កែបៈ ​អាជ្ញា​ធរ​ខេត្ត​កែប​ និង​មន្ទីរ​ពាក់​ព័ន្ធ​កំពុង​រៀបចំ​ផែន​ការ​ ជំរុញ​ការ​ផ្ដល់​សេវា​ចុះ​បញ្ជី​ទូក​នេសាទ​ទៅ​ដល់​មូលដ្ឋាន​របស់​ប្រជា​នេសាទ​ ដើម្បី​បង្កភាព​ងាយ​ស្រួល​ជូន​ប្រជា​ពលរ​ដ្ឋដែល​ធ្វើ​អាជីវ​កម្ម​នេសាទ​ឱ្យមាន​ភាព​ស្របច្បាប់ ​ហើយ​ផល​នេ​សាទ​បាន ក៏​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ​។​


​លោក ​ថឹ​ង បូ​រិ​ន ប្រធាន​មន្ទីរ​កសិ​កម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​កែប ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ​១៧​ ខែមករា​ថា ​តាមរយៈ​កិច្ច​ប្រជុំ​រៀបចំ​ផែន​ការ​នា​ពេល​ថ្មីៗ​នេះ​គឺ​អាជ្ញា​ធរ​ខេត្ត​និង​មន្ទីរ​កសិកម្ម​ក៏ដូច​ជា​មន្ទីរ​សា​ធារណ​ការ​និង​ដឹកជញ្ជូននឹ​ង​គ្រោង​ចុះ​ទៅ​ផ្ដល់​សេវា​ចុះបញ្ជី​ទូក​នេសាទ​របស់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ប្រកប​អាជីវ​កម្ម​នេ​សាទ​នៅ​លើ​ដែន​សមុទ្រ​ខេត្ត​កែប​។ 

​លោក​បាន​បន្ត​ថា ​មុននឹ​ង​ឈាន​ទៅ​ដល់​ការ​ផ្ដល់​សេវា​នេះ​នៅ​មូល​ដ្ឋាន​ តាម​ផែនការ​របស់​អាជ្ញា​ធរ​ខេត្ត ​ខាង​មន្ទីរ​កសិកម្ម ​កំពុង​ជំរុញ​ណែនាំ​ឱ្យ​តំណាង​សហគ​មន៍​នេសាទ​នីមួយៗ​នៅ​ទូទាំង​ខេត្ត​កែប ត្រូវ​ចូលរួម​ជួយ​ផ្សព្វ​ផ្សាយ​ពី​ការ​ចុះ​បញ្ជី​ទូក​នេសាទ​ទៅ​កាន់​ប្រជា​នេសាទ​នៅ​តាម​មូល​ដ្ឋាន​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​និង​មាន​ការ​យល់ច្បាស់​ពី​ការ​ងារ​ចុះ​បញ្ជី​ទូក​នេសា​ទ​នេះ​។

​លោក​បាន​ថ្លែង​ថា​៖«​យើង​ចាប់​ផ្ដើម​ណែនាំ​តំណាង​សហ​គមន៍​នេសាទ​ឱ្យ​គាត់​ជួយ​ព​ន្លឿ​នក្នុង​ការ​ផ្សព្វ​ផ្សាយ​ទៅកាន់​ប្រជា​នេ​សាទ​នៅ​តាម​មូល​ដ្ឋាន​គាត់​និង​ដាក់​ពេល​វេលា​ដើម្បីឱ្យ​យើង​រៀបចំ​ក្រុម​ការងារ​ក្នុងការ​ចុះទៅ​ផ្ដល់​សេវា​ចុះប​ញ្ជី​ទូក​នេ​សាទ​នៅតាម​មូល​ដ្ឋាន​របស់​ពួក​គាត់​។ដូច្នេះ​ផែន​ការ​ដែល​យើង​មាន​គម្រោង​ចុះទៅ​ផ្ដល់​សេវា​នេះ គឺ​យើង​រំពឹង​ថា ​វា​នឹង​ទទួល​បាន​លទ្ធ​ផល​ប្រសើរ​ជាង​ឆ្នាំ​មុន​»​។​


​លោកថឹ​ង បូ​រិ​ន​ ថ្លែង​ថា​ក្រោយពី​ដឹង​ចំនួន​ទូក​នេសាទ​ដែល​កំពុង​ធ្វើ​អាជី​វកម្ម​នេសាទ​នៅលើ​ដែន​សមុទ្រ​ក្នុង​ខេត្ត​កែប​ហើយ ​អាជ្ញាធ​រ​នឹង​កំណត់​ប្រភេទ​ឧបក​រណ៍​នេសាទ​របស់​ប្រជា​ពលរដ្ឋ​ ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង​ពីបទ​ល្មើស​នេសាទ​ផ្សេងៗ​។ 

​ចំពោះ​ការងារ​ផ្ដល់​សេវា​ចុះ​បញ្ជី​ទូក​នេសាទ​នេះ​ដែរ​កន្ល​ងមកគឺ​បាន​រៀបចំឡើ​ង​នៅ​អង្គភាព​ច្រក​ចេញ​-​ចូល​តែមួយ​របស់​សា​លាខេ​ត្ត តែ​លោក​សង្កេត​ឃើញ​មាន​ប្រជា​នេសាទ​តិច​តួច​ណាស់​ដែល​មក​ចុះ​បញ្ជី​ទូក​នេសាទ​។​


​បើតាម​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កែប មាន​ទូក​នេសាទ​កំពុង​ធ្វើ​អាជី​វកម្ម​នេសាទ​ប្រមាណ​ជា​៥០០​ទូក ក្នុងនោះ​មាន​មួយ​ចំនួន​តិចតូច​បាន​ចុះ​បញ្ជី​រួចរាល់​ហើយ ប៉ុន្តែ​ចំនួន​ជាក់​លាក់​ប៉ុន្មាន​នោះ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ឡើយ ​ព្រោះ​មន្ទីរ​ពាក់​ព័ន្ធ​កំពុង​ចាប់​ផ្ដើម​ជំរុញ​ធ្វើ​កិច្ច​ការ​ងារ​នេះ​។

​ដោយ​ឡែក​​លោក ​សោម​ ពិសិដ្ឋ អភិ​បាល​ខេត្ត​កែប​ ក៏បាន​ឱ្យដឹង​ដែរ​ថា ការ​ជំរុញ​ការងារ​ចុះប​ញ្ជី​ទូក​នេសា​ទ​នេះគឺដើម្បី​ដឹង​អំពី​ចំនួន​ទូក​នេសាទ​និង​ប្រភេទ​ទូក​នេសាទ​ដែល​កំពុង​ធ្វើ​អាជីវ​កម្ម​នេសាទ​ក៏ដូច​ជា​ដឹង​ពី​ប្រភេទ​នៃ​ការប្រើប្រា​ស់​ឧប​ករណ៍​នេសាទ​នៅលើ​​ដែន​សមុទ្រ​ខេត្ត​កែប​។ 

​លោក​បាន​បញ្ជាក់​ថា​៖«​ឥឡូវ​នេះយើ​ង​កំពុង​រៀបចំ​ចង​ក្រង​ផែនកា​រ​ជំរុញ​ការចុះ​បញ្ជី​ទូក​នេសាទ​របស់​ប្រជា​នេសាទ​ដោយ​ត្រូវ​ចាប់​ផ្ដើម​ណែនាំ​ផ្សព្វ​ផ្សាយ​ចាប់ពី​តំណាង​សហ​គមន៍​រហូត​ដល់​យើង​ឈាន​ចុះទៅ​ផ្ដល់​សេវា​ចុះបញ្ជី​ហ្នឹង​នៅ​តាម​មូល​ដ្ឋា​ន​របស់​ប្រជា​នេសា​ទ​»​។​

​នៅ​​ឆ្នាំ​២០២៤​នេះ​ប្រជា​នេសាទ​មិន​ចាំ​បាច់​ពិបាក​ខាត​ពេល​មក​ធ្វើដំណើរ​ចុះបញ្ជី​ទូក​នេសាទ​របស់​ខ្លួន​នៅ​អង្គភាព​ច្រក​ចេញ​-​ចូល​តែ​មួយ​ទៀត​ឡើយ គឺ​អាជ្ញា​ធរ នឹង​ចុះ​ទៅ​ផ្ដល់​សេវា​នេះ​ទៅ​ដល់​មូល​ដ្ឋាន​ក្រោយ​ពី​បង្កើត​ក្រុមការ​ងារ ​និង​រៀប​ចំ​ផែន​ការ​រួច​រាល់​។​

​យោង​តាម​លោក ផន រឹម អ្នក​នាំពា​ក្យ​ក្រសួង​សា​ធារណ​ការ និង​ដឹកជ​ញ្ជូន ធ្លាប់​បាន​ឱ្យដឹង​នា​ពេល​កន្លង​មក​ថា នៅ​ក្នុង​ខេត្ត​ឆ្នេរ​សមុទ្រ​ទាំង​៤​របស់​កម្ពុជា​ដែល​មាន​ ខេត្ត​ព្រះ​សីហនុ​ កោះកុ​ង កំ​ពត និង​ខេត្ត​កែប ​មាន​នាវា​សរុប​ចំនួន​៨០៩៤​គ្រឿង ក្នុង​នោះ​មាន​នាវា​ដឹក​ទំនិញ​ចំនួន​៣៧០​គ្រឿង នាវា​ដឹក​អ្នក​ដំណើរ​១៣៣​គ្រឿង និង​នា​វានេសាទ​៧៥​៩១​គ្រឿង​។ 

​លោក​បាន​បញ្ជាក់​​ថា គិត​មក​ត្រឹម​ឆ្នាំ​២០២៣​កន្លង​មក​ មាន​នាវា​ចុះបញ្ជី​សរុប​ចំនួន២​១២០​គ្រឿង ​ក្នុ​ងនោះ​មាន​ នាវា​ដឹក​ទំនិញ​៤២០​គ្រឿង ​និង​នាវា​ដឹក​អ្នក​ដំណើរ ​២៥៩​គ្រឿង​ និង​នាវា​នេសាទ​១៤៤១​គ្រឿង ។​

​ជា​មួយ​គ្នានេះ​កាលពី​ចុងឆ្នាំ​២០២៣​ក្រសួង​សាធា​រណ​ការនិ​ង​ដឹក​ជញ្ជូនក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ផង​ដែរ ដោយ​ឱ្យ​ប្រជាព​លរ​ដ្ឋជាពិ​សេស​ម្ចាស់​នាវា​ដឹក​ទំនិញ​ដែលមា​ន​ចំណុះ​ផ្ទុក​លើស​ពី៤០​តោន​ដល់១​៥០​តោន និង​នាវា​នេសាទ​ដែលមា​ន​កម្លាំង​ម៉ាស៊ីន​លើស​ពី៩០​សេះដ​​ល់​២៥០​សេះ​ទាំ​ងអ​ស់អា​ចមក​ចុះបញ្ជី​នាវា​របស់​ខ្លួន​បាន​នៅតា​ម​មន្ទីរ​សា​ធារ​ណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ឆ្នេរ​សមុទ្រ​រួមមាន​ ខេត្ត​ព្រះសី​ហនុ កោះកុ​ង កំពត ​និង​ខេត្ត​កែប​​៕