឈើ​មួយ​ផង​ដែរ​»​។​


​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា រហូត​មក​ទល់​ពេល​នេះ​ក្រសួង​បរិស្ថាន​បាន​ចែក​កូន​ឈើជូ​ន​ប្រជា​ពលរដ្ឋ​ដាំ​ដុះ បាន​ចំនួន​១៤​ម៉ឺន​ដើម​រួច​ហើយ។ជា​មួយ​គ្នានេះ​មន្ទីរ​បរិស្ថាន​នៅ​គ្រប់​ខេត្ត​បាន​បង្កើត​ថ្នាល​បណ្តុះ​កូន​ឈើតា​ម​ខេត្ត​រៀងៗ​ខ្លួន​ផង​ដែរ​។​

​លោក ​អ៊ាង សុផល្លែត បាន​បង្ហាញ​ក្តី​រំពឹង​ថា ៖ «​នៅ​ក្នុង​ខែមិថុនា និង​កក្កដា ឆ្នាំ​២០២៤ ខាង​មុខ កូ​នឈើ​នៅតាម​ថ្នាល់​បណ្តុះ រី​ក​ដុះ​ធំ​ល្មម ហើយ​នឹង​អាច​ចែក​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​យ៉ាង​តិច១​លាន​ដើម​យក​ទៅ​ដាំ ​ដោយ​ឥត​គិត​ថ្លៃ​។ដើម​ឈើ​ដែល​បាន​ដាំ​ដុះ​ទាំង​អស់​នោះ​នៅ​ពេល​ធំធាត់​ទៅនឹង​ស្រូប​យក​កាបូន​ដែល​យើង​អាច​លក់បាន​សម្រាប់​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​និង​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​និង​សេដ្ឋកិច្ច​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​»​។​

​លោក ហេង គឹមហុ​ង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រា​វ និង​តស៊ូ​មតិ​នៃ​សមា​គម​បណ្តាញ​យុវ​ជន​កម្ពុជា (CYN) បាន​គាំទ្រ​ទៅ​ដល់​ក្រសួង​បរិស្ថាន​ដែល​ចែក​កូនឈើ​ទៅដល់​ប្រជា​ពលរដ្ឋ​សម្រាប់​ដាំ​យ៉ាង​ហោច​ណាស់​ក៏​ជា​កា​រដាំ​សម្រាប់​តាំង​លម្អ​ឬក៏​មាន​នូវ​ប្រភេទ​កូនឈើ​កម្រ​មួយ​ចំនួន​ដែរ​ដែល​ផុត​ពូជ​និង​ជិត​ផុត​ពូជ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង ​បាន​ស្គាល់​។

​លោក​បាន​បញ្ជាក់​ថា៖«​ខ្ញុំ​យល់​ថា ការ​ដែល​យើង​ទៅ​ដាំ​កូន​ឈើ​ឡើង​វិញ​នេះ​ជា​ចំណែក​មួយ​ដែរ តែ​មួយ​ទៀត​យើង​ក៏ត្រូវ​ការ​ពារ​និង​ផ្សព្វ​ផ្សាយ​កុំឱ្យ​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​សង្ហា​រិមហើយ​ក្រសួង​ក៏​គួរ​តែ​បង្កើត​យន្ត​ការ​ការពារ​ធ​ន​ធាន​ធម្មជា​តិនិ​ង​ព្រៃឈើ​ឱ្យមាន​ប្រសិទ្ធ​ភាព​ទើប​ជា​រឿង​មួយ​សំខាន់​និង​ធានា​នូវ​និរន្តរ​ភាព​ព្រៃឈើ​និង​ធន​ធានធម្មជាតិ​»​។​

​លោ​កហេង គឹមហុង បាន​បន្ថែមថា​ ប្រសិនបើ​​គ្រាន់​តែ​មាន​ឆន្ទៈ​ក្នុង​កា​រអប់​រំនិង​កា​រផ្ស​ព្វផ្សាយ​ក៏​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ដូច​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ការពារ​និង​ពង្រឹង​វិធាន​ការ​ច្បាប់​បាន​ដែរ​ព្រោះ​កន្លង​មក​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​នៅ​តែ​បន្ត​កើត​មាន​ឡើង ដែល​ជា​សញ្ញា​មួយ​​នៅ​តែ​មាន​ការ​ព្រួយបា​រម្ភ​។​

​សូម​រំឭក​ដែរ​ថា រាជ​រដ្ឋាភិ​បាល​កម្ពុជា ​បាន​ប្រកាស​ឱ្យ​អនុវត្ត​វិធាន​ប្រតិ​បត្តិ​មាត្រា​៦ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស៍​ស្តីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដែល​បាន​ចែង​ពី​ការធ្វើ​អាជីវ​កម្ម​កាបូន​។ការធ្វើ​ពាណិជ្ជ​កម្ម​កាបូន​នេះគឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ដែល​កំពុង​មាន​និន្នា​ការ​លើ​ការ​អភិវ​ឌ្ឍក្នុង​លក្ខ​ខណ្ឌ​គិត​គូរ​ពី​បរិស្ថាន​ដែល​ប្រកប​ដោ​យ​ចីរ​ភាព​៕