ភ្នំពេញៈ​ ឆ្នាំ​ ២០២៤​ នេះ ​ពិធី​បុណ្យ​មាឃ​បូជា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​បរិវេណ​ព្រះ​មហា​សក្យ​មុនី​ចេតិយ ​ភ្នំ​ព្រះរាជ​ទ្រព្យ ​(​ឧ​ដុង្គ​) ស្រុក​ពញា​ឮ​ ខេត្ត​កណ្តាល ​រយៈ​ពេល ​២ ថ្ងៃ នា​ថ្ងៃទី ​២៤ និង​ ២៥ ខែកុម្ភៈ ដោយ​មាន​ព្រះ​សង្ឃ​ និង​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់ ​ព្រឹទ្ធ​សភា រដ្ឋស​ភា រាជ​រដ្ឋ​ភិ​បាល និង​ប្រជា​ពលរដ្ឋ​ចូល​រួម​ប្រារព្ធ​ពិធី​នេះ​ផង​ដែរ​។

​លោក​ ចាយ បូ​រិ​ន រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​ និង​សា​សនា​ បាន​លើក​ឡើង​តាម​រយៈ​សេចក្តី​ណែនាំនៅ​ថ្ងៃទី​១៧​ ខែមករា ឆ្នាំ​២០២៤ ថា ​រាជរដ្ឋាភិ​បាល​បាន​ចាត់​ចែង​រៀបចំ​ពិធី​បុណ្យ​មាឃ​បូជា នៅ​​បរិវេ​ណព្រះ​មហា​សក្យ​មុនី​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យឬ​ភ្នំ​ឧ​ដុង្គដោយ​មាន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ ព្រឹទ្ធ​សភា ​រដ្ឋ​សភា ​រាជ​រដ្ឋា​ភិ​បាល មន្ត្រី​រាជ​ការ​ សាស្ត្រា​ចារ្យ លោក​គ្រូ ​អ្នកគ្រូ សិស្សានុ​សិស្ស និង​ពុទ្ធ​បរិស័ទ​ចូល​រួម​បំពេញ​កុសល​តាម​ប្រពៃណី​​ព្រះពុ​ទ្ធ​សាស​នា​ផង​ដែរ​។​


​លោក​បាន​ឱ្យដឹង​ថា ឆ្នាំ​នេះពិធី​បុណ្យមា​ឃបូជា ​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៤ ​និង​ថ្ងៃទី​២៥ ​ខែកុម្ភៈ​ ឆ្នាំ​២០២៤​។​មាឃ​បូជាគឺជា​បុណ្យ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ព្រះ​ពុទ្ធ​សា​ស​នាដែល​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ហេតុ​ការណ៍​សំខាន់ៗ២​យ៉ាង​គឺ ជា​ថ្ងៃ​ចតុ​រង្គ​សន្និ​បាត និ​ង​ជា​ថ្ងៃ​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​។​

​លោក​ ចាយ បូ​រិ​ន បាន​បញ្ជាក់​ថា៖ «​ដើម្បី​ឱ្យ​ពិធីបុ​ណ្យ មាឃ​បូជា ឆ្នាំ​នេះ​​ មាន​ភាព​ឱឡា​រិក​អធិក​អធម ​សូម​មន្ទីរ​ធម្មការ​និង​សា​សនា គ្រ​ប់​រាជ​ធានី ​ខេត្ត ត្រូវ​បំផុស​ឱ្យ​គ្រប់​វត្ដ​អារាម​រៀប​ចំ​ពិធី​បុណ្យ​មាឃ​បូជា ​ឱ្យបាន​មហោ​ឡារិក ស្រប​តាម​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ជាតិ ​និង​ជ្រើស​រើស​វត្ត​ណា​មួយ​ដែល​មាន​លក្ខណៈ​សម​ស្រប​ប្រារព្ធ​ពិធី​បុណ្យ មាឃ​បូជា ​ជា​ផ្លូវ​ការ​»​។​


​លោក​រដ្ឋ​មន្ត្រីបាន​បន្ថែម​ថា មន្ទីរ​ធម្ម​ការ​និង​សា​សនាត្រូវ​សហ​ការ​ជាមួ​យ​ព្រះ​មេ​គណ ព្រះ​អនុ​គណ ព្រះ​គ្រូ​ចៅ​អធិការ​ អា​ចារ្យ គណៈ​កម្ម​ការ​វត្ត រៀបចំ​បោសសម្អាត ​តុប​តែង​លម្អ​វត្ត​អារាម​ឱ្យ​បាន​ស្អាត​រៀប​ចំ​ពិធី​ចម្រើន​ព្រះ​បរិត្ត ​សម្តែង​ធម៌​ទេស​នា ​ដឹក​នាំ​ពុទ្ធ​បរិស័ទ​ធ្វើ​សមាធិ​វិបស្ស​នា​កម្មដ្ឋាន​ជា​ដើម​ ដើម្បី​សម្អាត​កាយ​ វាចា ​ចិត្ត​។​

​លោក​ ចាយ បូ​រិ​ន បន្តថា៖ «​ត្រូវ​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់កា​រពារ​សុវ​ត្ថិភាព​នៅ​ក្នុង​ពិធី​បុណ្យ និង​អំពាវ​នាវ​សប្បុ​រស​ជនពុទ្ធ​បរិស័ទឱ្យ​អញ្ជើញ​ចូល​រួម​បំពេញ​កុសល​តាម​សទ្ធា​ជ្រះ​ថ្លា​រៀងៗ​ខ្លួន​ដើម្បី​ជា​គុណ​ប្រយោ​ជន៍​ដល់​ការ​ថែ​រក្សា​នូវអត្ត​សញ្ញាណ​ជាតិ ​ប្រពៃ​ណី​ព្រះពុទ្ធ​សា​សនា និង​លើក​កម្ពស់​សីល​ធម៌​សង្គម​»​។​


​អភិ​បាល​ខេត្ត​កណ្តាល​លោក ​គង់ សោ​ភ័​ណ្ឌ ​ធ្លាប់​បាន​ប្រាប់​ឱ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា រដ្ឋ​បាល​ខេត្ត និង​អាជ្ញាធរតែង​តែ​សហ​ការ​ជា​មួយ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្ត​រជាតិរៀបចំ​ពិធី​បុណ្យ​ដ៏​មាន​សារៈ​សំខាន់​នេះ​ជា​រៀង​រាល់​ឆ្នាំ ហើយ​មិន​ខុស​ពី​ឆ្នាំមុនៗ​ដែរ ​រដ្ឋ​បាល​ខេត្ត​នឹង​រៀប​ចំ​ប្រារព្វ​ធ្វើ​ពិធី​នេះ​ឱ្យបាន​អធិក​អធម​៕