ភ្នំពេញៈ ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកាកោះ ហៅ​ជនសង្ស័យ​ ៤​ នាក់​ឱ្យចូល​ខ្លួន​មក​តុលាការ នៅ​ថ្ងៃទី ​២៤ ខែមករា ឆ្នាំ​ ២០២៤ ដើម្បី​សាកសួរ​ពី​បណ្ដឹង បរិហារកេរ្តិ៍​ជា​សាធារណៈ បរិហារកេរ្តិ៍​តាម​សារព័ត៌មាន និង​ជេរប្រមាថ​ជា​សាធារណៈ ក្រោយពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យស្លាប់​មនុស្ស​ម្នាក់ កាលពី​ខែធ្នូ ឆ្នាំ​២០២៣​។​


​យោងតាម​ដីកាកោះ​របស់​ព្រះរាជអាជ្ញារង សេង ម៉េង​ស្រ៊ុន បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៤​នាក់ មានឈ្មោះ គ្រុយ ឈិ​ញ​លាំង ភេទ​ស្រី​, ឈ្មោះ សំរិទ្ធ សារុន ភេទ​ប្រុស​, ឈ្មោះ សៀង មួយ​អេង ភេទ​ស្រី និង​ឈ្មោះ សៀង សេរី​រដ្ឋា ភេទ​ស្រី​។​

លោក សៀង ប៊ុន​លាង ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ ឈ្មោះ សៀង គីម​ហុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៧ ខែមករា ថា បានទទួល​ដីកា​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ​ដែល​បង្គាប់​ឱ្យ​សមាជិកគ្រួសារ​របស់លោក​ទៅ​បំភ្លឺ​នៅ​តុលាការ​នោះ​។​


លោក សៀង ប៊ុន​លាង បញ្ជាក់ថា​៖«​រឿងនេះ​ខ្ញុំ​មិន​យល់​ដែរ មូលហេតុ​អី​បានជា​ប្តឹង​មក​ខាង​ខ្ញុំ និង​មាន​ដីកា​កោះហៅ​នេះ ខ្ញុំ​អត់​យល់​។ ដីកា​ខ្ញុំ​ទទួលបាន​ហើយ តែ​ខ្ញុំ​មិនដឹង ខ្ញុំ​មិន​យល់ ខ្ញុំ​មិនមាន​យោបល់​អី​ទេ​»​។​

គួររំឭកថា កាលពី​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ មាន​គ្រោះថ្នាក់​ចរាចរណ៍​១​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​Jeep​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ឈ្មោះ សៀង គីម​ហុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្ថិតនៅ​លើផ្លូវ​ ៣១៧ កែង​ផ្លូវ​ ៥៦៦ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ លុះ​រហូតដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ តុលាការ​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​បញ្ជា​ឲ្យ​អ្នកបើករថយន្ដ Jeep​នោះ ចូលខ្លួន​ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​គេចវេះ​មិន​ទទួលខុសត្រូវ​។ បន្ទាប់មក​ជនបង្ក​ឈ្មោះ​ព្រហ្ម វិចិត្រ​សុស​ក្តា បាន​ចូល​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៣៕